ក្រុមអ្នកវិភាគនិយាយថា ចលនាតវ៉ាដែលភាគច្រើនធ្វើឡើងតាមបែបវិមជ្ឈការនៅក្នុងប្រទេសថៃ និងតាមអ៊ីនធឺណិត ដែលកំពុងវិវត្តទៅមុខ នឹងធ្វើឱ្យមានការលំបាកដល់រដ្ឋាភិបាលអភិរក្សនិយមក្នុងប្រទេសថៃ ក្នុងការបង្ក្រាបការទាមទារឱ្យបញ្ចប់អំណាចរាជវង្សនៅក្នុងប្រទេសនេះ។
លោក Anon Nampa ដែលជាមេធាវីសិទ្ធិមនុស្សមួយរូប បានបំបែកបម្រាមរាប់ទសវត្សរ៍មកហើយដោយប្រឆាំងនឹងអំណាចរាជវង្សជាសាធារណៈ នៅក្នុងការតវ៉ាគាំទ្រលិទ្ធិប្រជាធិបតេយ្យមួយ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែសីហា។
នៅក្នុងការតវ៉ាមួយទៀត នៅមួយសប្តាហ៍ក្រោយមក សកម្មជននានាបានបង្ហាញផែនការ ១០ ចំណុចច្បាស់ៗ ដើម្បីធ្វើកំណែទម្រង់រាជានិយម រួមមានទាំងការហាមឃាត់ព្រះបរមរាជវាំងមិនឱ្យបញ្ចេញទស្សនៈនយោបាយ និងធ្វើនិរាករណ៍ច្បាប់បរិហារកេរ្តិ៍ ដែលអាចដាក់ទោសអ្នករិះគន់ព្រះមហាក្សត្រ ឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
ការទាមទាររបស់ពួកគេបានប្តូរគោលដៅវិញ នៅទូទាំងប្រទេសក្នុងការតវ៉ាដែលដឹកនាំដោយសិស្សនិស្សិត ដោយទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មី និងបញ្ចប់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដែលបានដឹកនាំការធ្វើរដ្ឋប្រហារយោធាបានដោយជោគជ័យ នៅក្នុងឆ្នាំ ២០១៤ និងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេគិតជាទូទៅថា ជាការបោះឆ្នោតមានការបន្លំ។
រដ្ឋាភិបាលរបស់លោក Prayut Chan-ocha បានប្រឹងប្រែងស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួន តាមរយៈការសន្យាដើម្បីការពារ និងអភិរក្សរាជានិយម ដែលជនជាតិថៃភាគច្រើននៅតែគោរពស្រឡាញ់ដូចជាព្រះពាក់កណ្តាល។
វ័យក្មេងនិងខ្លាំងក្លា
ជនជាតិថៃវ័យក្មេងមិនសូវគោរពស្រឡាញ់រាជានិយមនោះទេ។ ពួកគេបង្កើតបានជាក្រុមអ្នកតវ៉ាគាំទ្រលិទ្ធិប្រជាធិបតេយ្យ។ ពួកគេមើលឃើញថា ព្រះបរមរាជវាំងបានដើរតួនយោបាយហួសដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីរក្សានូវតួនាទីរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន។
លោក Prayut បានព្រមានអ្នកតវ៉ាឱ្យចៀសវាងរិះគន់រាជវង្ស កាលពីខែមិថុនា និងបាននិយាយថា ពួកគេ «ពិតជាបានធ្វើហួសហេតុពេក» បន្ទាប់ពីការប្រមូលផ្តុំ នៅថ្ងៃទី ១០ ខែសីហា នៅពេលដែលសកម្មជនបានអាននូវផែនការកំណែទម្រង់ទាំង ១០ ចំណុចរបស់ពួកគេ។
