អ្នកគាំទ្ររាប់ពាន់នាក់ដែលពាក់អាវពណ៌លឿងបានស្វាគមន៍ព្រះមហាក្សត្រថៃ ខណៈដែលព្រះអង្គរៀបចំព្រះរាជពិធីរំឭកថ្ងៃកំណើតរបស់ព្រះរាជបិតារបស់ព្រះអង្គដែលបានសោយទីវង្គតទៅហើយនោះ។ នេះគឺជាការបង្ហាញព្រះកាយជាសាធារណៈមួយក្នុងចំណោមព្រឹត្តិការណ៍សាធារណៈជាបន្ដបន្ទាប់របស់ព្រះអង្គ ក្នុងអំឡុងពេលដែលមានការតវ៉ាដែលមិនធ្លាប់មានពីមុនមកពីសំណាក់ក្រុមបាតុករដែលដឹកនាំដោយនិស្សិតចំពោះរបបរាជានិយម។
ព្រះមហាក្សត្រ Maha Vajiralongkorn ដែលអមព្រះរាជដំណើរដោយព្រះមហេសីរបស់ព្រះអង្គគឺព្រះមហាក្សត្រីយានី Suthida បានគ្រវីព្រះហស្ត នៅពេលដែលព្រះអង្គយាងមកដល់កន្លែងប្រារព្ធពិធីនៅទីលាន Sanam Luang ក្នុងទីក្រុងបាងកក។
ក្រុមអ្នកគាំទ្រព្រះមហាក្សត្របានលើកទង់ជាតិ និងទង់ព្រះមហាក្សត្រដែលមានពណ៌លឿង ដើម្បីស្វាគមន៍ព្រះអង្គនិងព្រះមហាក្សត្រីយានី ដោយអ្នកខ្លះបានស្រែកបន្ទរថា «ជយោព្រះមហាក្សត្រ»។
ក្រុមអ្នកគាំទ្រទាំងនោះពាក់អាវពណ៌លឿង ដែលជាពណ៌តំណាងឲ្យស្ថាប័នព្រះមហាក្សត្រ។ ព្រះមហាក្សត្របានយាងធ្វើជាព្រះរាជអធិបតីនៅក្នុងពិធីដុតភ្លើងទៀន ដើម្បីរំឭកដល់ព្រះរាជវិញ្ញាណក្ខន្ធរបស់ព្រះរាជបិតារបស់ព្រះអង្គ។
ទោះបីជាព្រះមហាក្សត្រ Bhumibhol Adulyadej បានសោយទីវង្គតកាលពី ៤ ឆ្នាំមុនក៏ដោយ ក៏ថ្ងៃកំណើតរបស់ព្រះអង្គនៅតែត្រូវបានគេកំណត់នៅលើប្រតិទិនជាតិថាជាទិវាឪពុកដដែល។
ព្រះមហាក្សត្រ Adulyadej បានគ្រងរាជ្យអស់រយៈពេល ៧០ ឆ្នាំ ដោយទទួលបានកិត្តិនាមចំពោះស្នាព្រះហស្តការងារដែលមិនគិតពីព្រះកាយរបស់ព្រះអង្គសម្រាប់ផលប្រយោជន៍ប្រទេសជាតិ ដែលនេះជារូបភាពដែលកាសែតនិងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានផ្សព្វផ្សាយឥតឈប់ឈរអំពីព្រះអង្គ។
ព្រះអង្គត្រូវបានគេគោរពជាទូទៅ ដែលនេះជាឋានៈមួយដែលត្រូវបានជំរុញអនុវត្តដោយច្បាប់ហាមឃាត់ការប្រមាថព្រះមហាក្សត្រ ដែលជាច្បាប់ដ៏តឹងរ៉ឹងប្រឆាំងនឹងអ្នករិះគន់ព្រះមហាក្សត្រ។ អ្នកដែលប្រឆាំងនឹងច្បាប់នេះអាចត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់ការបញ្ចេញមតិ ឬសកម្មភាពណាមួយ ដែលត្រូវបានចាត់ទុកថាប្រមាថដល់ព្រះមហាក្សត្រនិងរាជវង្សានុវង្ស៕