ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​កើនឡើង​រវាង​មីយ៉ាន់ម៉ា​ និងចិន​បន្ទាប់​ពី​ការវាយប្រហារ​ដ៏​ប្រល័យ​តាម​អាកាស


ទាហាន​មីយ៉ាន់ម៉ា​ធ្វើ​ការ​ល្បាត​ជិត​មូលដ្ឋាន​យោធា​នៅ​តំបន់ Kokang។ ភាព​តានតឹង​កើនឡើង​រវាង​មីយ៉ាន់ម៉ា​ និងចិន​បន្ទាប់​ពី​ការវាយប្រហារ​ដ៏​ប្រល័យ​តាម​អាកាស។
ទាហាន​មីយ៉ាន់ម៉ា​ធ្វើ​ការ​ល្បាត​ជិត​មូលដ្ឋាន​យោធា​នៅ​តំបន់ Kokang។ ភាព​តានតឹង​កើនឡើង​រវាង​មីយ៉ាន់ម៉ា​ និងចិន​បន្ទាប់​ពី​ការវាយប្រហារ​ដ៏​ប្រល័យ​តាម​អាកាស។

ភាព​តានតឹង​រវាង​ប្រទេសចិន​ និងមីយ៉ាន់ម៉ា​កំពុង​តែ​កើនឡើង​ បន្ទាប់ពី​យន្តហោះ​យោធា​របស់​មីយ៉ាន់ម៉ា​បានទម្លាក់​គ្រាប់បែក​មួយ​ក្នុង​ទឹកដី​ចិន​ ដែល​បណ្តាល​ឲ្យ​កសិករ​អំពៅ​៤នាក់​បាត់បង់ជីវិត​ និង​៩នាក់​ទៀតរងរបួស​។

រដ្ឋាភិបាល​ចិន​ថ្លែងថា​ នេះជា​កំហុស​របស់​កងទ័ព​ប្រទេសមីយ៉ាន់ម៉ា​ ប៉ុន្តែ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាននិយាយថា​ គ្មាន​គ្រាប់បែក​ត្រូវបាន​ទម្លាក់​ពីយន្តហោះ​មីយ៉ាន់ម៉ា​ទៅ​ទឹកដី​ប្រទេសចិន​ទេ​។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រកែកអះអាង​ថា​ ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​ភាព​ខាងត្បូង​ប្រទេស ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ខ្លួន​ ប្រហែល​ជា​បានទម្លាប់​គ្រាប់បែក​ទៅ​លើ​ប្រទេសចិន​ ដើម្បី​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ។ យុទ្ធជន​ឧទ្ទាម​មិន​មានយន្តហោះ​ប្រភេទ​ណា​មួយ​នោះ​ទេ​។

នៅ​ដើម​សប្តាហ៍នេះ​ ចិន​បាន​កោះ​ហៅ​ឲ្យ​មីយ៉ាន់ម៉ា​«បន្ទាប​សីតុណ្ហភាព​»នៅតាម​ព្រំប្រទល់​ចិន​នៅ​ភាគខាង​ជើង​របស់ខេត្តYunnan ​ដែល​បានក្លាយជាតំបន់​ប្រយុទ្ធ​ជាង​មួយ​ខែ​កន្លង​មក​នោះ​ ហើយ​បាន​បណ្តាលឲ្យ​ប្រជាជន​រាប់​សិប​ម៉ឺននាក់​ភៀស​ខ្លួន​ទៅ​ប្រទេសចិន​។

មន្ត្រី​យោធា​ជាន់ខ្ពស់​ លោក​ Fan Changlong បានថ្លែង​នៅថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់​«វិធានការ​ដាច់​អហង្ការ​» ប្រសិនបើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​ចាត់​វិធានការ​នៅ​ក្នុង​ការ​ការពារ​មិន​ឲ្យ​ការ​ប្រយុទ្ធ​របស់​ខ្លួន​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ជើង​ប្រទេស​រីក​សាយ​ភាយ​ចូល​ទឹកដី​ចិន​។

យោង​ទៅតាម​របាយការណ៍​សារព័ត៌មាន​ជាតិ ការប្រយុទ្ធ​រវាង​ ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​តំបន់ Kokang និងកម្លាំង​កងទ័ព​មីយ៉ាន់ម៉ា​បាន​រីករាលដាល​ឆ្លងព្រំដែន​យ៉ាងហោចណាស់​ចំនួន​បួន​ដង​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​ហេតុការណ៍​ដោយ​ឡែក​មួយ​ទៀត​ ផ្ទះ​មួយត្រូវបាន​បំផ្លាញ​ដោយ​គ្រាប់ផ្លោង​ពី​មីយ៉ាន់ម៉ា​។

