រយៈពេល ៥ ខែក្រោយមក បន្ទាប់ពីប្រទេសថៃបានក្លាយជាប្រទេសដំបូងគេបង្អស់នៅទ្វីបអាស៊ីដែលបានធ្វើឱ្យរុក្ខជាតិកញ្ជាមានភាពស្របច្បាប់ អ្នកគាំទ្ររុក្ខជាតិនេះកំពុងដុតដៃដុតជើងដើម្បីរក្សាភាពស្របច្បាប់របស់វា ស្របពេលដែលមានការអំពាវនាវឱ្យមានការដាក់រុក្ខជាតិនេះជាសារធាតុញៀនឡើងវិញ។
អ្នកលក់ អ្នកដាំ និងអ្នកប្រើប្រាស់កញ្ឆាបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលនៃរដ្ឋាភិបាលថ្នាក់ជាតិនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ដើម្បីរារាំងកុំឱ្យអាជ្ញាធរដាក់រុក្ខជាតិប្រភេទនេះចូលទៅក្នុងបញ្ជីសារធាតុញៀនដែលត្រូវទប់ស្កាត់នៅក្នុងប្រទេសនេះម្តងទៀត ដោយហេតុថាអ្នកណាដែលប្រើប្រាស់និងចែកចាយសារធាតុញៀននៅក្នុងបញ្ជីហាមឃាត់នេះនឹងទទួលរងនូវការដាក់ពិន័យធ្ងន់ធ្ងរ។
អ្នកស្រី Chokwan Chopaka នៃបណ្តាញពលរដ្ឋសម្រាប់ភាពស្របច្បាប់នៃរុក្ខជាតិកញ្ឆា (People's Network for Cannabis Legislation) ក្នុងប្រទេសថៃ ដែលបានរៀបចំការតវ៉ានេះ បានថ្លែងថា៖ «មានឱកាសខ្ពស់ណាស់ដែលថា កញ្ឆាអាចនឹងក្លាយជារុក្ខជាតិខុសច្បាប់ម្តងទៀត ដូច្នេះឥឡូវនេះគឺជាពេលវេលាដ៏សំខាន់មួយ»។
ក្រុមប្រឹក្សាទប់ស្កាត់សារធាតុញៀនរបស់រដ្ឋាភិបាលថៃបានជួបប្រជុំគ្នាកាលពីថ្ងៃទី២២ ខែវិច្ឆិកាដើម្បីពិភាក្សាលើក្តីបារម្ភអំពីរបាយការណ៍នៃការកើនឡើងខ្លាំងនូវការប្រើប្រាស់កញ្ឆាបែបកម្សាន្តក្នុងចំណោមមនុស្សវ័យជំទង់ចាប់តាំងពីពេលដែលរុក្ខជាតិនេះទទួលបានភាពស្របច្បាប់កាលពីខែមិថុនាមក។
លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា ក្រុមប្រឹក្សានេះនឹងមិន ហើយក៏មិនអាចធ្វើចំណាត់ថ្នាក់លើកញ្ឆាឡើងវិញដូចការបារម្ភរបស់មនុស្សមួយចំនួននោះទេ។
ប៉ុន្តែការគំរាមកំហែងចំពោះឋានៈផ្លូវច្បាប់របស់រុក្ខជាតិនេះនៅតែមាន។
លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលថៃដែលបានគាំទ្រនិងអនុម័តលើការដករុក្ខជាតិនេះចេញពីបញ្ជីសារធាតុញៀននៅតែរក្សាជំហរនេះដដែល។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា គ្រូពេទ្យនិងតំណាងរាស្ត្រមួយក្រុមបានដាក់ញត្តិទៅតុលាការរដ្ឋបាល ដែលអាចសម្រេចលើភាពស្របច្បាប់របស់ក្រឹត្យច្បាប់ណាមួយរបស់រដ្ឋាភិបាលបាន ឱ្យច្រានចោលនូវបទបញ្ជាដំបូងរបស់លោក Anutin និងដាក់ទោសព្រហ្មទណ្ឌឡើងវិញពាក់ព័ន្ធនឹងកញ្ឆា។
