ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​តម្កល់​សាលក្រម​ផ្តន្ទាទោស​អ្នកកាសែត​ចំពោះ​ការរាយការណ៍​អំពី​អំពើ​ពុករលួយ


អ្នកកាសែត​ឈ្មោះ អ៊ុង ថាប់រាំង ឈរ​នៅមុខ​សាលាឧទ្ធរណ៍​បាត់ដំបង កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ (FACEBOOK / LICADHO / លីកាដូ)
អ្នកកាសែត​ឈ្មោះ អ៊ុង ថាប់រាំង ឈរ​នៅមុខ​សាលាឧទ្ធរណ៍​បាត់ដំបង កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ (FACEBOOK / LICADHO / លីកាដូ)

តុលាការកំពូល​បាន​សម្រេច​កាល​ពី​ថ្ងៃសុក្រ​តម្កល់​សាលក្រម​ផ្តន្ទាទោស​លើ​អ្នកកាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ​៦ ខែ តែទោស​ត្រូវព្យួរពីបទបរិហារកេរ្តិ៍​ជាសាធារណៈ​ទៅតាម​ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​បាត់​ដំបង​។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ពារ​សិទ្ធិមនុស្ស​លីកាដូ

បើតាម​សេចក្តីប្រកាស​ចុះថ្ងៃទី​២៤ ខែមករា អ្នកកាសែត​លោក ​អ៊ុង​ ថាប់រាំង​ ក៏រង​បទចោទប្រកាន់​មួយទៀត​ គឺ​«បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែល​សម្រេច​ដោយ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ហើយ​ត្រូវបាន​តម្កល់​ទុក​ទាំងស្រុង​ដោយ​សាលាឧទ្ធរណ៍ខេត្តបាត់​ដំបង ចំពោះ​ការ​រាយ​ការណ៍​ព័ត៌មានពាក់​ព័ន្ធនឹង​ការសង្ស័យ​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​មន្ត្រីពីរ​រូប​ដោយ​យោង​តាម​ប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ។

នៅ​ក្នុងការ​ផ្តន្ទាទោស​លោក ​អ៊ុង​ ថាប់រាំង​ សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បង្គាប់​ឲ្យ​អ្នកកាសែត​រូបនេះ​បង់​ប្រាក់​ពិន័យ​ចំនួន​ ២ លាន​រៀល​ (ឬប្រមាណ​ ៥០០ ដុល្លារ​អាមេរិក)។

សេចក្តីប្រកាស​របស់​អង្គការ​លីកាដូបាន​ឲ្យដឹងទៀតថា​ ​បទចោទ​ខាង​លើនេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈបណ្តឹង​របស់​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ និងប្រធាន​សាខា​ពន្ធដារ​ខេត្ត​ បន្ទាប់ពី​អ្នកកាសែតរូបនេះ​បាន​ចុះ​ផ្សាយ​ព័ត៌មានដោយផ្អែក​លើប្រភពប្រជាពលរដ្ឋ​ ដែល​បាន​លើក​ឡើង​ថា​ មន្ត្រីទាំងពីររូប​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ​អត្ថបទនោះ​ត្រូវបាន​ចុះផ្សាយ​តាម​រយៈ​សារព័ត៌មាន​អនឡាញ​ឈ្មោះ ​ខ្មែរ​ជាយដែន។

