មន្ត្រីផ្លូវការក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក គាំទ្រសេរីភាពបញ្ចេញមតិ ពេលមានការចាប់ខ្លួនក្រុមបាតុករថៃ ដែលបានចូលរួមក្នុងការប្រមូលផ្តុំគ្នាតវ៉ាជាច្រើនថ្ងៃមកហើយដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំ និងគ្រប់គ្រងរដ្ឋក្នុងប្រទេសថៃ។
នៅក្នុងសាររបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដែល VOA ទទួលបាន បានបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកចំពោះសេរីភាពបញ្ចេញមតិ សិទ្ធិមនុស្ស និង នីតិរដ្ឋផងដែរ។
«សហរដ្ឋអាមេរិកគាំទ្រសេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើការប្រមូលផ្តុំដោយសន្តិវិធី ដែលនេះ គឺជាធាតុផ្សំសំខាន់សម្រាប់ដំណើរការប្រជាធិបតេយ្យ។ យើងនឹងឃ្លាំមើលព្រឹត្តិការណ៍នានាដែលកើតឡើងក្នុងប្រទេសថៃឲ្យបានដិតដល់ ហើយទទូចដល់គ្រប់ភាគីទាំងអស់បញ្ឈប់សកម្មភាពប្រឆាំងគ្នា»។
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់បន្ថែមថា វាជារឿងសំខាន់ដែលសិទ្ធិមនុស្សសម្រាប់ជនដែលត្រូវចាប់ខ្លួន ឬ ឃុំខ្លួនត្រូវបានគោរព ហើយអ្នកដែលរងបទចោទព្រហ្មទណ្ឌទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ ទទួលបានមេធាវីការពារក្តី ហើយនឹងអនុញាតដល់សមាជិកក្រុមគ្រួសារគេបានចូលជួបពួកគេផងដែរ។
ក្រៅពីរបាយការណ៍ស្តីពីការចាប់ខ្លួនផ្សេងទៀត យ៉ាងតិចមានបាតុករ២នាក់ត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុនដោយសារតែលើកម្រាមដៃបី ជាសញ្ញាប្រឆាំងនៅក្នុងពេលមានក្បួនទីនាំងព្រះមហាក្សត្រិយានីថៃ យាងកាត់កន្លែងបាតុករប្រឆាំងរដ្ឋាភិបាល។ ការរិះគន់និងការប្រឆាំងស្ថាប័នព្រះមហាក្សត្រ និងរាជ្យវង្សថៃ ត្រូវច្បាប់ប្រទេសថៃហាមឃាត់យ៉ាងតឹងរឹង ក្នុងពេលដែលបាតុកររាប់ពាន់នាក់ដែលបានរំលោភបម្រាមមិនឲ្យមានការប្រមូលផ្តុំលើសពី៥នាក់ ដោយសារមានវិបត្តិកូវីដ១៩ឆ្លងរាលដាលនោះ កំពុងធ្វើបាតុកម្មនៅកណ្តាលក្រុងបាងកកជាច្រើនថ្ងៃជាប់គ្នាដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា (Prayuth Chan-Ocha) ចុះចេញពីមុខតំណែង ទាមទារកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល ហើយនឹងការរំលាយសភាថៃផងនោះ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចង់បានការពិភាក្សាស្វែងរកដំណោះស្រាយនយោបាយ តែអះអាងប្រាប់ក្រុមអ្នកយកព័ត៌មានប៉ុន្មានថ្ងៃមុននេះពីការប្តេជ្ញាការពារស្ថាប័នព្រះមហាក្សត្រ៕