លោកAnutin បានជំរុញឱ្យមានភាពស្របច្បាប់សម្រាប់រុក្ខជាតិកញ្ឆាដោយបានសរសើរអំពីផលប្រយោជន៍ផ្នែកសុខភាពរបស់រុក្ខជាតិនេះ និងសន្យាជួយទាញកសិករក្រីក្រឱ្យងើបចេញពីភាពក្រីក្រដោយធ្វើឱ្យរុក្ខជាតិកញ្ឆាក្លាយជាដំណាំដែលអាចរកចំណូលបានច្រើនបំផុតបន្ទាប់របស់ប្រទេសថៃ។
ផលិតផលដែលមានសារធាតុកញ្ឆារាប់ចាប់ពីផលិតផលគ្រឿងសម្អាងរហូតដល់ការ៉េមផលិតក្នុងស្រុកឥឡូវនេះត្រូវបានដាក់លក់នៅលើធ្នើរក្នុងផ្សារទំនើប ហើយឱសថស្ថានថ្មីៗជាច្រើននៅក្នុងទីក្រុងបាងកកតែមួយប៉ុណ្ណោះគឺមានលក់រុក្ខជាតិកញ្ឆាដែលបានទិញពីកសិករនៅទូទាំងប្រទេសដោយថ្លឹងជាបរិមាណ។
អ្នកស្រី Chokwan ដែលជាម្ចាស់ឱសថស្ថានមួយកន្លែងក្នុងទីក្រុងបាងកកនិងដែលបានចូលរួមនៅក្នុងការតវ៉ាជាមួយនឹងមនុស្សជាច្រើននាក់ផ្សេងទៀតកាលពីថ្ងៃទី ២២ ខែវិច្ឆិកា បាននិយាយថា ប្រសិនបើមានការដាក់ទោសព្រហ្មទណ្ឌឡើងវិញពាក់ព័ន្ធនឹងកញ្ឆានៅពេលឥឡូវនេះ វាអាចនឹងបំផ្លាញដល់ផលចំណេញដែលកើតចេញពីវិស័យនេះ។
អ្នកស្រីបានថ្លែងថា៖ «មនុស្សជាច្រើនបានងើបចេញពីភាពក្រីក្រដោយសារតែវា មិនមែនដោយសារពួកគេមានការងារថ្មីឬអ្វីនោះទេ។ វាគឺដោយសារតែពួកគេជាម្ចាស់នៃអ្វីដែលពួកគេធ្វើ»។
អ្នកស្រីបានបន្ថែមថា៖ «កញ្ឆាជារបស់ម្យ៉ាងដែលអ្នកអាចប្រើប្រាស់ដើម្បីកាត់បន្ថយភាពមិនស៊ីមេទ្រីគ្នាបាន។ វាផ្តល់ឱ្យមនុស្សដូចខ្ញុំនូវឱកាសបន្ថែមដោយសារខ្ញុំបានដឹងអ្វីៗច្រើនជាងអ្នកដែលមានប្រាក់ច្រើន។ ដូច្នេះ ប្រសិនបើកញ្ឆាត្រូវបានកំណត់ថាខុសច្បាប់ម្តងទៀត ប្រាក់ដែលរកបានដោយស្របច្បាប់ទាំងអស់នឹងត្រូវបាត់បង់។ ខ្ញុំបានបង់ពន្ធនិងអ្វីៗគ្រប់យ៉ាង»។
អ្នកស្រី Natasha Schmahl ដែលជាជនជាតិថៃនិងជាអ្នកតស៊ូមតិដើម្បីកញ្ឆាដែលបានចូលរួមនៅក្នុងការតវ៉ា ដោយយកមកជាមួយនូវស្លាកសញ្ញាផ្ទាល់ខ្លួនរបស់អ្នកស្រី បានថ្លែងថា អ្នកស្រីនិងស្វាមីជនជាតិអាល្លឺម៉ង់កំពុងបង្កើតអ្វីមួយដែលនឹងក្លាយជាផ្ទះដំបូងគេបង្អស់នៅក្នុងប្រទេសថៃដែលសាងសង់ឡើងស្ទើរតែទាំងអស់ពីដើមកញ្ឆា ដោយសង្ឃឹមថានឹងអាចជំរុញទឹកចិត្តអ្នកដទៃឱ្យធ្វើដូច្នេះដែរ។