នាយក​ទទួលបន្ទុកកិច្ច​ការ​ទូទៅ​នៃអង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេថា ​ការ​ផ្តន្ទាទោសលើ​លោក​ ​អ៊ុង​ ថាប់រាំង​ គឺ​ជា​ទម្រង់​នៃ​ការ​គំរាមកំហែង ក្រោម​ហេតុផលថា​ អ្នក​សារ​ព័ត៌​មាន​អាច​ទទួល​ខុសត្រូវចំពោះ​កំហុស​របស់​ខ្លួន​តាម​ច្បាប់​ស្តីពីរបបសារព័ត៌មាន ​ជាជាង​ការ​នាំខ្លួន​មក​ទទួលការ​កាត់​ទោស​នៅចំពោះមុខ​តុលាការ។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​យល់​ថា នេះ​ជា​សារ​មួយ​ធ្វើ​ការ​គំរាមកំហែង​ ឬក៏បំភិត​បំភ័យ​សម្រាប់​អ្នកសារ​ព័ត៌មាន​ផងដែរ​ ពីព្រោះ​យើង​មាន​ច្បាប់​ស្តីពីរបប​សារព័ត៌មាន​ សម្រាប់​ការ​អនុវត្ត​ចំពោះ​អ្នក​សារ​ព័ត៌​មាន​ណា​ ដែល​គាត់​អនុវត្ត​តាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​ទាក់​ទង​នឹងបញ្ហា​អ្នកសារព័ត៌មាន។ លើក​លែង​តែ​អ្នកសារព័ត៌មាន​ហ្នឹង​គាត់​ទៅប្រព្រឹត្ត​បទឧក្រិដ្ឋ​ ឬក៏បទ​មជ្ឈិម ​ដែលវា​ខុស​នឹង​ច្បាប់​មិន​មែន​ជា​ជំនាញ​ឬក៏​វិជ្ជាជីវៈ​របស់​គាត់​»។

នាយកប្រតិបត្តិនៃ​សមាគម​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា ​លោក ណុប​ វី យល់ឃើញ​ថា អ្នក​សារព័ត៌​មាន​នៅតែប្រឈម​នឹងការប្តឹងផ្តល់​ ចំពោះ​ការ​រាយការណ៍អំពីបញ្ហា​មិន​ប្រក្រតីមួយចំនួន​ ដូចជា​ការរំលោភ​បំពាន​ច្បាប់​ ឬបទ​ល្មើស​ផ្សេង​ៗ​។ លោក​បន្ថែមថា​ ទំនោរនៃការប្តឹង​ផ្តល់​នៅ​បន្ត​កើន​ឡើង​។

លោកថ្លែងថា៖​ «ជាក់ស្តែង​ យើង​ឃើញថា របាយការណ៍​ដែល​ខេមបូចា​បាន​កត់ត្រានេះ​គឺថា​ យើង​ឃើញ​ករណី​នៃ​ការ​ប្តឹង​ផ្តល់​ផ្លូវ​ច្បាប់នេះ​គឺ​មានការ​កើន​ឡើង​ ជាពិសេស​នៅក្នុង ៦ ខែចុង​ឆ្នាំ​ ២០២៤​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ ៦ ខែចុង​ឆ្នាំ​ ២០២៣​។ របាយការណ៍​ឃើញ​មាន​ការ​កើនឡើង​ស្ទើរ​តែ​ ១០០ ភាគរយ។ មួយ​ចំណែក​ទៀត​ បើសិន​ជាយើង​ពិនិត្យ​មើល​ទៅ​គឺ​ទាក់​ទង​ជាមួយ​នឹង​មូលហេតុ​ផ្សេង​ៗដែល​ជំរុញ​ឲ្យ​មាន​ការ​កើនឡើង​នេះ​ គឺ​ទាក់​ទង​ជាមួយ​នឹង​ការប្រើ​ប្រាស់​នូវ​ច្បាប់ដែល​ជា​កត្តា​គំរាម​កំហែង ជាពិសេស​គឺ​ច្បាប់​ស្តីពីក្រម​ព្រហ្ម​ទណ្ឌ​ហ្នឹង​ នៅតែ​ជា​ច្បាប់​មួយ​ដែល​ប្រើ​ប្រាស់ពេញ​និយម​ ដើម្បី​ធ្វើ​ការ​ចោទប្រកាន់ទៅ​លើ​អ្នក​សារព័ត៌មាន​នៅក្នុងរយៈពេល​នេះ»។

