ក្រសួងការបរទេសថៃបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថាប្រទេសថៃព្រួយបារម្ភអំពីអំពើហិង្សានៅក្នុងផ្នែកជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ានិងចង់ឃើញការអនុវត្តជំហាននានាដែលមេដឹកនាំនៅអាស៊ីអាគ្នេយ៍បានព្រមព្រៀងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាដើម្បីជួយបញ្ចប់ភាពវឹកវរចាប់តំាងពីមានរដ្ឋប្រហារថ្ងៃទី១ខែកុម្ភ:។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្ហាញសញ្ញាតិចតួចនៃការគោរពតាមការមូលមតិគ្នា៥ចំណុចក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននៅក្នុងខែមេសាដែលអំពាវនាវឲ្យបញ្ចប់អំពើហិង្សា ឲ្យមានការចរចានយោបាយនិងការតែងតំាងប្រេសិតពិសេសប្រចាំតំបន់។
អ្នកនាំពាក្យប្រចាំក្រសួងការបរទេសថៃលោក Tanee Sangrat បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«យើងបានតាមដានសភាពការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្ដីបារម្ភយ៉ាងខ្លាំងជាពិសេសចំពោះហេតុការណ៍ហិង្សានៅក្នុងផ្នែកជាច្រើននៃប្រទេសនេះ»។
លោកបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការអំពាវនាវឲ្យបញ្ចប់អំពើហិង្សានិងឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់និង «អនុវត្តតាមការព្រមព្រៀងគ្នា៥ចំណុច»ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមប្រឆាំងរបបយោធាបានសម្តែងការមិនសប្បាយចិត្តចំពោះកង្វះសកម្មភាពតឹងរ៉ឹងរបស់អាស៊ានហើយបាននិយាយថាជំនួបរវាងតំណាងពីរនាក់របស់អាស៊ានជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីថ្ងៃសុក្របានផ្តល់ឱ្យលោកនូវភាពស្របច្បាប់កាន់តែច្រើនប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ។
ប្រទេសថៃមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាវែងជាងប្រទេសដទៃទៀតហើយប្រទេសថៃបារម្ភថាជម្លោះនេះអាចនាំមានការហូរចូលនៃជនភៀសខ្លួនច្រើន៕