អ្នកស្រីថា ប្រសិនបើមានការដាក់ទោសព្រហ្មទណ្ឌឡើងវិញពាក់ព័ន្ធនឹងកញ្ឆា នោះវានឹងបំផ្លាញដល់ភាពរីកចម្រើនរបស់រុក្ខជាតិនេះនិងការលើកទឹកចិត្តផ្នែកបរិស្ថាន។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «គេត្រូវឈប់ដាក់ទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងរុក្ខជាតិនេះ ដោយសារវាជារុក្ខជាតិនិងជាអំណោយពីធម្មជាតិ។ ប្រាកដណាស់ គេចាំបាច់ត្រូវមានវិធាននិងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើឱ្យរុក្ខជាតិនេះស្របច្បាប់ ប៉ុន្តែបើនៅរក្សាទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងរុក្ខជាតិនេះ ...និងការដែលមិនអាចប្រើប្រាស់ផលប្រយោជន៍ពីធម្មជាតិដែលផ្តល់ឱ្យយើងជាឱសថនេះ គឺមិនជួយអ្វីដល់មនុស្សជាតិនោះទេ ហើយវាក៏មិនមែនជាវិធីដែលយើងគួរបោះជំហានទៅមុខនោះដែរ»។
ការដែលខ្វះវិធាននិងបទប្បញ្ញត្តិតឹងរ៉ឹងនាពេលបច្ចុប្បន្ននេះហើយគឺជាអ្វីដែលអ្នករិះគន់មានការព្រួយបារម្ភ។
ក្រសួងសុខាភិបាលថៃបានដករុក្ខជាតិកញ្ឆាចេញពីបញ្ជីសារធាតុញៀនរបស់ថៃមុនពេលសភាអាចអនុម័តច្បាប់ដ៏ទូលំទូលាយមួយដែលកំណត់ច្បាស់លាស់អំពីការប្រើប្រាស់ស្របច្បាប់ ការផលិត ការលក់ និងការនាំចេញនាំចូលនូវកញ្ឆា។
រដ្ឋសភាថៃបានបោះឆ្នោតកាលពីខែកញ្ញាដើម្បីដកមកវិញនូវសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយគណបក្ស Bhumjaithai របស់លោក Anutin ដើម្បីអនុញ្ញាតឱ្យគណៈកម្មាធិការបណ្តោះអាសន្នមួយអាចធ្វើការលើសេចក្តីព្រាងដែលល្អមួយបាន។
អ្នករិះគន់សេចក្តីព្រាងច្បាប់នេះបានត្អូញត្អែរថា សេចក្តីព្រាងនេះមិនបានសង្កត់ធ្ងន់លើការប្រើប្រាស់បែបវេជ្ជសាស្ត្រជាងការប្រើប្រាស់បែបកម្សាន្តនោះទេ និងខ្វះវិធានការដើម្បីរារាំងមិនឱ្យកុមារនិងមនុស្សវ័យជំទង់អាចប្រើប្រាស់កញ្ឆាបាន។
លោកSmith Srisont ដែលជាប្រធានសមាគមពេទ្យកោសល្យវិច័យថៃ ដែលជួយដឹកនាំការដាក់ញត្តិជំរុញឱ្យតុលាការកំណត់អំពីទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងកញ្ឆាឡើងវិញ បាននិយាយថា មានវីដេអូជាច្រើនដែលបង្ហោះនៅលើបណ្តាញសង្គមអនឡាញរបស់ថៃបានបង្ហាញឱ្យឃើញពីសិស្សប្រើប្រាស់កញ្ជា និងករណីក្មេងៗត្រូវចូលមន្ទីរពេទ្យដោយសារការប្រើប្រាស់កញ្ឆាលើសកម្រិតបានកើនឡើងចាប់តាំងពីខែមិថុនាមក។
លោកបានប្រាប់ VOA តាមទូរស័ព្ទថា៖ «ដោយសារនៅក្នុងប្រទេសថៃ គេអាចប្រើប្រាស់ [កញ្ឆា] ដោយសេរី កុមារអាចប្រើប្រាស់វាបានដោយងាយស្រួល។ នេះជាបញ្ហា។ វាអាចបង្កឱ្យមានបញ្ហាស្មារតី បញ្ហាបាក់ទឹកចិត្តលើកុមារ និងអាចផ្លាស់ប្តូរការគិតរបស់កុមារ ក៏ដូចជាអាចធ្វើឱ្យប្រាជ្ញារបស់កុមារធ្លាក់ចុះផងដែរ...ប្រសិនបើពួកគេប្រើវានៅវ័យក្មេង»។
លោកSrisont ក៏បានចោទប្រកាន់លើក្រសួងសុខាភិបាលអំពីភាពមិនស្មោះត្រង់នៅក្នុងការអះអាងរបស់ខ្លួនលើការលើកកម្ពស់កញ្ឆាដោយសារតែផលប្រយោជន៍សុខភាពតែមួយមុខ។ នេះជាការចោទប្រកាន់មួយដែលក្រសួងបានបដិសេធ។
លោកបានថ្លែងថា៖ «ពួកគេបានជំរុញឱ្យមានការលាយ [កញ្ឆា] ជាមួយនឹងអាហារនិងអ្វីៗគ្រប់យ៉ាង។ នេះជាការប្រើប្រាស់បែបកម្សាន្ត ប៉ុន្តែពួកគេកុហកថានេះជាការប្រើប្រាស់បែបវេជ្ជសាស្ត្រ។ នេះគឺជាបញ្ហាមួយទៀត»។
អ្នកស្រី Chokwan នៃបណ្តាញពលរដ្ឋសម្រាប់ភាពស្របច្បាប់នៃរុក្ខជាតិកញ្ឆានៅក្នុងប្រទេសថៃជឿលើរបាយការណ៍ដែលថាមនុស្សវ័យជំទង់ប្រើប្រាស់កញ្ឆាមានច្រើនហួសកម្រិត ជាពិសេសនៅក្នុងបរិបទនៃអត្រាការជក់ថ្នាំឬការផឹកគ្រឿងស្រវឹងក្រោមអាយុកំណត់ផ្លូវច្បាប់។
ដូចដែលឈ្មោះនៃក្រុមរបស់អ្នកស្រីបានបង្ហាញដូច្នេះដែរ អ្នកស្រីគាំទ្រការបង្កើតច្បាប់ ប៉ុន្តែថាការដាក់ទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងកញ្ឆាអាចនឹងធ្វើឱ្យអ្នកប្រើប្រាស់និងអ្នកលក់ភាគច្រើនដើរចូលក្នុងទីផ្សារងងឹត ដែលធ្វើឱ្យវិស័យនេះកាន់តែពិបាកគ្រប់គ្រង។
អ្នកស្រី Chokwan ថា ជាជាងការធ្វើឱ្យកញ្ឆាទៅជាខុសច្បាប់ឡើងវិញ រដ្ឋាភិបាលគួរតែធ្វើកិច្ចការបន្ថែមដើម្បីអប់រំសាធារណជនទូទៅទាំងមនុស្សពេញវ័យនិងមនុស្សវ័យជំទង់អំពីកញ្ឆា ដូចដែលអ្នកស្រីអប់រំកូនៗរបស់អ្នកស្រីផ្ទាល់ដូច្នេះដែរ។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «កញ្ឆាគឺជាអាជីវកម្មរបស់ខ្ញុំ។ កញ្ឆាមាននៅជុំវិញផ្ទះរបស់ខ្ញុំ។ កូនៗរបស់ខ្ញុំមិនប្រើប្រាស់វាទេ។ យើងពិភាក្សានិងជជែកពីវា។ យើងមានការសន្ទនាពីវា ហើយខ្ញុំពន្យល់[កូនៗរបស់ខ្ញុំ] ថាគេប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងអ្វី ហើយកូនៗរបស់ខ្ញុំមិនចង់ទៅក្បែរវានោះទេដោយសារតែវាមិនមែនជាអ្វីដែលពួកគេចង់បាន»។
ការបោះឆ្នោតម្តងទៀតលើសេចក្តីព្រាងច្បាប់ស្តីពីកញ្ឆាត្រូវបានកំណត់ធ្វើនៅថ្ងៃទី ៧ ខែធ្នូខាងមុខ៕