ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ បានផ្ដល់ការអនុញ្ញាតឲ្យប្រើនូវវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson។ វ៉ាក់សាំងនេះគឺជាវ៉ាក់សាំងកូវីដ១៩ ទី ៣ ដែលសហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រើប្រាស់។
វ៉ាក់សាំងនេះតម្រូវឲ្យចាក់តែមួយដូសតែប៉ុណ្ណោះ ជាជាង ២ ដូស ដូចវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងដែលផលិតរួមគ្នារវាងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។
តើអ្នកគួរចាក់វ៉ាក់សាំងមួយណា?
អ្នកស្រី Kathleen Neuzil ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍វ៉ាក់សាំងនិងសុខភាពសាកលនៃសាកលវិទ្យាល័យ Maryland បាននិយាយថា៖ «ចាក់វ៉ាក់សាំងណាដែលអ្នកអាចទទួលបានដំបូង។ នេះជាអ្វីដែលខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំ។ វ៉ាក់សាំងទាំងអស់គឺល្អដូចគ្នា»។
ភាគរយនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនេះមានភាពខុសគ្នា ហើយវីរុសកូវីដ១៩ ប្រភេទថ្មី បានធ្វើឲ្យរឿងនេះមានលក្ខណៈស្មុគស្មាញ។
ប៉ុន្តែ អ្នកជំនាញនានាបាននិយាយថា អ្វីដែលសំខាន់បំផុត វ៉ាក់សាំងទាំងនេះគឺសុទ្ធតែមានប្រសិទ្ធភាពនៅក្នុងការជួយអ្នកជំងឺកូវីដ១៩ កុំឲ្យស្លាប់ និងចូលព្យាបាលក្នុងមន្ទីរពេទ្យបាន។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson
ទីភ្នាក់ងារ FDA របស់សហរដ្ឋអាមេរិក បានផ្ដល់ការអនុញ្ញាតឲ្យប្រើនូវវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson កាលពីថ្ងៃសៅរ៍ម្សិលមិញ។
វ៉ាក់សាំងកូវីដ១៩ ពីរផ្សេងទៀត ដែលទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិករួចហើយ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។
ចំណែកឯវ៉ាក់សាំងកូវីដ១៩ ដែលផលិតរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford វិញ កំពុងដាក់ឲ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ទ្វីបអឺរ៉ុប ប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល ម៉ិកស៊ិក និងប្រទេសផ្សេងទៀត។
ទិន្នន័យពិសោធន៍លើមនុស្សនៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson មិនមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ខ្លាំងដូចវ៉ាក់សាំងពីរផ្សេងទៀតដែលដាក់ឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិកនោះទេ។
ទិន្នន័យបង្ហាញថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson នេះ មានប្រសិទ្ធភាពប្រហែល ៦៦% ប៉ុណ្ណោះ ប្រឆាំងនឹងការឆ្លងដែលបណ្តាលឲ្យមានជំងឺកូវីដ១៩ ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ។
ចំណែកឯវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងកូវីដ១៩ ដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech វិញ សុទ្ធតែត្រូវបានរាយការណ៍ថាមានប្រសិទ្ធភាពជាទូទៅប្រហែល ៩៥%។
ប៉ុន្តែ អ្នកជំនាញនានាបានលើកឡើងដោយប្រុងប្រយ័ត្នថា ការសិក្សាស្រាវជ្រាវមិនបានវាស់វែងដូចគ្នាទាំងអស់នោះទេ ហើយមិនគួរមានការប្រៀបធៀបដោយផ្ទាល់នោះដែរ។
អ្នកស្រី Neuzil បាននិយាយថា រឿងដែលសំខាន់បំផុតគឺថាតើវ៉ាក់សាំងទាំងអស់នេះមានប្រសិទ្ធភាពប៉ុណ្ណានៅក្នុងការការពារអ្នកជំងឺកូវីដ១៩ កុំឲ្យមានអាការៈធ្ងន់ធ្ងរ ឬស្លាប់។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «នេះជាអ្វីដែលធ្វើឲ្យយើងមិនហ៊ានចេញទៅណាមកណា។ នេះជាអ្វីដែលធ្វើឲ្យអ្នកជំងឺកូវីដ១៩ ចូលព្យាបាលនៅមន្ទីរពេទ្យ។ ប្រសិនបើយើងអាចបង្ការកុំឲ្យអ្នកជំងឺកូវីដ១៩ មានអាការៈធ្ងន់ធ្ងរបាន ឬក៏អាចកែប្រែអាការៈជំងឺធ្ងន់ធ្ងរទៅជាមិនធ្ងន់ធ្ងរវិញ នោះយើងនឹងអាចឈានកាន់តែជិតទៅរកប្រក្រតីភាពឡើងវិញ»។
ប្រសិនបើផ្អែកលើចំណុចនេះ នោះវ៉ាក់សាំងកូវីដ១៩ ទាំងអស់គឺសុទ្ធតែមានប្រសិទ្ធភាព។ គ្មាននរណាម្នាក់ដែលបានចាក់វ៉ាក់សាំងណាមួយក្នុងចំណោមវ៉ាក់សាំងទាំង ៤ ខាងលើ នៅក្នុងការពិសោធន៍កន្លងមក បានស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ។
នៅក្នុងការពិសោធន៍វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ឬក៏វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គេមិនឃើញមានអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធន៍នេះណាម្នាក់មានអាការៈធ្ងន់ធ្ងរនោះឡើយ ចំណែកឯអ្នកស្ម័គ្រចិត្តចូលរួមក្នុងការពិសោធន៍របស់ក្រុមហ៊ុន Pfizer វិញ គឺមានតែម្នាក់ប៉ុណ្ណោះដែលមានអាការៈធ្ងន់ធ្ងរ។
វីរុសកូវីដ១៩ ប្រភេទថ្មី
គេឃើញមានករណីធ្ងន់ធ្ងរមួយចំនួនតូចប៉ុណ្ណោះនៅក្នុងការពិសោធន៍វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Jonhson។ វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨៥% នៅក្នុងការបង្ការអាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
ប៉ុន្តែ ផ្ទុយពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានទប់ទល់ជាមួយនឹងវីរុសកូវីដ១៩ ប្រភេទថ្មី ដែលមានលក្ខណៈឆ្លងខ្លាំងជាង ដែលលេចឡើងដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
គេនៅមិនទាន់ច្បាស់ទេថាតើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងវ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech មានប្រសិទ្ធភាពប៉ុណ្ណាចំពោះវីរុសកូវីដ១៩ ប្រភេទថ្មីខាងលើ។
វ៉ាក់សាំងទាំងពីរនេះមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទថ្មីខាងលើ នៅក្នុងការពិសោធន៍ក្នុងកែវពិសោធន៍នោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនបានដឹងច្បាស់ថាតើករណីនេះមានន័យថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពតិចជាងមុនក្នុងការការពារមនុស្សពីការឆ្លងវីរុសកូវីដ១៩ ប្រភេទថ្មីនេះ ឬក៏យ៉ាងណោះនោះឡើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