ប្រទេសថៃនៅថ្ងៃសុក្រនេះ បានផ្អាកការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបានផ្អាកការចាក់ជាបណ្តោះអាសន្ន ក្រោយមានសេចក្តីរាយការណ៍ថា មនុស្សខ្លះបានកកឈាមនៅសរសៃ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ពិធីសាធារណៈមួយចូលរួមដោយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើម្បីទទួលការចាក់វ៉ាក់សាំងលើកទី ១ បានត្រូវលុបចោល ខណៈបណ្តាញផ្សាយព័ត៌មានរាប់សិបបានទៅដល់រួចហើយ មិនដល់មួយម៉ោងផង មុនពេលពិធីគ្រោងចាប់ផ្តើម។
ជាជំនួសវិញ ក្រុមមន្ត្រីសុខាភិបាលថៃបានធ្វើសន្និសីទកាសែត ដើម្បីពន្យល់ពីការពន្យារពេលនេះដោយផ្អែកលើការសម្រេចរបស់ប្រទេសដាណឺម៉ាក អូទ្រីស និងប្រទេសផ្សេងទៀត ជាការប្រុងប្រយ័ត្នជាមុន។
អាជ្ញាធរដាណាម៉ាកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនមានភ័ស្តុតាងថា វ៉ាក់សាំង AstraZeneca បាននាំឲ្យមានការកកឈាមនៅសរសៃនោះទេ។
ក្រុមអ្នកជំនាញផ្សេងទៀតបានចង្អុលបង្ហាញថា វ៉ាក់សាំងរាប់លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានចាក់ក្នុងប្រទេសផ្សេងៗទៀត រួមទាំងចក្រភពអង់គ្លេសផង មិនឃើញមានគេរាយកាណ៍ថា បណ្តាលឲ្យមានបញ្ហាកកឈាមនៅសរសៃ ឬបញ្ហាផ្សេងនោះទេ។
លោក Yong Poovorawan ជាទីប្រឹក្សាប្រចាំកម្មវិធីចាក់វ៉ាក់សាំងរបស់ថៃ បាននិយាយថា ការពន្យារពេលនេះ គឺដើម្បីស៊ើបអង្កេតផលប៉ះពាល់ដែលត្រូវបានរាយការណ៍ ហើយនឹងមិនមានប៉ះពាល់ធំដុំដល់ការចែកចាយវ៉ាក់សាំងនោះទេ។
ថៃបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីខែមុន ដោយបានចាក់វ៉ាក់សាំងមុនដំបូងចំនួន ២០០.០០០ ដូសរបស់ក្រុមហ៊ុនចិន Sinovac និងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១១៧.០០០ ដូស ដែលត្រូវបានផលិតនៅក្នុងប្រទេសថៃ។
ប្រទេសថៃមានគោលបំណងចាក់វ៉ាកសាំងចំនួន ១០ លានដូស ក្នុងមួយខែ ដោយចាប់ពីខែមិថុនាទៅ ហើយមានគម្រោងចាក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន យ៉ាងហោចណាស់ក៏ចំនួនពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបនៅចុងឆ្នាំនេះដែរ ថ្វីបើមនុស្សខ្លះនិយាយថា យុទ្ធនាការនេះមានការយឺតយ៉ាវក៏ដោយ៕