ចាប់តាំងពីពេលនោះមក អាជ្ញាធរបានចាប់ខ្លួនសកម្មជនជាង ១២ នាក់ និងបានចោទប្រកាន់ពួកគេពីបទចោទជាច្រើន រាប់ចាប់ពីបទបង្កចលាចល និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស។ លោក Anon ដែលជាមេធាវីសិទ្ធិមនុស្សមួយរូប ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដែរ។
ប៉ុន្តែលោក David Streckfuss ដែលជាបញ្ញវន្តឯករាជ្យនិងជាអ្នកនិពន្ធអំពីប្រវត្តិសាស្ត្រ និងនយោបាយថៃ បាននិយាយថា ការចាប់ខ្លួនទាំងនេះទំនងនឹងមិនបញ្ឈប់ចលនាដែលមើលទៅហាក់ដូចជាមិនមានថ្នាក់ដឹកនាំច្បាស់លាស់មួយនេះនោះទេ។
លោក David Streckfuss បានប្រាប់ VOA ក្នុងសម្តីដើមថា៖ «មនុស្សទាំងនោះជាអ្នកតំណាងនៃចលនា មិនមែនជាថ្នាក់ដឹកនាំដែលអ្នកអាចដកចេញពីថ្នាក់កំពូល ហើយអ្វីៗនឹងស្ងប់ស្ងាត់ទៅវិញនោះទេ»។
លោក Streckfuss បានបន្ថែមទៀតថា ដោយសារតែឥឡូវនេះ «បញ្ហាបានកើតឡើងស៊ីជម្រៅទៅហើយ» រដ្ឋាភិបាលនឹងត្រូវសម្រេចចិត្តថា តើនឹងត្រូវព្យាយាមនិងដោះស្រាយការដេញដោលពីសាធារណជនអំពីរាជានិយម ដែលជាបញ្ហាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឬក៏ធ្វើការបង្ក្រាប។
លោក Streckfuss បាននិយាយក្នុងសម្តីដើមថា៖ «ខ្ញុំចង់និយាយថា វានឹងទាមទារឱ្យមានការគាបសង្កត់ច្រើននៅចំណុចនេះ ដើម្បីបំបិទអ្វីដែលមាននៅក្នុងចិត្តមនុស្សម្នាជាច្រើនអស់រយៈពេលជាងមួយទសវត្សរ៍នេះ»។
ជម្រើសដ៏លំបាកក្នុងការសម្រេចចិត្ត
ក្រុមយោធាថៃបានព្យាយាមធ្វើឱ្យការជំទាស់មានភាពស្ងប់ស្ងាត់កាលពីមុន។ បន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ក្រុមយោធារបស់លោកនាយករដ្ឋមន្ត្រី Prayut បានប្រមូលយកសកម្មជន អ្នកសិក្សាស្រាវជ្រាវ និងអ្នកកាសែត ដែលខ្លួនយល់ថា ជាការគំរាមដល់ខ្លួនដោយទទួលបានជោគជ័យខ្លះៗ។
ក្រុមយោធានេះបន្ទាប់មកបានចំណាយពេល ៥ ឆ្នាំដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៩ ដើម្បីធ្វើឱ្យប្រទេសនេះយ៉ាងហោចណាស់មើលទៅ ដូចជាប្រទេសមានលទ្ធិប្រជាធិបតេយ្យម្តងទៀត។
លោក Streckfuss បាននិយាយថា របបដែលបង្កើតឡើងជាថ្មីរបស់លោក Prayut អាចនឹងស្ទាក់ស្ទើរក្នុងការបោះចោលកម្លាំងទាំងអស់ ដើម្បីធ្វើការចាប់ខ្លួនទ្រង់ទ្រាយធំបន្ថែមទៀត ហើយយ៉ាងហោចណាស់ នឹងធ្វើការពិចារណាឲ្យបានច្បាស់លាស់ថាមុននឹងសម្រេចធ្វើដូច្នេះ។ លោកបានបន្ថែមថា ក៏អាចនឹងមានហានិភ័យដែរ ដោយសារតែការបង្ក្រាបកាន់តែខ្លាំងរបស់អាជ្ញាធរ នឹងធ្វើឱ្យមានការងើបឡើងប្រឆាំង ហើយមានមនុស្សកាន់តែច្រើននឹងចូលរួមជាមួយនឹងក្រុមអ្នកតវ៉ា។
