ចាប់តាំងពីដើមខែកុម្ភៈមក ការប្រយុទ្ធគ្នានៅតែបន្តនៅប្រទេសមីយ៉ាន់ម៉ាភាគខាងជើងក្បែរព្រំដែនប្រទេសចិន ដែលបានបង្ខំឲ្យមនុស្សរហូតដល់ទៅដប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួន។ កងទ័ពមីយ៉ាន់ម៉ាកំពុងវាយប្រយុទ្ធតទល់ក្រុមឧទ្ទាមអំបូរចិន ដឹកនាំដោយលោក Peng Jiasheng អាយុ៨៤ឆ្នាំដែលត្រូវបានដាក់ឲ្យក្រៅច្បាប់។ ក៏ប៉ុន្តែ ការស្វែងយល់ឲ្យកាន់តែច្បាស់អំពីគោលបំណងរបស់ក្រុមឧទ្ទាមនិងការវិវត្តន៍នៅលើដី(សមរភូមិ) នៅតែមានការពិបាក។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសមីយ៉ាន់ម៉ាភាគខាងជើងគឺជាកន្លែងដែលមានការប៉ះទង្គិចគ្នាម្តងម្កាលរវាងពួកឧទ្ទាមនិងកងកម្លាំងរបស់រដ្ឋាភិបាល។ នៅក្នុងការប្រយុទ្ធគ្នាជុំចុងក្រោយនេះ មេដឹកនាំក្រុមឧទ្ទាមចិន លោក Peng Jiasheng កំពុងតែព្យាយាមដណ្តើមយកការគ្រប់គ្រងតំបន់ស្វ័យ័ត Kokang ជាកន្លែងដែលលោកធ្លាប់បានគ្រប់គ្រងរហូតមកដល់ឆ្នាំ២០០៩។
ក្នុងអំឡុងពេលនៃការវាយប្រហារ លោកបានធ្វើការងារដើម្បីយកឈ្នះលើមតិសាធារណៈក្នុងប្រទេសចិន ដោយបានផ្តល់បទសម្ភាសន៍ដល់បណ្តាញផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋ។ នៅក្នុងបទសម្ភាសន៍នោះ លោកនិយាយអំពីវិធីដែលលោកបានអនុវត្តដើម្បីបញ្ចប់ការជួញដូរថ្នាំញៀននៅក្នុងតំបន់នៅខណៈដែលលោកនៅកាន់អំណាច ហើយលោកបានបង្កើនការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។
លោក Peng មាននិយាយថា ឥឡូវនេះ លោកកំពុងប្រយុទ្ធទាមទារសិទ្ធិនិងស្វ័យភាពនៅក្នុងតំបន់ ហើយបានអះអាងថា ចាប់តាំងពីលោកបានចាកចេញពីតំបន់នោះមក ការជួញដូរថ្នាំញៀនបានកើតមានឡើងវិញ ហើយថាតំបន់ Kokang មិនមែនជាកម្មសិទ្ធិរបស់ក្រុមកុលសម្ព័ន្ធចិនទៀតឡើយ។
ការពន្យល់របស់លោក Peng ដែលថាខ្លួនជាអ្នកការពារនៃក្រុមកុលសម្ព័ន្ធចិននិងជាអ្នកគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវនៃតំបន់ Kokang គឺផ្ទុយគ្នាពីការវាយតម្លៃរបស់សហរដ្នអាមេរិកអំពីរូបលោក។
សារទូរលេខមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ ដែលត្រូវបានបែកធ្លាយដោយវេបសាយ Wikileaks បានពណ៌នាអំពីលោក Peng និងក្រុមគ្រួសារថាជាជនជួញដូរថ្នាំញៀនដ៏ល្បីឈ្មោះ។ សារទូរលេខនោះបានឲ្យដឹងថា ទីភ្នាក់ងារប្រឆាំងនឹងការជួញដូរថ្នាំញៀនរបស់សហរដ្ឋអាមេរិកបានដាក់បញ្ចូលរូបលោកទៅក្នុងបញ្ជីអ្នកជួញដូរថ្នាំញៀនដ៏សំខាន់ម្នាក់តាំងពីប្រហែលពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០។
លោក Liang Jinyun សាស្ត្រាចារ្យនៅបណ្ឌិតសភានៃមន្ត្រីប៉ូលិសខេត្តយូណាន (Yunnan Police Officer Academy) មានប្រសាសន៍ថា លោក Peng ក៏នៅតែស្ថិតក្នុងបញ្ជីនៃអ្នកជួញដូរថ្នាំញៀនជាង៣០នាក់ដែលល្បីឈ្មោះ ហើយត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសចិន។ ក៏ប៉ុន្តែ លោកបានបន្ថែមថា វាក៏ជាការពិតដែលថា លោក Peng បានព្យាយាមកម្រិតការនាំចេញថ្នាំញៀនពីតំបន់នោះដែរ។
លោក Liang មានប្រសាសន៍ថា៖ «លោក Peng ត្រូវតែគាំទ្រដើម្បីដាក់តំបន់នោះជាកន្លែងគ្មានថ្នាំញៀន ពីព្រោះបើសិនជាលោកមិនធ្វើដូច្នោះទេ រដ្នាភិបាលមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ ហើយសូម្បីតែប្រទេសចិន នឹងចាប់ផ្តើមមានការចាប់ផ្តើមជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់តំបន់ Kokang។ លោក Liang ថ្លែងថា ទោះបីជាមានការហាមឃាត់ក៏ដោយ ក៏លោក Peng គ្មានលទ្ធភាពក្នុងការបំបាត់ថ្នាំញៀនទាំងស្រុងក្នុងតំបន់នោះទេ។»
លោក Liang បានបន្ថែមថា ការវិលត្រឡប់របស់លោក Peng ទៅកាន់តំបន់ Kokang ដោយបាននាំទៅជាមួយនូវយុទ្ធជនឧទ្ទាមមួយក្រុមដែលមានឈ្មោះថា «កងកម្លាំសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា» (MNDAA) ហាក់ដូចជាដើម្បីតែទាមទារអំណាចមកវិញ ជាជាងមានការជាប់ទាក់ទងដ៏ជាក់លាក់ណាមួយទៅនឹងការជួញដូរថ្នាំញៀន។
ការប្រយុទ្ធគ្នានៅតំបន់ Kokang កើតមានឡើងនៅខណៈពេលដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងធ្វើការយ៉ាងស្វាហាប់ដើម្បីទទួលបានដំណោះស្រាយសន្តិភាពជាមួយក្រុមអំបូរភាគតិចរបស់ខ្លួនទាំងអស់នៅមុនការបោះឆ្នោតនៅក្នុងឆ្នាំនេះ។
លោក Liang បានមានប្រសាសន៍ថា៖ «នៅមុនពេលការបោះឆ្នោតមកដល់ លោក Peng ប្រហែលអាចព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានឈ្មោះជាប្រមុខដឹកនាំក្នុងតំបន់នេះម្តងទៀត ហើយទាមទារកៅអីនៅក្នុងរដ្ឋសភារបស់រដ្ឋាភិបាល។»
លោក Liang បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ លោកមានការសង្ស័យថាលោក Peng ប្រហែលជាមិនអាចសម្រេចគោលដៅនេះបានទេ។ លោក Peng បានព្យាយាមទាញរដ្ឋាភិបាលក្រុងប៉េកាំងចូលក្នុងជម្លោះនោះ ដោយលើកតម្កើងទំនាក់ទំនងរបស់លោកជាមួយចិន ព្រមទាំងរំលឹកថា តំបន់ Kokang ធ្លាប់ជាផ្នែកមួយរបស់ចិនជាដើម។
រដ្ឋាភិបាលចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនអត់អោនចំពោះការគាំទ្រណាមួយដល់ការវាយប្រហារចេញពីប្រទេសចិនឡើយ។ តែទោះជាយ៉ាងណា ការដែលលោក Peng បានហៅរកការគាំទ្រពីរដ្ឋាភិបាលចិន បានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងបណ្តាអ្នកសរសេរប្លក (blogger) នៅក្នុង អ៊ិនធឺណិតដែលមានគំនិតជាតិនិយម។ អ្នកខ្លះបានហៅឲ្យរដ្ឋាភិបាលចិនទាមទារទឹកដីនោះមកវិញ។ មន្រ្តីមីយ៉ាន់ម៉ាបានត្អូញត្អែថា មានភស្តុតាងបញ្ជាក់ថា លោក (Peng) និងពួកយុទ្ធជនរបស់លោកកំពុងទទួលបានស្បៀងអាហារ សព្វាវុធ និងការថែទាំសុខភាពពីអ្នកដែលមានសមានចិត្តជាមួយក្រុមនោះ ឆ្លងព្រំដែន។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ បណ្តាញផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន មានពោរពេញទៅដោយរូបថតជាក់ស្តែង ដែលបង្ហាញឲ្យឃើញពីការប្រយុទ្ធគ្នា និងរូបថតអ្នករស់នៅតំបន់ Kokang អំបូរចិនដែលគេសង្ស័យថាត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ា។
ហើយនៅដើមសប្តាហ៍នេះ រូបថតជាង១២សន្លឹកដែលទំនងជាថតនៅក្នុងតំបន់ Kokang បង្ហាញឲ្យឃើញថា សាកសពមនុស្សក្មេងៗទាំងនោះ ដែលខ្លះមានខ្សែពួរនៅជាប់នឹងក ហើយដៃរបស់ពួកគេត្រូវបានចងស្លាបសេក(ទៅខាងក្រោយខ្នង)។ អ្នកដែលមានសមានចិត្តជាមួយពួកឧទ្ទាមបាននិយាយថា ជនទាំងនេះត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ា ក៏ប៉ុន្តែគេមិនទាន់មានមធ្យោបាយផ្ទៀងផ្ទាត់ថា ការអះអាងនោះពិតឬយ៉ាងណានោះទេ។
រូបថតអំពីការរងគ្រោះដូច្នេះ បានជួយបញ្ឆេះកំហឹងនៅក្នុងប្រទេសចិនហើយមានការទាមទារឲ្យជួយសង្គ្រោះនូវអ្វីដែលអ្នកអត្ថាធិប្បាយតាមអ៊ិនធឺណិតនិយាយថា ជាបងប្អូនជនជាតិចិន។
លោក Min Zaw Oo ជានាយកនៃមជ្ឈមណ្ឌលសន្តិភាពមីយ៉ាន់ម៉ានៅទីក្រុងយ៉ាងគូន (Yangon) ហើយលោកបានតាមដានជម្លោះនេះយ៉ាងដិតដល់។
លោកមានប្រសាសន៍ថា៖ «នៅខណៈនេះ នៅតែមានពាក្យចចាមអារាមជាច្រើន ហើយនៅតែមានភាពមិនច្បាស់លាស់នៃសង្គ្រាម។»
មានព្រឹត្តិការណ៍មួយទៀតដែលមានភាពស្រពិចស្រពិលក្នុងអាថ៌កំបាំងនៅឡើយ គឺការវាយប្រហារកាលពីថ្មីៗនេះទៅលើក្បួនរថយន្តរបស់កាកបាទក្រហមដែលបានបណ្តាលឲ្យមនុស្សប្រាំនាក់រងរបួស។ កាកបាទក្រហមភូមានិយាយថា កងកម្លាំងពួកឧទ្ទាមជាអ្នកធ្វើការវាយប្រហារ។ ក៏ប៉ុន្តែ ពួកឧទ្ទាមនិយាយថា គឺពួកកងទ័ពភូមាទេជាអ្នកវាយប្រហារនោះ។
លោក Min មានប្រសាសន៍ថា ពួកឧទ្ទាមហាក់ដូចជាទទួលបរាជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋធានី Laogai នៃតំបន់ Kokang ហើយថា ក្រុមឧទ្ទាមអំបូរ Kokang និងអាចមានយុទ្ធជននៃអំបូរផ្សេងទៀត ត្រូវបានវាយខ្ទប់ជាប់នៅក្នុងទីតាំងមួយនៅជិតព្រំដែនចិន។ លោក Min បាននិយាយយ៉ាងដូច្នេះ៖
«ក៏ប៉ុន្តែ នៅភាគខាងត្បូងនៃការវាយប្រយុទ្ធដើម្បីយកទីក្រុង Laogai កងកម្លាំងរបស់ពួកគេបានគ្រប់គ្រងតំបន់នោះ ហើយមានចលនាវាយប្រហារតាមបែបវាយឆ្មក់ជាច្រើនករណីបានកើតឡើង។ នៅពេលយប់ ពួកគេបានចូលមកក្នុងតំបន់ Laogai ដោយជិះរថយន្តមានផ្ទុកទៅដោយសព្វាវុធធុនធ្ងន់ ហើយនៅពេលព្រឹក ឬពេលយប់ ពួកគេបាញ់ផ្តក់លើចំណុចគោលដៅក្នុងទីក្រុង Laogai បន្ទាប់មក ពួកគេលើកអាវុធទាំងនោះដាក់ឡានតូចហើយត្រឡប់ទៅវិញ។»
លោក Min មានប្រសាសន៍ថា តាមការព្យាករណ៍ ការប្រយុទ្ធគ្នាទំនងជាបន្តពីរបីសប្តាហ៍ទៀត ប៉ុន្តែមិនអាចយូរដល់រាប់ខែនោះទេ៕
ប្រែសម្រួលដោយ នៀម ឆេង