សមាគមមេធាវីដ៏មានឥទ្ធិពលមួយនៅប្រទេសថៃ បានថ្លែងកាលពីថ្ងៃទី១៣ ខែកុម្ភៈថា ពួកគេនឹងបើកការស៊ើបអង្កេតទៅលើការសម្លាប់បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ ដែលតាមសេចក្ដីរាយការណ៍ត្រូវបានសម្លាប់ដោយទាហានថៃ កាលពីឆ្នាំមុន។ ពួកគេនិយាយថា ការស៊ើបអង្កេតនេះអាចឈានទៅដល់ការប្ដឹងចោទប្រកាន់មន្ត្រីដែលពាក់ព័ន្ធ។ លោក Zsombor Peter ជូនសេចក្តីរាយការណ៍ពីរាជធានីបាងកក ប្រទេសថៃ។
ក្រុមប្រឹក្សាមេធាវីថៃ ដែលមានអំណាចទទួលស្គាល់ការតែងតាំងមេធាវីទាំងអស់នៅក្នុងប្រទេសនេះ បានប្រកាសអំពីការស៊ើបអង្កេតនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងផ្លូវការអំពីករណីនេះពីអង្គការសិទ្ធិមនុស្ស Fortify Rights ដែលជាក្រុមតស៊ូមតិអន្តរជាតិ ដែលធ្លាប់បានបើកការស៊ើបអង្កេតលើករណីនេះពីមុនមក។
នៅក្នុងរបាយការណ៍មួយចុះផ្សាយកាលពីឆ្នាំមុន អង្គការ Fortify Rights បានចោទប្រកាន់ទាហានដែលមិនបញ្ចេញអត្តសញ្ញាណ ៣នាក់ ថា បានវាយដំយ៉ាងឃោរឃៅទៅលើលោក Aung Ko Ko រហូតដល់ស្លាប់ ដោយប្រើគល់ឫស្សី នៅក្នុងភូមិ Baan Tai នៅជិតព្រំដែនមីយ៉ាន់ម៉ា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមានជម្លោះអំពីសមាជិកភាពរបស់លោកនៅក្នុងក្រុមសន្តិសុខល្បាតមួយ ដែលមានសមាជិកជាជនស៊ីវិលក្នុងមូលដ្ឋាន។
សម្រាប់ករណីនេះ តុលាការមិនដែលបានចោទប្រកាន់ទាហានណាម្នាក់នោះទេ ប៉ុន្តែបានកាត់ទោសជនស៊ីវិលម្នាក់ផ្សេងដែលជាជនជាតិមីយ៉ាន់ម៉ា ឈ្មោះ Sirachuch ដោយចោទពីបទមនុស្សឃាត កាលពីខែកញ្ញា។ អង្គការ Fortify Rights បានអះអាងថា ឈ្មោះ Sirachcuch ត្រូវបានគេលាបពណ៌ថាជាជនល្មើស។ ឈ្មោះ Sirachuch ធ្លាប់បាននិយាយថា លោកបានឃើញទាហានវាយដំទៅលើឈ្មោះ Aung Ko Ko។
លោក Wichien Chubthaisong ប្រធានក្រុមប្រឹក្សាមេធាវីបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកអំពីការវិវត្តនៃសំណុំរឿងនេះ ដូច្នេះថា៖ «បន្ទាប់ពីក្រុមប្រឹក្សាមេធាវីបានទទួលបណ្ដឹងនេះ យើងនឹងស៊ើបអង្កេតទៅលើធាតុពិត និងស្ថានភាពជាក់ស្ដែងនៃមរណភាពរបស់លោក Aung Ko Ko។ បន្ទាប់ពីកិច្ចការនេះ យើងនឹងចាត់វិធានការផ្លូវច្បាប់ដែលសក្ដិសម»។
លោកបន្តថា៖ «យើងនឹងបង្កើតអនុគណៈកម្មការដើម្បីបើកប្រតិបត្តិការស្វែងរកការពិត ដោយសង្ឃឹមថា កិច្ចការនេះនឹងនាំទៅដល់ការពិចារណាក្នុងការផ្ដល់សេវាផ្នែកច្បាប់និងធានាបានថា យុត្តិធម៌ត្រូវបានផ្ដល់ដល់គ្រួសាររបស់លោក Aung Ko Ko»។
ប្រធានក្រុមប្រឹក្សាដដែលក៏បានលើកឡើងទៀតថា៖ «មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការការពារលើសិទ្ធិរបស់ខ្លួន និងត្រូវបានគោរពទៅតាមច្បាប់។ ប្រជាពលរដ្ឋទូទៅមិនគួរត្រូវបានធ្វើទណ្ឌកម្មដោយទំនើងចិត្តនោះឡើយ»។
លោក Wichien ក៏បានប្រាប់វីអូអេថា ភស្តុតាងដែលអង្គការ Fortify Rights បានប្រមូលដែលបង្ហាញពីការពាក់ព័ន្ធជាមួយនឹងយោធា ហាក់ដូចជាអាចយកជាការបាន ហើយថា ក្រុមប្រឹក្សានេះអាចបន្តចោទប្រកាន់បទល្មើសរដ្ឋប្បវេណី ឬ ព្រហ្មទណ្ឌទៅលើទាហានណាដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនសង្ស័យ។
លោកថ្លែងថា៖ «ជាមួយនឹងភស្តុតាងគួរឲ្យទុកចិត្តហើយវាជាករណីធ្ងន់ធ្ងរបែបនេះ ខ្ញុំយល់ថា អ្វីដែលយើងអាចបន្តធ្វើគឺត្រូវផ្ដន្ទាទោសមនុស្សផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ»។
វីអូអេបានស្នើសុំការអត្ថាធិប្បាយពីកងយោធពលភូមិន្ទថៃ និងនគរបាលថៃ ប៉ុន្តែពួកគេមិនបានឆ្លើយតបនោះទេ។ ស្ថាប័នកងកម្លាំងប្រដាប់អាវុធទាំងពីរនេះបានស៊ើបអង្កេតទៅលើមរណភាពរបស់លោក Aung Ko Ko កាលពីឆ្នាំមុន ហើយបានដាក់ពាក្យបណ្ដឹងដែលឈានទៅដល់ការកាត់ទោសលោក Sirachuch។
អង្គការ Fortify Rights បានថ្លែងថា កងទ័ពបានបដិសេធមិនទទួលខុសត្រូវទៅលើការស្លាប់របស់លោក Aung Ko Ko ទេ ដោយពួកគេបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក និងសវនាការសួរដេញដោលរបស់គណៈកម្មាធិការសភាថា លោក Aung Ko Ko ត្រូវបានធ្វើទារុណកម្មនៅក្នុងទឹកដីមីយ៉ាន់ម៉ា មុនពេលសាកសពរបស់លោកត្រូវបានគេយកមកទម្លាក់ក្នុងទឹកដីថៃ។
ប៉ុន្តែ ក្រុមការពារសិទ្ធិមនុស្សមិនទទួលស្គាល់ការអះអាងរបស់យោធាបែបនេះទេ និងបានលើកឡើងថា ការអះអាងនេះធ្វើឲ្យប៉ះពាល់ដល់សំណុំរឿងរបស់អាជ្ញាធរទៅករណីលោក Sirachuch ដោយហេតុថា ថៃមានអំណាចយុត្តាធិការទៅលើការវាយប្រហាររបស់លោក Sirachuch ទៅលើលោក Aung Ko Ko ដែលកើតឡើងនៅក្នុងទឹកដីថៃ។
លោក Sirachuch ដែលកំពុងជាប់ពន្ធនាគារកំណត់ ៣ឆ្នាំ ៤ខែ បានសារភាពថា ខ្លួនបានវាយលោក Aung Ko Ko មួយដំបងនៅលើខ្នង និង ពីរដំបងនៅលើស្មងជើង។
យ៉ាងណាក៏ដោយ អង្គការ Fortify Rights ថ្លែងថា ការអះអាងនេះមិនគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ពីបទមនុស្សឃាតនោះទេ។ អង្គការនេះបន្តថា របាយការណ៍កោសលវិច័យដោយមន្ទីរពេទ្យដែលបានពិនិត្យសាកសពរបស់លោក Aung Ko Ko បានបញ្ជាក់ថា លោកបានស្លាប់ដោយសារ«របួសនៅលើក្បាលបណ្ដាលមកពីការវាយប្រហារ» ហើយថា សាក្សី៣នាក់ដែលបានឃើញការវាយប្រហារ ដែលមានទាំងលោក Sirachuch ផងដែរនោះ បានអះអាងថា ក្រុមទាហានគឺជាអ្នកដែលបានវាយទៅលើក្បាលរបស់លោក Aung Ko Ko។
លោក Matthew Smith នាយកប្រតិបត្តិការអង្គការ Fortify Rights បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកុម្ភៈថា៖ «នេះជាបរាជ័យដ៏ធំមួយក្នុងការផ្ដល់យុត្តិធម៌នៅក្នុងកម្រិតជាច្រើន ហើយយើងរីករាយណាស់ដែលមេដឹកនាំថៃ ដូចជាលោកបណ្ឌិត Wichien មានឆន្ទៈស៊ើបអង្កេតកាន់តែដិតដល់ទៅលើករណីនេះ»។
