កាលពីថ្ងៃទី៣១ ខែមករា តុលាការធម្មនុញ្ញនៃប្រទេសថៃបានបញ្ជាដល់គណបក្សជឿនលឿននិយមបំផុតនៃប្រទេសនេះគឺគណបក្សឆ្ពោះទៅមុខ ឬ Move Forward ឱ្យបញ្ឈប់ការជំរុញឱ្យ មានកំណែទម្រង់ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដ៏តឹងរ៉ឹង ដែលចាត់ទុករាល់ការជជែកដេញដោលដោយចំហអំពីមុខនាទីរបស់របបរាជាធិបតេយ្យថាជាបទព្រហ្មទណ្ឌ។
តុលាការធម្មនុញ្ញថៃមិនបានរំលាយគណបក្សឆ្ពោះទៅមុខទេ ដោយបានបញ្ចៀសមិនឱ្យមានវិបត្តិនយោបាយកើតឡើងក្រោយនោះភ្លាមៗ។
គណបក្សឆ្ពោះទៅមុខ ឬ Move Forward បានធ្វើឱ្យក្រុមអ្នកកាន់អំណាចរាជានិយមស្រឡាំងកាំងដោយបានឈ្នះឆ្នោតទទួលអាសនៈច្រើនបំផុតក្នុងរដ្ឋសភានៅក្នុងការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣។ តែយ៉ាងណាក៏ដោយ ក៏បក្សនេះត្រូវបានបង្ខំឱ្យទៅជាបក្សប្រឆាំងដោយក្រុមចម្រុះអភិរក្សនិយមដែលគ្រប់គ្រងប្រទេសនៅពេលនេះ។
គណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រពីក្រុមយុវជននិងពួកមនុស្សចាស់ៗដោយសាររបៀបវារៈកំណែទម្រង់របស់ខ្លួន មានរួមការកែប្រែច្បាប់ប្រមាថព្រះចេស្តាដែលអាចនាំឱ្យមានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ក្នុងបទចោទនីមួយៗស្តីពីការប្រមាថស្ថាប័នរាជានិយម។
ច្បាប់នេះការពារស្ថាប័នកំពូលរបស់ប្រទេសថៃ ដឹកនាំដោយព្រះរាជា Maha Vajiralongkorn ដែលដឹកនាំប្រព័ន្ធបរិបាលភាពដែលឧបត្ថម្ភផ្ចុងផ្ដើមប្រទាក់ក្រឡាគ្នាសំខាន់បំផុតរបស់ប្រទេស និងជាព្រះរាជាមួយអង្គក្នុងបណ្តាព្រះរាជាមានធនធានច្រើនក្នុងពិភពលោក។
ពួកអ្នករិះគន់ច្បាប់នេះនិយាយថា វាសម្លាប់សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ តឹងរ៉ឹងពេក និងត្រូវបានយកធ្វើជាអាវុធដោយពួកអភិរក្សនិយមដើម្បីចាប់ក្រុមអ្នកធ្វើយុទ្ធនាការគាំទ្រប្រជាធិបតេយ្យដាក់គុក។ ច្បាប់នេះក៏បានបំបិទមិនឱ្យមានការជជែកដេញដោលគ្នាទូលំទូលាយអំពីកំណែទម្រង់នយោបាយនៅទូទាំងប្រទេសថៃដែលជាប្រទេសមានវិសមភាពបំផុតមួយនៅអាស៊ី។
នៅក្នុងសេចក្តីសម្រេចជាឯកច្ឆន្ទ តុលាការនេះបានថ្លែងថា ការសន្យារបស់គណបក្សឆ្ពោះទៅមុខ នៅពេលបោះឆ្នោតថានឹងកែប្រែច្បាប់នេះ --ដែលត្រូវស្គាល់ក្នុងប្រទេសថាជាមាត្រា១១២នៃក្រមព្រហ្មទណ្ឌ – ត្រូវចាត់ទុកថា ជាការប៉ុនប៉ងដោយសារអធម្មនុញ្ញភាពដើម្បី«រំលំរបបរាជាធិបតេយ្យ»។ តុលាការនេះក៏បានបញ្ជាដល់គណបក្សនេះឱ្យបញ្ឈប់យុទ្ធនាការនេះរបស់ខ្លួនដែរ។
