ដោយភាពមិនច្បាស់លាស់ថាតើភាគីណាមួយគួរត្រូវទទួលស្គាល់ថាជាតំណាងស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈនោះសមាជិកអង្គការសុខភាពពិភពលោកបានសម្រេចនៅថ្ងៃពុធម្សិលមិញដោយមិនបញ្ចូលប្រទេសមីយ៉ាន់ម៉ាទៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកនោះទេ។
មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤នេះបានទទួលសំណើសុំចូលរួមពីភាគីទាំងពីរក្នុងប្រទេសមីយ៉ាន់ម៉ាគឺរដ្ឋាភិបាលស៊ីវិលដែលត្រូវបានយោធាទម្លាក់ចេញពីអំណាចនិងរបបយោធាដែលឡើងគ្រប់គ្រងអំណាចបច្ចុប្បន្នតាមរយៈការធ្វើរដ្ឋប្រហារកាលពីជិត៤ខែមុនដើម្បីធ្វើជាតំណាងនៅក្នុងមហាសន្និបាតនេះ។
មហាសន្និបាតសុខភាពពិភពលោកដែលជាស្ថាប័នសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់អង្គការសុខភាពពិភពលោកនោះបានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនចាប់ពីថ្ងៃចន្ទកន្លងទៅហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី១ខែមិថុនាខាងមុខនេះ។កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩នៅកំពុងបន្តកើតមាននៅឡើយ។
មានការអំពាវនាវជាទូទៅឲ្យធ្វើកំណែទម្រង់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិក៏ដូចជាការរកវិធីសាស្ត្រជាសាកលណាមួយក្នុងការការពារសុខភាពមនុស្សជាតិនិងដើម្បីជៀសវាងគ្រោះមហន្តរាយក្នុងពេលអនាគត៕