លោក Pavin Chachavalpongpun សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Kyoto ក្នុងប្រទេសជប៉ុនដែលសិក្សាស្រាវជ្រាវលើនយោបាយថៃ បានព្រមានថា ប្រសិនបើការទាមទារឱ្យមានកំណែទម្រង់រាជានិយមបន្តកើនឡើង និងរាលដាលតទៅទៀត ពួកគេអាចនឹងបង្កឱ្យមានអំពើហិង្សា។
លោក Pavin Chachavalpongpun បាននិយាយក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលនឹងបន្តពឹងផ្អែកលើឧបករណ៍ផ្លូវច្បាប់នៅពេលនេះ។ ប៉ុន្តែប្រសិនបើក្រុមសិស្សនិស្សិតបង្កឱ្យមានភាពតានតឹងនៅក្នុងការតវ៉ារបស់ពួកគេ នោះរដ្ឋាភិបាលអាចនឹងប្រើប្រាស់កងកម្លាំង។ ក្រុមសិស្សនិស្សិត [នឹង] មិនរាថយជាមួយនឹងការទាមទាររបស់ពួកគេនោះទេ។ ដូច្នេះ វាគឺជាការសាកល្បងដ៏ល្អបំផុតទៅលើភាពអត់ធ្មត់របស់រដ្ឋាភិបាល»។
លោក Titipol Phakdeewanich ប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Ubon Ratchathani នៅក្នុងប្រទេសថៃ បាននិយាយថា ការចាប់ខ្លួនទាំងនេះនឹងមិនបញ្ឈប់ការទាមទារឱ្យធ្វើកំណែទម្រង់នៅក្នុងការតវ៉ានោះទេ ប៉ុន្តែអាចជួយពន្យឺតការទាមទាររបស់ពួកគេ។ លោកបាននិយាយថា កងកម្លាំងសន្តិសុខនាពេលថ្មីៗនេះបានគំរាមថា នឹងប្តឹងសិស្សម្នាក់ ចំពោះការបង្ហោះនៅលើហ្វេសប៊ុកអំពីរាជានិយម។
អ្នកផ្សេងត្រូវបានគេប្តឹងឬចាប់ខ្លួនរួចហើយ ចំពោះការបង្ហោះមតិយោបល់រិះគន់ ឬគ្រាន់តែចែករំលែកព័ត៌មានអំពីព្រះមហាក្សត្រ Maha Vajiralongkorn។
លោក Titipol បាននិយាយក្នុងសម្តីដើមថា៖ «តាមពិតទៅ ការធ្វើបែបនេះបានធ្វើឱ្យសិស្សនិស្សិតមានការភ័យខ្លាច ចំពោះអ្វីដែលអាចនឹងកើតឡើងចំពោះពួកគេ»។
ទោះជាយ៉ាងនេះក្តី បើប្រៀបធៀបជាមួយការតវ៉ានៅតាមដងផ្លូវ លោកនៅតែយល់ថា អ៊ីនធឺណិតគឺជា «តំបន់មានសុវត្ថិភាព» ដែលនៅលើអ៊ីនធឺណិតនេះ ការនិយាយពីកំណែទម្រង់រាជានិយមបានកើនឡើងយ៉ាងខ្លាំង និងសបញ្ជាក់ថា វានឹងកាន់តែពិបាកក្នុងការបញ្ឈប់។
បដិវត្តន៍ឌីជីថល
នៅថ្ងៃទី ២៤ ខែសីហា ក្រុមហ៊ុន Facebook បានយល់ព្រមចំពោះការទាមទាររបស់រដ្ឋាភិបាលដើម្បីបិទការចេញចូលទៅក្នុងគណនី Royal Marketplace នៅក្នុងប្រទេសថៃ ដែលនេះជាគណនីហ្វេសប៊ុករិះគន់ដល់រាជានិយម ដែលមានសមាជិកជាង ១ លាននាក់។
គណនីនេះបង្កើតឡើងដោយលោក Pavin ដែលអាចនឹងប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវច្បាប់នៅក្រោមច្បាប់បទឧក្រិដ្ឋកម្មកុំព្យូទ័រនៅក្នុងប្រទេសថៃ។ នៅចុងខែកញ្ញានេះ គណនីថ្មីមួយដែលមានឈ្មោះប្រហាក់ប្រហែលនេះបានទាក់ទាញសមាជិកចាស់ៗស្ទើរតែទាំងអស់មកវិញ ដោយទទួលបានការចេញចូលទៅកាន់គណនីនេះ នៅក្នុងប្រទេសថៃ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជនជាតិថៃរាប់ពាន់នាក់ក៏បានផ្លាស់ប្តូរពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើប្រាស់បណ្តាញសង្គមមួយទៀតជំនួស ដែលមានមានឈ្មោះថា Minds ដោយសារអ្នកប្រើប្រាស់កម្មវិធី Twitter ដែលបង្ហោះសាររិះគន់ព្រះមហាក្សត្រត្រូវបានប៉ូលិសទៅរក។ គោលនយោបាយឯកជនភាពថ្មីរបស់កម្មវិធី Twitter ក៏បានបង្កឱ្យមានភាពភ័យខ្លាចថា អាចនឹងមានភាពងាយស្រួលក្នុងការចែករំលែកទិន្នន័យជាមួយនឹងរដ្ឋាភិបាល។
លោកTitipol បាននិយាយក្នុងសម្តីដើមថា៖ «រដ្ឋាភិបាលមិនអាចបញ្ឈប់មនុស្សជំនាន់នេះទាំងស្រុងមិនឱ្យគេគិត ឬស្វែងរកប្រភពព័ត៌មានជំនួសនោះទេ។ វាមិនងាយស្រួលនោះទេក្នុងសតវត្សរ៍ទី ២១ នេះ ដោយសារមានបច្ចេកវិទ្យាគ្រប់ប្រភេទ និងមានបណ្តាញសង្គមផ្សេងៗគ្នាជាច្រើន»។
លោក Arthit Suriyawongkul សហស្ថាបនិកនៃបណ្តាញអ្នកប្រើប្រាស់អ៊ីនធឺណិតថៃ ដែលជាក្រុមតស៊ូមតិ ដើម្បីសិទ្ធិឌីជីថលបាននិយាយថា ការចែករំលែកសារ encrypted ដែលជាប់កូដរារាំងមិនឲ្យមានក៏លួចចូលមើល ឬទាញយកបានធ្វើឱ្យអាជ្ញាធរកាន់តែមានការពិបាក ក្នុងការតាមដាន និងបិទគណនីទាំងនោះ «ដូច្នេះមធ្យោបាយបានផ្លាស់ប្តូរហើយ»។
បើតាមទ្រឹស្តីរដ្ឋាភិបាលអាចបិទការចេញចូលក្នុងបណ្តាញទាំងមូល ដូចនៅក្នុងប្រទេសចិន ឬធ្វើតាមវិធីដែលថៃបានធ្វើជាមួយនឹងបណ្តាញហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីមានរដ្ឋប្រហារក្នុងឆ្នាំ២០១៤។ ប៉ុន្តែលោក Arthit បាននិយាយថា បណ្តាញសង្គមធំៗបានក្លាយជាផ្នែកដ៏សំខាន់ចំពោះអាជីវកម្មថៃ និងចំពោះការឃោសនារបស់រដ្ឋាភិបាលដែលធ្វើឱ្យអាជ្ញាធរមានការស្ទាក់ស្ទើរក្នុងការធ្វើបែបនេះ។
លោក Arthit បាននិយាយថា ការប្រើកម្លាំងបាយ «នឹងមិនមានប្រយោជន៍ទៀតនោះទេ នៅក្នុងដំណាក់កាលថ្មីនៃការប្រើប្រាស់អ៊ីនធឺណិតនេះ»៕