នៅថ្ងៃអាទិត្យ​ លោក​នាយករដ្ឋមន្ត្រី​ចិន​ Li Keqiang ​បាន​ពណ៌នា​ហេតុការណ៍​នោះ​ថា​«ប្រកប​ដោយ​ភាព​សោកសៅ​យ៉ាង​ជ្រាលជ្រៅ»​ និង​បាន​សម្តែង​សារ​រំលែក​ទុក្ខ​របស់​លោក​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ​ ដែលបានបាត់បង់​ជីវិត​ក្នុង​ការវាយប្រហារ​តាម​អាកាស​នោះ។

លោក Li​ក៏បាន​ថ្លែង​ផង​ដែរថា​ ប្រទេសចិន​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។

លោក Li បាន​និយាយ​ថា៖ «យោធា​ និង​ក្រសួង​ការបរទេស​ចិន បាន​ធ្វើ​តំណាង​យ៉ាង​មុតមាំ​មួយ​ជាមួយ​នឹងមីយ៉ាន់ម៉ា​ ហើយ​យើង​មានទំនួលខុសត្រូវ​ និង​សមត្ថភាព​ក្នុងការ​រក្សា​ស្ថេរភាព​នៅតាមតំបន់​ព្រំដែន​ពីរ​ប្រទេស​ ក៏​ដូចជា​ការពារ​ជីវិត​ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​យើង​»។

រដ្ឋាភិបាល​ចិន​បាន​កោះហៅ​ឲ្យ​មាន​ការស្រាវជ្រាវ​ល្អិតល្អន់​មួយ​ទៅលើ​ហេតុការណ៍​ទម្លាក់​គ្រាប់បែក​ និង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទៅលើ​អ្នកដែល​មាន​ការ​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ទម្លាក់​គ្រាប់បែក​នោះ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សន្យាថា​នឹង​សហការ​យ៉ាង​សកម្ម​ជាមួយចិន​ ប៉ុន្តែ​មន្ត្រី​ម្នាក់​ដែលសុំ​មិនបញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Pressថា​ រ៉ាដា​ និងកំណត់​ត្រា​ទីដៅ (GPS)​របស់​យន្តហោះ​បាន​បង្ហាញថា​ គ្មាន​យន្តហោះ​ណាមួយបាន​ចូល​ស្ថិត​នៅ​ក្នុង​ទឹកដី​ប្រទេស​ចិន​ឡើយ​។

មន្ត្រីនោះ​បានបន្តថា​ ប្រទេសមីយ៉ាន់ម៉ា​បាន​ប្រាប់​ប៉េកាំង​ពី​ការវាយប្រហារ​តាម​អាកាស​តាម​តំបន់​ព្រំដែន​នេះ​មុននឹង​វាកើតឡើង​ ហើយ​ចង់​ពិនិត្យ​បំណែក​គ្រាប់បែក​ដែល​បានរកឃើញ​ចូលក្នុង​ប្រទេសចិន​។

ក្នុង​ប្រទេសចិន​ ការបាត់បង់​ជីវិត​របស់​កសិករចិន​៤នាក់​បាន​ឲ្យមាន​បង្ក​ការរិះគន់យ៉ាង​ខ្លាំង​ក្លា​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​ទៅ​លើ​រដ្ឋាភិបាល​ និង​កងទ័ព​យោធា ដោយ​មាន​មនុស្ស​មួយ​ចំនួន​បាន​កោះហៅ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ផ្សេងៗ​ ហើយមួយ​ចំនួន​ទៀត​បាន​រិះគន់យ៉ាង​ខ្លាំង​ទៅ​លើ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការ​យល់ឃើញ​ថា​កងកម្លាំង​នោះ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ។ អ្នក​ផ្សេង​ទៀត​បាន​សម្តែង​ការស្រងាកចិត្ត​ និង​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ពុករលួយ​ដ៏​ញាំញ៉ី​ក្នុង​ជួរយោធា​ចិន​។

យោធា​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា​ មេ​ដឹកនាំ​ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​ចិន​លោក​ Peng Jiasheng កំពុងតែ​ព្យាយាម​ឆក់យក​ការគ្រប់គ្រង​ទីក្រុង​នៃតំបន់​ស្វ័យភាព​ Kokang។​ ​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ថា​ Peng នឹង​ទទួល​ការគាំទ្រ​ឆ្លងព្រំដែន​ពី​ប្រទេសចិន​។

អាជ្ញាធរ​ប្រទេសចិន​បានបដិសេធ​យ៉ាង​ដាច់​អហង្ការ​ពី​ការចោទប្រកាន់​នោះ ដោយ​បានសង្កត់ធ្ងន់​ថា​ពួកគេ​គោរព​អធិបតេយ្យភាព​របស់​ប្រទេសមីយ៉ាន់ម៉ា​។ ក្រុម​យុទ្ធជន​ឧទ្ទាម​ក៏​បាន​បដិសេធ​ការពាក់ព័ន្ធ​ទាំងឡាយ​ផង​ដែរ៕

ប្រែសម្រួលដោយ៖ វិញ សុជាតា

XS
SM
MD
LG