បើតាម​លោក ណុប វី​ ភាគី​ពាក់ព័ន្ធ​ក្នុងវិស័យសារព័ត៌មាន ជាពិសេស​អ្នកកាសែត​គួរ​អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ដើម្បីបញ្ចៀស​ការប្តឹងផ្តល់​ ហើយគួរ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់មួយចំនួន​ ដូច​ជា​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​បានបង្ក​ជា​ក្តីបារម្ភចំពោះការ​ងារ​របស់​អ្នកកាសែត។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំការអត្ថាធិប្បាយពី​លោក​ ​អ៊ុង​ ថាប់រាំង​ តាម​ប្រព័ន្ធ​ទូរសព្ទ​បាន​នៅ​ឡើយ​ទេ។

អនុរដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​ព័ត៌​មាន​ លោក​ ទេព អស្នារិទ្ធ​ ប្រាប់វីអូអេថា ​អ្នក​សារ​ព័ត៌​មាន​ដែល​បាន​ធ្វើខុស​ពី​ក្រប​ខណ្ឌ​ច្បាប់​ស្តីពីរបបសារព័ត៌មាន​ គឺ​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរ​មាន ​ទាំង​រដ្ឋប្ប​វេណី ​និង​ព្រហ្ម​ទណ្ឌ។

លោក​បញ្ជាក់ថា៖ ​«ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ គឺ​មិនអាច​ការពារ​បាន​ទេ ចំពោះអ្នកដែលបាន​ចុះយក​ព័ត៌មាន ផលិត ឬក៏​ផ្សាយ​ព័ត៌មានដោយមិន​បាន​គោរព​ក្រម​សីលធម៌ និង​មិនបានគោរព​ច្បាប់​ត្រឹមត្រូវ»។

បើតាម​លោក​ ទេព អស្នារិទ្ធ ក្រសួង​ព័ត៌​មាន​បាន​បញ្ជូន​មេធាវី​ទៅជួយ​ការពារក្តី​ឲ្យ​អ្នកសារព័ត៌មានរូបនោះផង​ដែរ ក៏​ប៉ុន្តែ​តែសាមីខ្លួន​បាន​រក​មេធាវីការពារ​ក្តី​ដោយ​ខ្លួនឯង​រួច​ទៅ​ហើយ​។ លោក​ថ្លែង​បន្ថែម​ថា ការ​សម្រេច​បែប​ណា​នោះ ​គឺជា​ឆន្ទានុសិទ្ធ​របស់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ទោះ​ជា​យ៉ាងណាក្តី លោក ទេព អស្នារិទ្ធ ធ្លាប់លើកឡើង​កន្លងមកថា​ ​ស្ថានភាព​សេរីភាព​សារព័ត៌​មាន​មាន​ភាពវិជ្ជមាន​ច្រើន​កាលពីឆ្នាំ​ ២០២៤​ ជាពេលដែល​អ្នក​កាសែត​បានបំពេញវិជ្ជាជីវៈ​ដោយ​សុវត្ថិភាព​ ហើយសិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ ទំាងក្នុងនិងក្រៅប្រទេស ក៏​មាន​លក្ខណៈ​ទូលំទូលាយនិងប្រកបដោយជំនឿទុកចិត្តផងដែរ។​ បើតាមអនុរដ្ឋលេខាធិការរូបនេះ នៅកម្ពុជា អង្គ​ភាព​សារព័ត៌​មាន​ចំនួន​ ១.៦២០​ អង្គ​ភាព​សមាគម​សារព័ត៌​មាន ២៦ និង​អ្នក​សារព័ត៌​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ទំនើប​សរុប​ជាង​ ៨​.០០០ ​នាក់​ បាននិងកំពុង​តែបំពេញ​ការងាររបស់​ខ្លួនដោយ​ពេញ​លេញ​និងមាន​សុវត្ថិភាព​ ដោយ​អនុវត្ត​តាម​ក្រម​សីលធម៌​និង​វិជ្ជា​ជីវៈ​សារព័ត៌មាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG