ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថៃ​ទៅ​ប្រទេស​ចិន ខណៈ​ភាព​មិន​ប្រាកដប្រជា​កាន់​តែ​កើន​ឡើង​ក្នុង​ពិភពលោក


នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី Paetongtarn Shinawatra បាន​មក​ដល់កិច្ច​ប្រជុំ​នៅទីក្រុង​បាងកក ប្រទេស​ថៃកាលពីថ្ងៃទី​៤ កុម្ភៈ ឆ្នាំ២០២៥។
នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី Paetongtarn Shinawatra បាន​មក​ដល់កិច្ច​ប្រជុំ​នៅទីក្រុង​បាងកក ប្រទេស​ថៃកាលពីថ្ងៃទី​៤ កុម្ភៈ ឆ្នាំ២០២៥។

នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី Paetongtarn Shinawatra នៅ​ថ្ងៃ​ពុធ​នេះ នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន ដែល​រំពឹង​ថា​នឹង​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។ ទស្សនកិច្ច​នឹង​រួម​បញ្ចូល​ការ​ជួប​ជាមួយ​មេដឹក​នាំ​ចិន​លោក Xi Jinping ហើយ​អ្នក​វិភាគ​ថានាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​ក៏​នឹង​ស្វែងរក​ជំនួយ​ពី​ចិន​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​ទេសចរ​ចិន​ដើម្បី​ទៅ​ទស្សនា​ប្រទេស​ថៃ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Paetongtarn កើត​មាន​ឡើង​ខណៈ​មាន​ការបារម្ភ​កាន់​តែ​ខ្លាំងក្នុង​ចំណោម​អ្នកទេសចរ​ចិន​អំពី​ហានិភ័យ​នៃ​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ។ កាល​ពី​ខែ​មករា​ តួកុន​ក្នុង​ទូរទស្សន៍​របស់​ចិន​ម្នាក់គឺ​លោក Wang Xing ត្រូវ​បាន​ចាប់​ពង្រត់​ពី​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​កន្លែង​បោក​បញ្ឆោត​តាម​អ៊ីនធឺណិត scam នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ជិត​ខាង។​

លោក Rahman Yaacob អ្នកស្រាវជ្រាវ​នៅ​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃវិទ្យាស្ថាន Lowy Institute​ ក្នុង​ប្រទេស​អូស្ត្រាលី​ថ្លែង​ថា៖«ប្រទេស​ចិន​ពិត​ជា​មាន​ការបារម្ភ​ខ្លាំង​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ ជា​ពិសេស​កន្លែងបោកបញ្ឆោត​ scam ដូច្នេះ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ គឺ​ដើម្បី​ធានា​ដល់​ជនជាតិ​ចិន​ថា ជនជាតិ​ថៃ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ scam នេះ‍»។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មន្ត្រី​ពង្រឹង​ច្បាប់​ថៃ​និង​ចិន​បាន​រួម​កម្លាំង​គ្នា​ជា​សាធារណៈ​ដើម្បី​ចុះ​បង្ក្រាប​កន្លែង​ប្រតិបត្តិការ scam រាប់​សិប​កន្លែង​ដែល​មាន​នៅ​តាម​បណ្តោយ​ព្រំដែន​ចិន ថៃ​ និង​មីយ៉ាន់ម៉ា ដោយ​ពួក​គេ​បានចាប់​បុរស​ម្នាក់​ដែល​សង្ស័យ​ថា​ជាប់​ពាក់​ពាន់​នឹង​ការ​ចាប់​ពង្រត់​តួកុន​ចិន​លោក Wang Xing។

ទាំង​មន្ត្រី​ចិន​និង​ថៃ​បាន​យល់ព្រម​គ្នា​ថា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​បង​ធំ scam តាម​អ៊ីនធឺណិត​ទាំង​នេះ ដោយ​រួម​មាន​ការ​បង្កើតមជ្ឈមណ្ឌល​សម្របសម្រួល​នៅ​ទីក្រុង​បាងកក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG