ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ព្រាង​គោលការណ៍​ណែនាំ​អំពី​ការ​ចូលរួម​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន


រូបឯកសារ៖ គ្រួសារ​មួយ​កំពុង​ធ្វើ​ដំណើរ​តាម​ទូក​នេសាទ​របស់​ពួកគេ​តាម​ដង​ទន្លេ​មេគង្គ នៅ​ក្បែរ​ភូមិ​កោះតូច ខេត្ត​កណ្តាល កាលពី​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០១០។
រូបឯកសារ៖ គ្រួសារ​មួយ​កំពុង​ធ្វើ​ដំណើរ​តាម​ទូក​នេសាទ​របស់​ពួកគេ​តាម​ដង​ទន្លេ​មេគង្គ នៅ​ក្បែរ​ភូមិ​កោះតូច ខេត្ត​កណ្តាល កាលពី​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០១០។

ហានិភ័យ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ទាំង​នេះ​នាំ​គ្នា​ព្រាង«​គោល​ការណ៍​ណែនាំ​ថ្នាក់​តំបន់​ សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន»។

រដ្ឋាភិបាល​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ចំនួន​ប្រាំ​នៃ​តំបន់​ទន្លេ​មេគង្គ​រួម​មាន​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​ បាន​មើល​ឃើញ​ពី​ហានិភ័យ​នៃ​ការ​ខូចខាត​ប្រព័ន្ធ​បរិស្ថាន​ពី​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សំណង់​ធំៗ ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ពឹង​ផ្អែក​លើ​សកម្មភាព​នេសាទ​ និង​ការ​ដាំដុះ។

ហានិភ័យ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ទាំង​នេះ​នាំ​គ្នា​ព្រាង«​គោល​ការណ៍​ណែនាំ​ថ្នាក់​តំបន់​ សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន»។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ​នៅ​ក្រៅ​កិច្ច​ប្រ​ជុំ​ពិភាក្សា​លើ​សំណៅ​ព្រាងគោល​ការណ៍​ណែ​នាំ​ស្ដីពី​ការ​ចូល​រួម​ជា​សាធារណៈ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​នា​ថ្ងៃ​សុក្រ​នេះ​ លោក​ស៊ូ សុវុធ​ អនុ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​និយាយ​ថា ការ​កំណត់​ឲ្យ​មាន​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​មាន​ខ្មែរ​ និង​ពលរដ្ឋ​ក្នុង​តំបន់​ទន្លេ​មេគង្គ​នូវ​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជំទាស់​នឹង​គម្រោងដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ដែល​ជា​ប្រយោជន៍​រួម​ក្នុង​សហគមន៍។

«គាត់​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ក្នុង​ការ​តវ៉ា។ ឧទាហរណ៍​ថា នៅ​ក្នុង​តំបន់​ហ្នឹង​គាត់​គិត​ថា​ ព្រៃ​នេះ​គឺ​ជា​ព្រៃ​ដូនតា​របស់​គាត់​ គាត់​ត្រូវ​កប់​ខ្មោច​បងប្អូន​របស់​គាត់​នៅ​កន្លែង​ហ្នឹង​ ដូនតា​របស់​គាត់​ អញ្ចឹង​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ថា​ ឆ្វៀល​កន្លែង​ហ្នឹង​ ដូច​ជា​ប្រសាសន៍​សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ហើយ​កន្លងមក​ គោលការណ៍​ស្បែក​ខ្លា​ ប្អូន​ដែល​ដឹង​ទេ​ គោលការណ៍​ស្បែក​ខ្លា​ហ្នឹង? អញ្ចឹង​ហើយ​ កន្លែង​ណា​ដែល​មាន​ប្រជាជន​ដែល​គោរព​បូជា​ទី​សក្ការ​ជា​បេតិកភណ្ឌ​របស់​ជន​ជាតិ​ហ្នឹង ​យើង​មិន​អាច​ប៉ះពាល់​បាន​ទេ»។

លោក​ ស៊ូ សូវុធ​ អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៦​ អំពី​ការ​ព្រាង​គោលការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ថ្នាក់​តំបន់។
លោក​ ស៊ូ សូវុធ​ អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៦​ អំពី​ការ​ព្រាង​គោលការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ថ្នាក់​តំបន់។

ឯក​សារ​ព្រាង​គោល​ការណ៍​ណែ​នាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​ចូល​រួម​ជា​សាធារណៈ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ មាន​គោលបំណង​ ផ្ដល់​នូវ​ការ​ណែនាំ​សម្រាប់​ការ​អនុវត្ត​ការ​ចូលរួម​ជាសាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ដំណើរការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ដំណើរ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សំដៅ​កាត់​បន្ថយ​ហានិភ័យ​ដល់​គម្រោង​ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ។​

ឯកសារ​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ការ​ចូល​រួម​ជា​សាធារណៈ​ជា​ដំណើរ​ការ​មួយ​ដែល​កើត​ឡើង​ទូទាំង​វដ្ដ​គម្រោង​ទាំងស្រុង​ ដោយ​ចាប់​ផ្ដើម​ពី​ការ​ពិចារណា​អំពី​សមិទ្ធិ​លទ្ធភាព​គម្រោង​រហូត​ដល់​ការ​បិទ​គម្រោង​ និង​ការ​ស្ដារ​សម្បទា​បរិស្ថាន។

ដូច្នេះ​ ឯកសារ​នេះ​បញ្ជាក់​ថា គោលការណ៍​ណែនាំ​នេះ​ផ្ដល់​នូវ​ការ​ណែនាំ​លម្អិត​អំពី​ការ​រចនា​ និង​ការ​អនុវត្ត​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរ​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​រួមមាន​អំពី​ព័ត៌មាន​អ្វី​ដែល​គួរ​ដាក់​ឲ្យ​អាច​រក​បាន​ជា​ទូទៅ​ និង​នៅ​ពេល​ណា​ ព្រម​ទាំង​អំពី​របៀប​ដែល​ត្រូវ​ដាក់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទទួល​បាន​ព័ត៌មាន​ទាំងនោះ​ទៀត​ផង។

រូបឯកសារ៖ លោក​តឹក វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO ​Forum រៀបរាប់​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ទៅកាន់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​តឹក វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO ​Forum រៀបរាប់​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ទៅកាន់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៦។

លោក​ តឹក​ វណ្ណារ៉ា​ នាយក​ប្រតិបត្តិការ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ ប្រាប់​ VOA ​ថា​ គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​ជាច្រើន​ ដូច​ជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច កសិឧស្សាហកម្ម និង​ទំនប់​វារី​អគ្គិសនី​ ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​បាន​បង្ក​ជា​ក្ដី​បារម្ភ​ ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ។

«គោលការណ៍​ណែ​នាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​ចូលរួម​របស់​សាធារណៈ​ជន​ និង​ដំណើរ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នេះ​នឹង​មាន​សារប្រយោជន៍​ ធានា​ថា ​សាធារណជន​នឹង​មាន ​គេ​ហៅ​ថា​មាន​ឱកាស​ក្នុង​ការ​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ នៅ​ក្នុង​ដំណើរ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ដើម្បី​ធានា​ដល់​គុណភាព​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ហ្នឹង​ គឺ​មាន​គុណភាព​ល្អ​ ហើយ​មាន​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព»។

លោក​បន្ត​ថា​ គោលការណ៍​វាយតម្លៃ​ស្ថាន​ភាព​បរិស្ថាន​ថ្នាក់​តំបន់​ដែល​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ និង​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តជាតិ​ជាច្រើន​នេះ​បាន​បង្កើត​ឡើង​ កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥​ ជា​ដំណាក់កាល​ដែល​គោលការណ៍​នេះ​ត្រូវ​បាន​ព្រាង​ក្នុង​ជំហាន​ទី​មួយ។

លោក​បញ្ជាក់​ថា​ កិច្ចពិភាក្សា​ដែល​ធ្វើ​នៅ​កម្ពុជា​នេះ​នឹង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​លើក​ទីពីរ​ ហើយ​ការពិនិត្យ​នេះ​គឺ​ជា​ជំហាន​ចុងក្រោយ​ មុន​ការ​បញ្ជូន​គោលការណ៍​នេះ​ទៅ​ពិភាក្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​២០១៧។

ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ គោលការណ៍​ថ្នាក់​តំបន់​ដែល​កំពុង​ព្រាង​នេះ​ នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចូលរួម​បាន​គ្រប់​ដំណាក់​កាល​នៃ​ការ​ឃ្លាំមើល ដំណើរ​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​អនុវត្តន៍​គម្រោង​វិនិយោគ។

ក៏ប៉ុន្តែ​ ពួកគេ​បាន​លើក​ឡើង​ថា​ ពួក​គេ​ទទួល​បាន​ពន្លឺ​ខ្លះៗ​អំពី​សិទ្ធិ​របស់​ពួកគេ​ ក្នុង​ការ​ចូលរួម​ពិនិត្យ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តាមរយៈ​សេចក្ដី​ព្រាង​នៃ​ការ​បង្កើត​គោលការណ៍​នេះ។

កន្លងមក​ពួកគេ​ពុំបាន​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ចូលរួម​តាមដាន​លើ​កិច្ចការ​សំខាន់​នេះ​ទេ​ ហើយ​ត្រូវ​រងគ្រោះ​ដោយ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ឯកជន​ជាច្រើន​ក្នុង​នោះ​ក៏​មាន​ក្រុម​ហ៊ុន​វិនិយោគ​រុករក​រ៉ែ​មាស​របស់​ចិន​ផង​ដែរ។

លោក​ រម៉ាស​ ស្វែល​ ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ មក​ពីខេត្ត​រតនៈគិរី​ ថ្លែង​ពី​ការ​រងគ្រោះ​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ឯកជន​ ដោយសារ​កង្វះ​ការ​យល់​ដឹង​អំពី​ការ​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន។
លោក​ រម៉ាស​ ស្វែល​ ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ មក​ពីខេត្ត​រតនៈគិរី​ ថ្លែង​ពី​ការ​រងគ្រោះ​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ឯកជន​ ដោយសារ​កង្វះ​ការ​យល់​ដឹង​អំពី​ការ​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន។

លោក រម៉ាស​ ស្វែល​ ជន​ជាតិ​ដើម​ភាគតិច​ចារ៉ាយ​ មក​ពី​ខេត្ត​រតនគិរី​ប្រាប់​ VOA ​ថា៖

«រយៈ​កន្លង​មក យើង​អត់​ដឹង​ យើង​អត់​យល់។ គេ​មក​សម្លុត​ គេ​មក​គំរាម​អី​យើង​ខ្លាច​ ដោយ​សារ​យើង​ខ្វះ​វប្បធម៌​ ខ្វះ​តម្រិះ​វិជ្ជា​ហ្នឹង​ណា៎​ អាហ្នឹង​បាន​យើង​ខ្លាច​គេ។ គេ​បាន​សម្លុត​ហ្នឹង ហើយ​គេ​អត់​បាន​មក​សិក្សា​ គេ​អត់​ផ្ដល់​ដំណឹង។ គេ​គិត​ថា​ ជន​ជាតិ​ដើម​ភាគតិច​ ខ្ញុំ​ចារ៉ាយ​វា​អត់​ដឹង​អី​ គាត់​ជា​មនុស្ស​ល្ងង់​ មនុស្ស​អី​ហ្នឹង​អ្ហា»។

គោល​ការណ៍​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​គឺ​មាន​គោលបំណង​ធានា​ថា​ ការ​ពិចារណា​អំពី​បរិស្ថាន​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ ប្រមើល​ទុក​ និង​ជៀស​វាង​កាត់​បន្ថយ​ឲ្យ​នៅ​កម្រិត​អប្បបរមា​ ឬ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​ជីវ​រូបវន្ត​ សង្គម​ធ្ងន់ធ្ងរ​សំខាន់ៗ និង​ការ​ប៉ះពាល់​ពាក់​ព័ន្ធ​ដទៃ​ទៀត​នៃ​សំណើ​គម្រោង​អភិវឌ្ឍន៍។

គោលការណ៍​នេះ​ក៏​នឹង​ការពារ​ផលិត​ភាព​ និង​សមត្ថភាព​ប្រព័ន្ធ​ធម្មជាតិ​ និង​ដំណើរ​ការ​អេកូឡូស៊ី​ ដែល​ទ្រ​ទ្រង់​មុខងារ​ទាំង​នោះ​ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដែល​មាន​និរន្តរភាព​ និង​បង្កើន​ការ​ប្រើ​ប្រាស់​ធនធាន​ និង​ឱកាស​គ្រប់​គ្រង​ឲ្យ​បាន​ខ្ពស់​បំផុត។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ព្រាង​គោល​ការណ៍​ណែនាំ​ថ្នាក់​តំបន់​សម្រាប់​ការ​ចូលរួម​ជា​សាធារណៈ​ ក្នុង​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន៕

XS
SM
MD
LG