ប្រទេសថៃមានការតស៊ូអំណាចតានតឹងជាច្រើនទសវត្សរ៍មកហើយរវាងក្រុមអ្នកកាន់អំណាចរាជានិយម ដែលពឹងពាក់លើរដ្ឋប្រហារយោធានិងសេចក្តីសម្រេចរបស់តុលាការដើម្បីរក្សាអំណាចរបស់ខ្លួន និងក្រុមសាធារណជនដែលបោះឆ្នោតច្រើនឡើងៗឱ្យពួកគណបក្សលម្អៀងទៅខាងប្រជាធិបតេយ្យ ដែលត្រូវបានរំលាយឬរុញច្រានឱ្យនៅក្រៅឆាក។
គណបក្សឆ្ពោះទៅមុខបានបដិសេធថាខ្លួនមិនបានប្រឹងប្រែងរំលំរបបរាជានិយមទេហើយបានព្រមានថា សេចក្តីសម្រេចនេះដោយតុលាការធម្មនុញ្ញនឹងបើកផ្លូវឱ្យមានការហាមប្រាមបក្សនេះប្រសិនបើក្រុមអភិរក្សនិយមយល់ថាខ្លួនជាការគំរាមកំហែងមួយ។
លោក Pita Limjaroenrat បាននិយាយប្រាប់ពួកអ្នកសារព័ត៌មានក្រោយតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចនេះថា៖ «ខ្ញុំមានកង្វល់ខ្លះនៅក្រោយតុលាការធម្មនុញ្ញធ្វើសេចក្តីសម្រេចនៅថ្ងៃនេះ»។
លោកបានថ្លែងទៀតថា៖ «ទីមួយគឺព្រំដែនរវាងស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័នតុលាការ។ ទីពីរគឺ...ការបាត់បង់ឱកាសសម្រាប់សង្គមថៃក្នុងការប្រើប្រាស់ស្ថាប័នសភាដើម្បីពិភាក្សាបញ្ហានេះដោយភាពចាស់ទុំ»។
កាលពីខែមករា លោក Pita អាយុ៤៣ឆ្នាំបានគេចផុតពីការប៉ុនប៉ងខាងផ្លូវច្បាប់មួយហាមប្រាមមិនឱ្យលោកធ្វើនយោបាយដោយសារលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញព័ត៌មានមួយដែលគ្មានដំណើរការយូរមកហើយ។
ក្រុមអ្នកធ្វើយុទ្ធនាការលម្អៀងទៅខាងប្រជាធិបតេយ្យបាននិយាយថា សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃទី៣១ ខែមករា បង្ហាញថា ពួកអ្នកកាន់អំណាចអភិរក្សនិយមនៅតែគ្រប់គ្រងប្រឆាំងនឹងឆន្ទៈរបស់ក្រុមភាគច្រើន ដូចដែលមានឆ្លុះបញ្ចាំងនៅក្នុងការបោះឆ្នោតពីរលើកចុងក្រោយនេះ។
លោក Attapon Buapat សកម្មជនម្នាក់ដែលបានប្រឈមនឹងការចោទប្រកាន់ក្នុងករណីមាត្រា១១២មួយចំនួន បាននិយាយប្រាប់វីអូអេថា៖ «ការណ៍នេះនាំឱ្យមានការបារម្ភខ្លាំងណាស់»។
លោកបានចោទសួរថា៖ «តុលាការនេះបានពង្រីកអំណាចខ្លួនដល់ចំណុចមួយដែលនៅពេលនេះហាក់ដូចជា[ស្ថាប័នតុលាការ]ក៏គ្រប់គ្រងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ។ ប្រសិនបើដូច្នេះមែន តើយើងអាចមានផ្ទៀងផ្ទាត់តុល្យភាពអំណាចយ៉ាងដូចម្តេចទៅ?»
មនុស្សជាច្រើននាក់បានជាប់ពន្ធនាគារតាមរយៈច្បាប់នេះតាំងពីមានបាតុកម្មគាំទ្រប្រជាធិបតេយ្យដឹកនាំដោយពួកនិស្សិតដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២០ ដោយគូសបញ្ជាក់បញ្ហាកំណែទម្រង់របបរាជាធិបតេយ្យ។
ពួកអ្នកជំនាញព្រមានថា គណបក្សឆ្ពោះទៅមុខនៅតែអាចរងគ្រោះដោយងាយបានដោយសារមានញត្តិមួយសុំឱ្យរំលាយបក្សនេះ ជាមួយសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃទី៣១ខែមករា អាចជាកូនអុកមួយសម្រាប់ពួកអ្នកកាន់អំណាចទុកប្រើនៅពេលបន្ទាប់មក។
តុលាការធម្មនុញ្ញដដែលនេះធ្លាប់បានរំលាយគណបក្សលម្អៀងទៅខាងប្រជាធិបតេយ្យមួយចំនួនរួចទៅហើយ មានរួមគណបក្សអនាគតឆ្ពោះទៅមុខ ឬ Future Forward ដែលជាបក្សមានកំណើតមុនគណបក្សឆ្ពោះទៅមុខ Move Forward ដែលបានទទួលសន្លឹកឆ្នោតគាំទ្រ៦លានក្នុងការបោះឆ្នោតនៅឆ្នាំ២០១៩។
បួនឆ្នាំបន្ទាប់មក គណបក្សឆ្ពោះទៅមុខបានទទួលសន្លឹកឆ្នោតគាំទ្រជិត១៥លាន។
លោក Prinya Thaewanarumitkul ដែលជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក បាននិយាយថា៖ «គណបក្សនានានៅថៃ អាចត្រូវគេរំលាយដោយងាយៗ ដែលនេះបំផ្លាញឧបករណ៍សភាដែលសម្រាប់ក្រុមជនស៊ីវិលដោះស្រាយជាមួយមតិផ្សេងៗគ្នា»។
លោកបានថ្លែងទៀតថា៖ «ប៉ុន្តែប្រសិនបើគណបក្សឆ្ពោះទៅមុខ Move Forward ត្រូវរំលាយ គណបក្សកើតថ្មីបន្តទីបីរបស់បក្សនេះនឹងប្រុងប្រៀបរះឡើង។ វាមិនមែនជាបក្សដែលទាក់ទាញចិត្តប្រជាពលរដ្ឋទេ ប៉ុន្តែទស្សនៈ[កំណែទម្រង់]ជាអ្វីដែលទាក់ទាញនោះ»។
នៅពេលនេះ រដ្ឋាភិបាលថៃត្រូវដឹកនាំដោយ លោក Srettha Thavisin មហាសេដ្ឋីអចលនទ្រព្យ ដែលគណបក្ស Pheu Thai របស់លោកធ្លាប់គាំទ្របុព្វហេតុប្រជាធិបតេយ្យ តែក្រោយមកបានសម្របសម្រួលដើម្បីឱ្យបានកាន់អំណាចនៅក្នុងក្រុមចម្រុះមួយជាមួយក្រុមអភិរក្សនិយម។
គណបក្ស Pheu Thai ថ្លែងថា ខ្លួនចង់ឱ្យមានប្រទេសថៃមួយបើកចំហជាងមុន និងមានសមភាពជាងមុន តែថា របបរាជាធិបតេយ្យមិនអាចត្រូវប៉ះពាល់បានដោយកំណែទម្រង់ណាមួយឡើយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