យ៉ាងណាក៏ដោយ លោក Smith និយាយថា ក្រុមការងាររបស់លោកកំពុងស្វែងរកជំនួយពីក្រុមប្រឹក្សាមេធាវី ដោយសារតែក្រុមប្រឹក្សានេះមានឥទ្ធិពល និងមានទំនាក់ទំនងជាមួយអាជ្ញាធរថៃ ជាពិសេសទំនាក់ទំនងជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស DSI។ នាយកដ្ឋាននេះគឺជាអង្គភាពពិសេសមួយរបស់ក្រសួងយុត្តិធម៌ដែលស៊ើបអង្កេតករណីធំៗនិងរសើបៗជាច្រើននៅក្នុងប្រទេសនេះ ដែលរួមមានទាំងករណីអំពើពុករលួយ និង ការរំលោភអំណាច។ លោក Wichien ក៏ជាសមាជិកក្រុមប្រឹក្សានៃនាយកដ្ឋាននេះសម្រាប់ករណីពិសេសៗជាច្រើន ដែលមាននាយករដ្ឋមន្ត្រី Paetongtarn Shinawatra ជាអ្នកណែនាំកិច្ចការ និងជាប្រធាន។
លោក Smith ប្រាប់វីអូអេថា៖ «ដូច្នេះហើយ ឆន្ទៈរបស់ក្នុងក្រុមប្រឹក្សាមេធាវីក្នុងការពិនិត្យឲ្យបានដិតដល់ទៅលើករណីនេះ ធ្វើឲ្យយើងសង្ឃឹមថា វាជាជំហានទៅមុខមួយ ដែលអាចឈានទៅដល់ការបើកការស៊ើបអង្កេតផ្លូវការរបស់នាយកដ្ឋានស៊ើបអង្កេតពិសេស DSI»។
លោកបន្តថា៖ «ស្ថិតក្នុងស្ថានភាពបែបនេះ នាយកដ្ឋានស៊ើបអង្កេតពិសេសគួរតែចូលខ្លួនមកស្វែងរកការពិត និងធានាថា យុត្តិធម៌ពិតប្រាកដត្រូវតែកើតមាន។ តាមមធ្យោបាយខ្លះ នាយកដ្ឋាននេះអាចស៊ើបអង្កេតបកស្រាយចម្ងល់ដែលក្នុងរឿងដែលគេលាក់បាំង ហើយនាយកដ្ឋាននេះមានជំនាញនិងសមត្ថភាព ក៏ដូចជាឥទ្ធិពល និងអំណាចដែលធានានូវយុត្តិធម៌នៅក្នុងករណីពិបាកៗជាច្រើន»។
អង្គការ Fortify Rights បានថ្លែងនៅក្នុងរបាយការណ៍អំពីករណីស្លាប់របស់លោក Aung Ko Ko ថា ខ្លួនបានសម្ភាសមនុស្សចំនួន ២៣នាក់ក្នុងដំណាក់កាលស៊ើបអង្កេត ដែលរួមមានទាំងសាក្សី អ្នកស្គាល់លោក Aung Ko Ko និងសាច់ញាតិ ព្រមទាំងបានសាកសួរប៉ូលិសមូលដ្ឋានផងដែរ។ របាយការណ៍នេះបញ្ជាក់ថា លោក Aung Ko Ko បានរស់នៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងជាសមាជិកល្បីម្នាក់ក្នុងក្រុមសន្តិសុខស៊ីវិលដែលអ្នកស្រុកហៅថា Chor Ror Bor។ ក្រុមសន្តិសុខនេះទទួលបានការហ្វឹកហាត់និងរៀបចំដោយអាជ្ញាធរថៃ។
របាយការណ៍ដដែលបន្តថា ក្រុមទាហានដែលបានឃុំខ្លួនលោក Aung Ko Ko ហើយក្រោយមកបានវាយដំលោកនៅថ្ងៃដែលលោកស្លាប់ បានបដិសេធអំពីសមាជិកភាពរបស់លោកនៅក្នុងក្រុមសន្តិសុខនេះ ទោះបីជាសមាជិកដទៃទៀតបានមកដល់ហើយបានបញ្ជាក់ថា លោកពិតជាសមាជិកពិតប្រាកដក៏ដោយ។ នៅក្រោយការវាយប្រហារនោះ លោក Aung Ko Ko មានជាំពេញខ្លួន និងមានហូរឈាម ហើយត្រូវបានប្រជាពលរដ្ឋជួយដឹកទៅកាន់ព្រំដែនមីយ៉ាន់ម៉ាតាមបញ្ជារបស់ក្រុមទាហាន ហើយក៏បានសន្លប់និងស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ៕