ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរថៃបើកឱ្យទេសចរចិនធ្វើដំណើរទៅប្រទេសខ្លួនដោយមិនបាច់សុំទិដ្ឋាការជាអចិន្ត្រៃយ៍


រូបឯកសារ៖ អ្នកទេសចរ​ជនជាតិ​ចិន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin នៅអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ក្នុងខេត្តសមុទ្រប្រាការ ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកទេសចរ​ជនជាតិ​ចិន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin នៅអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ក្នុងខេត្តសមុទ្រប្រាការ ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រីថៃ​លោក Srettha Thavisin ​បាន​និយាយកាល​ពី​ថ្ងៃ​អង្គារថា ​ប្រទេស​លោកនឹងបើក​ឱ្យ​ជនជាតិ​ចិន​ចូលក្នុង​ប្រទេស​ថៃ​ដោយ​មិនបាច់​មាន​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍ ​ចាប់ពី​ខែ​មីនា​ទៅ។

ប្រទស​ថៃបានអនុញ្ញាតឱ្យ​ទេសចរ​ចិនចូល​ក្នុងប្រទេសដោយ​មិនចាំ​បាច់មានទិដ្ឋាការតាំងពី​ខែកញ្ញា​មក តែ​គោលនយោបាយ​នេះនឹង​ផុតកំណត់នៅថ្ងៃទី ២៩ ​ខែកុម្ភៈ។

លោក​នាយក​រដ្ឋមន្ត្រី Srettha ​បាន​ថ្លែង​ថា ​សេចក្តី​សម្រេច​ធ្វើឱ្យ​គោលនយោបាយ​នេះមាន​ភាព​ជា​អចិន្ត្រៃយ៍​មានឡើង ​ក្រោយ​កិច្ចចរចា​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ផ្តល់បុព្វសិទ្ធិ​ដូច​គ្នា​ដល់​ជនជាតិ​ថៃ​ដែលទៅ​ទស្សនា​ប្រទេស​ចិន។

អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន ​លោក Wang Wenbin ​មិនបានបញ្ជាក់ថា សេចក្តី​ប្រកាស​នេះរបស់​លោក Srettha ​ជា​ការពិត​ទេ ​ប៉ុន្តែ​លោក​បាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែតនៅ​ក្រុង​ប៉េកាំង​ថា ​«អាជ្ញាធរមាន​សមត្ថកិច្ច‍» ​នៃ​ភាគី​ទាំង​ពីរ​បាន​«ទាក់ទង​គ្នា​ជិត​ស្និទ្ធ‍»​អំពី​បញ្ហា​នេះ។

ភាគី​ទាំងពីរ​នឹង​អនុញ្ញាត​ឱ្យពួកទេសចរមកពី​ប្រទេស​នីមួយៗស្ថិត​នៅក្នុងប្រទេស​មួយ​ទៀត​រហូត​ដល់ ​៣០ ​ថ្ងៃ ​ក្នុង​ពេល​ទស្សនកិច្ចមួយ​លើក។​

សេចក្តី​សម្រេច​របស់​ប្រទេស​ថៃក្នុង​ការផ្តល់​ឋានៈ​គ្មានទិដ្ឋាការជា​អចិន្ត្រៃយ៍ឱ្យ​ដល់​ក្រុមទេសចរ​ចិន ​មាន​គោលដៅស្តារ​វិស័យ​ទេសចរណ៍ដ៏​សំខាន់​របស់​ប្រទេស។​ ប្រទេសថៃ​បាន​ទទួល​ស្វាគមន៍​ទេសចរ​ ៤០ ​លាន​នាក់ ​ក្នុង​ឆ្នាំ ២០១៩​ ដោយ​មាន ​១១ ​លាន​នាក់​ មក​តែ​ពី​ប្រទេស​ចិន ​ប៉ុន្តែវិស័យ​ទេសចរណ៍បាន​ទ្រុឌទ្រោម​ដោយ​ការរាតត្បាត​ជំងឺកូវីដ​១៩ ​នៅ​ឆ្នាំ ២០២០៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG