ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ទោះជា​ការ​តវ៉ា​នៅ​បន្ត​ធ្វើ​ក៏ដោយ


ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​​ប្រឆាំង​រដ្ឋាភិបាលថៃ​បាន​លើក​សញ្ញា​ម្រាម​ដៃ ៣ ក្នុង​អំឡុង​បាតុកម្ម​នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។
ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​​ប្រឆាំង​រដ្ឋាភិបាលថៃ​បាន​លើក​សញ្ញា​ម្រាម​ដៃ ៣ ក្នុង​អំឡុង​បាតុកម្ម​នៅ​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​ថៃ​បាន​ដក​បទ​បញ្ជា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ចេញ ទោះបីជា​ការ​តវ៉ា​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​នៅ​បន្ត​ធ្វើ​ក៏​ដោយ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​និស្សិត មាន​សន្ទុះ​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា​មក ដោយ​ភាគ​ច្រើន បាតុករ​វ័យ​ក្មេង​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​Prayut Chan-O-Cha ចុះចេញ​ពី​តំណែង និង​ឲ្យ​មាន​ការ​តាក់តែង​ឡើង​វិញ​នូវ​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំ​ដោយ​ពួក​យោធា​កាល​ពី​ឆ្នាំ ២០១៧។

មេដឹកនាំ​បាតុកម្ម​ខ្លះ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម ដែល​មាន​អំណាច​ខ្លាំង​និង​មាន​ទ្រព្យសម្បត្តិ​ច្រើន ដែល​មាន​ឥទ្ធិពល​ជ្រាប​ចូល​គ្រប់​ស្រទាប់​ទាំង​អស់​នៅ​ក្នុង​សង្គម​ថៃ​ផង​ដែរ។

វិធានការ​ដ៏​តឹងតែង​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នេះ បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលបាន​លើក​សញ្ញា​ម្រាម​ដៃ ៣ ដាក់​ក្បួន​ព្រះ​ទីន័ង​ព្រះ​មហាក្សត្រីយានី ដែល​នេះ​ជា​ការ​ប្រឈម​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​របប​រាជា​និយម។

ក៏ប៉ុន្តែ បម្រាម​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​មនុស្ស​ចាប់​ពី ៤ នាក់​ឡើង​ទៅ មិន​បាន​បង្អាក់​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​រៀងរាល់​ថ្ងៃ​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​បាងកក​ទាមទារ​ឲ្យ​លោក Prayut ចុះចេញ​ពី​តំណែង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ពេល​ប្រុងប្រៀប​ដក​បម្រាម​នេះ​ចេញ លោក Prayuth បាន​ថ្លែង​ថា ប្រទេស​ថៃ​ត្រូវតែ «ថយ​ចេញ​ពី​ការ​ជិត​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល»។

ប៉ុន្តែ មេដឹកនាំ​ក្រុម​បាតុករ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ​ថា ពួកគេ​នឹង​រៀបចំ​ជុំ​ថ្មី​នៃ​ការ​តវ៉ា ប្រសិនបើ​លោក Prayuth មិន​ព្រម​ចុះចេញ​ពី​តំណែង​ក្នុង​អំឡុង​ពេល ៣ ថ្ងៃ​ទៀត៕

XS
SM
MD
LG