ក្រុមហ៊ុនផលិតរថយន្ត Tesla របស់អាមេរិក បានបើកសម្ពោធដាក់លក់រថយន្តប្រើអគ្គិសនីពីរប្រភេទរបស់ខ្លួននៅក្នុងប្រទេសថៃក្នុងសប្តាហ៍នេះ ដែលជាការកត់សម្គាល់នូវការបើកលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីលើកដំបូងបង្អស់របស់អាមេរិក នៅក្នុងទីផ្សាររថយន្តក្នុងតំបន់មួយនេះ ដែលត្រូវបានគ្របដណ្តប់ដោយរថយន្តជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្ពោធបើកលក់រថយន្ត Telsa ទាំងពីរប្រភេទក្នុងរាជធានីបាងកកកាលពីថ្ងៃពុធកន្លងទៅនេះ កើតមានឡើងខណៈពេលដែលប្រទេសថៃ កំពុងជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី និងការផលិតរថយន្តប្រភេទនេះ ដោយបញ្ចុះតម្លៃពន្ធនិងការផ្តល់ប្រាក់ឧបត្ថម្ភផងដែរ។ តម្លៃរថយន្តដែលដើរដោយចរន្តអគ្គីសនីរបស់ក្រុមហ៊ុនTelsa មានតម្លៃចាប់ពីជិត៥០.០០០ដុល្លារទៅជាង៧០.០០០ដុល្លារអាមេរិក។
ក្រុមហ៊ុនផលិតរថយន្ត Telsa អាមេរិកមួយនេះ មានគម្រោងនឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធអនឡាញ ហើយការដឹកជញ្ជូនរថយន្តមានគម្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ។
បើទោះបីជាយ៉ាងនេះក្តីក៏ក្រុមហ៊ុនអាមេរិកមួយនេះ កំពុងប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងពីរថយន្តចិន ដូចជាម៉ាក BYD និងម៉ាក Great Wall Motors ជាដើម ដែលបានបង្កើតបន្ទប់តាំងរថយន្តបង្ហាញភ្ញៀវ ក៏ដូចជាការដឹកជញ្ជូនតាមក្រុមហ៊ុនដៃគូរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឱ្យបានទៅដល់ដៃអតិថិជនរបស់ខ្លួន ហើយក៏បានដាក់ចេញនូវតម្លៃរថយន្តប្រើចរន្តអគ្គីសនី ដែលមានតម្លៃចាប់ពីជាង២៣.០០០ដុល្លារអាមេរិកប៉ុណ្ណោះ៕
ក្រុមហ៊ុនរថយន្តTesla សម្ពោធលក់រថយន្តអគ្គិសនីនៅថៃ ខណៈមានការប្រកួតពីរថយន្តម៉ាកថោកៗ
- Reuters
បាងកក —