ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ស្វែងរក​ពល​ទាហាន​ជើង​ទឹក​៣១​នាក់​ដែល​នៅ​បាត់​ខ្លួន បន្ទាប់ពី​នាវា​ចម្បាំង​មួយ​គ្រឿង​បាន​លិច


នាវា​ចម្បាំង HTMS Sukhothai (សុខោទ័យ) លិច​ចូល​ក្នុង​ឈូង​សមុទ្រ​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៨ ខែធ្នូ ឆ្នាំ២០២២។ (Royal Thai Navy via AP)
នាវា​ចម្បាំង HTMS Sukhothai (សុខោទ័យ) លិច​ចូល​ក្នុង​ឈូង​សមុទ្រ​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ទី ១៨ ខែធ្នូ ឆ្នាំ២០២២។ (Royal Thai Navy via AP)

នាវា​និង​ឧទ្ធម្ភាគចក្រ​ទាហាន​ជើង​ទឹក​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ស្វែងរក​ពល​ទាហាន​ជើង​ទឹក ៣១ នាក់​ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ក្នុង​ពេល​ជាង ១២ ម៉ោង​ក្រោយ​មក បន្ទាប់ពី​នាវា​ចម្បាំង​មួយ​គ្រឿង​បាន​លិច​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ព្យុះ​និង​ខ្យល់​បក់បោក​ខ្លាំង​កាលពី​យប់​មិញ​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

គិត​ត្រឹម​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ​នេះ ពល​ទាហាន​ជើង​ទឹក​ថៃ ៧៥ នាក់​នៃ​នាវា​ចម្បាំង HTMS Sukhothai (សុខោទ័យ) ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ពល​ទាហាន​ជើង​ទឹក ៣១ នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទាហាន​ជើង​ទឹក​ថៃ។

រលក​ខ្ពស់ៗ​ដែល​បាន​បណ្ដាល​ឱ្យ​នាវា​ចម្បាំង​នេះ​លិច​បាន​ថមថយ​ឥទ្ធិពល​តាំងពី​យប់​ថ្ងៃ​អាទិត្យ​មក ប៉ុន្តែ​នៅតែ​មាន​កម្ពស់​ខ្ពស់​គួរសម​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ទូក​តូចៗ​បាន។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ទាហាន​ជើង​ទឹក​ថៃ។

ពល​ទាហាន​ជើង​ទឹក​ម្នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ ដែល​ទូរទស្សន៍ PBS របស់​ថៃ​បាន​សម្ភាសន៍ បាន​និយាយ​ថា លោក​ត្រូវ​បណ្ដែត​ខ្លួន​លើ​ទឹក​អស់​រយៈពេល ៣ ម៉ោង មុន​ពេល​លោក​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ។

លោក​បាន​បញ្ជាក់​ថា នាវា​ចម្បាំង​នោះ​ត្រូវ​បាន​ប៉ះ​ទង្គិច​ដោយ​រលក​កម្ពស់ ៣ ម៉ែត្រ នៅ​ពេល​ដែល​វា​បាន​លិច​កាលពី​យប់​ថ្ងៃ​អាទិត្យ ដែល​ធ្វើ​ឱ្យ​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​កាន់តែ​ពិបាក៕

XS
SM
MD
LG