ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​កើន​ឡើង​ ខណៈ​នាវា​ចិន​ធ្វើ​ដំណើរ​​ក្នុង​តំបន់​ប្រតិបត្តិការ​ប្រេង​និង​ឧស្ម័ន​របស់​វៀតណាម


​រូបឯកសារ៖ ឆ្មាំល្បាត​ឈូងសមុទ្រ​ម្នាក់​របស់​វៀតណាម​និយាយ​តាម​អាយកូម​ ក្នុង​អំឡុងពេល​ដែល​លោក​ឃ្លាំមើល​នាវា​ចិនមួយ​គ្រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៤។
​រូបឯកសារ៖ ឆ្មាំល្បាត​ឈូងសមុទ្រ​ម្នាក់​របស់​វៀតណាម​និយាយ​តាម​អាយកូម​ ក្នុង​អំឡុងពេល​ដែល​លោក​ឃ្លាំមើល​នាវា​ចិនមួយ​គ្រឿង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៤។

ចិន​កំពុង​បញ្ជូន​នាវា​កាន់​តែ​ច្រើន​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម ហើយ​ការ​ជ្រៀត​ចូល​កាន់តែ​ញឹកញយ​ និង​ទំហំ​កាន់​តែ​ធំ​របស់​នាវា​ទាំង​នោះ​ដែល​មាន​ជា​កំណត់ត្រា​ចាប់តាំង​ពី​ដើម​ខែ​ឧសភា​មក បាន​ធ្វើ​ឲ្យ​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​កាន់​តែ​ខ្លាំង។

បន្ទាប់​ពី​មាន​ការជ្រៀត​ចូល​មក​រយៈពេល​ជិត​មួយ​ខែ​នៃ​នាវា​ស្ទង់​ទិន្នន័យ​ក្រោម​ទឹក​ និង​កង​នាវា​អម​ដ៏​ធំ​មួយ នាវា​ចិន​កាន់​តែ​ច្រើន​ថែម​ទៀត​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចំណុច​រសើប​នៅ​ក្នុង​ដែន​ទឹក​វៀតណាម។ តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម​លាតសន្ធឹង​ចម្ងាយ​ជាង​៣៧០​គីឡូម៉ែត្រ ​ពីឆ្នេរ​ប្រទេស​នេះ។

អ្នក​ជំនាញ​និយាយ​ថា ​វត្តមាន​នាវា​ស្រាវជ្រាវ នាវា​ឆ្មាំ​សមុទ្រ និង​នាវា​ស៊ីវិល​នៅ​តំបន់​ដែនទឹកនេះ គួបផ្សំ​ពី​លើ​ការ​បៀតបៀន​ប្រតិបត្តិការ​ផ្នែក​ប្រេង​និង​ឧស្ម័ន​របស់​វៀតណាម បង្ហាញ​ពី​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​នៅតំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន។

​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ច្រាន​ចោល «ខ្សែ​ព្រំដែន​ប្រាំបួន​ចំនួន» ដែល​ជា​ផែនទី​កំណត់​ខណ្ឌសីមាចិន​ប្រើប្រាស់​ដើម្បី​ទាមទារ​យុត្តាធិការ​សឹង​តែ​ទាំងស្រុង​លើ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ការ​មិន​ទទួល​យកនេះ​គឺ​មិន​ត្រឹម​តែ​មាននៅ​កម្រិត​ថ្នាក់​មន្រ្តី​រដ្ឋាភិបាល​នោះ​ទេ។

យុវជន​វ័យ ២៦​ឆ្នាំ​ម្នាក់​រស់​នៅ​ក្រុង​ហូជីមិញ​បាន​ប្រាប់​វីអូអេ​ថា៖ «ចិន​គិត​ថា ពួកគេ​ខ្លាំងជាង ល្អជាង ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ចូល​ទៅ​កាន់​កន្លែង​ណា​ដែល​គេ​ចង់ចូល​នៅ​តំបន់​សមុទ្រ​ខាង​កើត​ បើ​ទោះបី​ពួកគេ​ដឹង​ថា​ខុសច្បាប់​ក៏​ដោយ»។ យុវជន​រូប​នេះ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ផលវិបាក​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ការ​និយាយ​ពី​រឿង​នយោបាយ​ និងបាន​ប្រើប្រាស់​ពាក្យ​ជា​ភាសាវៀតណាម​សម្រាប់​ហៅ​តំបន់​សមុទ្រចិនខាងត្បូង។

លោក​បាន​ថ្លែង​ថា៖ «ជម្លោះ​រវាង​វៀតណាម​និង​ចិន​គឺ​ជា ប្រធាន​បទ​នយោបាយ​ដ៏​ក្តៅ​គគុកមួយ»។

លោក Ray Powell ដែល​ដឹកនាំ​គម្រោង Project Myoushu ស្តី​ពី​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ប្រចាំ​សាកលវិទ្យាល័យ​ Stanford នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​វីអូអេ​កាល​ពីខែ​មុន​ថា ការ​ជ្រៀតជ្រែក​របស់​ចិន​បាន​ «ក្លាយ​ជា​អ្វី​ដែល​មាន​ជា​ប្រចាំ»។

លោក​បាន​ថ្លែង​ថា៖ «ចិន​ចង់​ធ្វើ​ឲ្យ [ការ​ជ្រៀតជ្រែក​នេះ] ក្លាយ​ទៅ​ជា​រឿង​ធម្មតារហូត​ដល់​ដំណាក់កាល​មួយ​ដែល​វៀតណាម​លែង​អាច​ប្រតិកម្ម ឬ​តវ៉ា​បាន»។

កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ​នាវា​ល្បាត Zhong Goo Yu Zheng 310 របស់​ចិន និង​នាវា​ប្រណីត​ដឹក​អ្នក​ដំណើរ San Sha 2 Hao បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម ជិត​តំបន់​អណ្តូង​ប្រេង​និង​ឧស្ម័ន​ក្បែរ​តំបន់ Vanguard Bank របស់​វៀតណាម ដែល​ជា​ចំណុច​ប្រឈម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។ កាល​ពី​ឆ្នាំ ២០១៩ នាវា​ល្បាត​ និង​នាវា​ស្ទង់ទិន្នន័យ​ក្រោម​ទឹក​ចិន​បាន​ធ្វើ​ប្រតិបត្តិការ​ជិត​តំបន់ Vanguard Bank ដោយ​បង្ក​ជា​ការ​ប្រឈម​គ្នា​អស់​ពេល​ជា​ច្រើន​ខែ​រវាង​ឆ្មាំ​សមុទ្រ​វៀតណាម និង​ឆ្មាំ​សមុទ្រ​ចិន និង​ការ​រិះគន់​តាម​ការ​ទូត។

រូបឯកសារ៖ ទង់ជាតិ​កងទ័ព​ម៉ារីន​វៀតណាម​បក់​រវិចៗ​នៅ​ក្បែរ​នាវា​ចិន​មួយ​គ្រឿងក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​ ២១០ គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៤។ ​
រូបឯកសារ៖ ទង់ជាតិ​កងទ័ព​ម៉ារីន​វៀតណាម​បក់​រវិចៗ​នៅ​ក្បែរ​នាវា​ចិន​មួយ​គ្រឿងក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​ ២១០ គីឡូម៉ែត្រ​ពី​ប្រទេស​វៀតណាម ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៤។ ​

វៀតណាម​និង​ការ​រិះគន់​ពី​អន្តរជាតិ

លោក Powell បាន​សរសេរ​ថា៖ «ពួកគេ​បាន​ចំណាយ​ពេល​ប្រហែល ៣០​ម៉ោង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម ភាគច្រើន​នៅ​បរិវេណ​ចំណុច​ប្រតិបត្តិការប្រេង​និង​ឧស្ម័ន។ នេះគ្រាន់​តែ​ជា​សារ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ថា ចិន​មាន «យុត្តាធិការ» លើ​ដែន​សមុទ្រ​ទាំង​នេះ»។

តែការណ៍​នេះ​នៅ​តែចាក​ឆ្ងាយ​ពី​ការ​ជ្រៀតជ្រៀក​ដោយ​ចិន​នា​ពេល​ថ្មីៗ​នេះ។

នាវា​ល្បាត​លេខ 5901 ដែល​ជា​នាវា​ឆ្មាំ​សមុទ្រ​ធំ​បំផុត​របស់​ចិន​ បាន​បង្ហាញ​សកម្មភាព​នៅ​ជិត​តំបន់ Vanguard Bank កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា។

នាវា​ល្បាត​លេខ 5403 របស់​ចិន​ក៏​កំពុង​ធ្វើ​ប្រតិបត្តិការ​ជិត​កន្លែង​ខួង​យក​ប្រេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម​រវាង​ថ្ងៃ​ទី៣ ខែ​ឧសភា និង​ថ្ងៃ​ទី៤ ខែ​មិថុនា​ផង​ដែរ។

បើ​តាម​លោក Powell នៅ​ក្នុង​ការ​ជ្រៀតជ្រៀត​ដ៏ «ខ្លាំង​ក្លា​បំផុត» ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ មក​ នាវា​ស្រាវជ្រាវ​ចិន Xiang Yang Hong 10 បាន​ធ្វើ​ប្រតិបត្តិការ​នៅតំបន់​សេដ្ឋកិច្ច​ពិសេសវៀតណាម​អស់​ពេលប្រមាណ​មួយ​ខែ។ ចាប់​ពី​ថ្ងៃ​ទី៧​ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី៤ ខែ​មិថុនា នាវាស្រាវជ្រាវ​នេះ ដែល​ពេល​នោះ​មាន​អមដោយ​នាវា​ផ្សេង​ទៀត​រហូត​ដល់​ ១២​គ្រឿង បាន​ធ្វើ​ប្រតិបត្តិការ​ជា​ចម្បង​នៅ​ជុំវិញ​កន្លែង​ប្រតិបត្តិការរួម​លើ​ផ្នែក​ប្រេង​និង​ឧស្ម័ន​ដែល​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​និង​ក្រុមហ៊ុន​វៀតណាម។

​បើ​ទោះ​បីបណ្តា​ប្រទេស​នានា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​បរទេស ការ​ស្ទង់​ទិន្នន័យ​មិនត្រូវ​បាន​អនុញ្ញាត​ និង​ត្រូវ​ចាត់ទុក​ថា​ មាន​គោលបំណង​អាក្រក់ ប្រសិន​បើ​ធ្វើ​ឡើង​ ដោយ​មិនមាន​ការ​ជូន​ដំណឹង​ទុក​មុន។

ភាព​ខុសប្លែក​នៃ​ផ្លូវ​នាវាចរណ៍​របស់​នាវា Xiang Yang Hong 10 ចង្អុល​បង្ហាញ​ពី​ការ​ពង្រឹង​ការ​អះអាង​ទាមទារ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​តំបន់​ដែល​មាន​ការ​ប្រជែង​គ្នា​ផ្នែក​យុត្តាធិការ។ អំឡុងពេល​ធ្វើ​ដំណើរ​រយៈពេល​បួន​សប្តាហ៍​ នាវា​ស្រាវជ្រាវនេះ​បាន​ត្រឡប់​ទៅ​កាន់​តំបន់​ថ្មប៉ប្រះទឹក Fiery Cross Reef របស់​ចិន មុន​ពេល​វិលត្រឡប់​ចូល​ទៅ​កាន់​ដែនទឹក​របស់​វៀតណាម​វិញ។ ជាជាង​ការ​ប្រើប្រាស់​ផ្លូវ​ត្រង់ នាវា​នេះបាន​ជ្រើស​ផ្លូវ​នាវាចរណ៍​តាម​ទិស​ភាគឦសាន ដោយ​នៅចម្ងាយ​ប្រមាណ​១៥៧​គីឡូម៉ែត្រ ​ពី​ក្រុង Nha Trang នៅ​តំបន់​ឆ្នេរ​កណ្តាល​ឈៀង​ខាង​ត្បូង​វៀតណាម។

លោក Powell បាន​លើក​ឡើង​ថា៖ «នេះ​គ្រាន់​តែ​ជា​វិធី​មួយ​ទៀត​ដែល​ពួកគេ​បង្ហាញ​ថា ពួកគេ​អាច​ឆ្លង​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ពេល​ដែល​ពួកគេ​ចង់។ មិនមាន​ហេតុផល​អ្វី​ក្រៅ​ពី​ការ​បង្ហាញ​ជា​សារ​នោះ​ទេ»។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh (ឆ្វេង) ចាប់​ដៃ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បន្ទាប់​ពីពិធី​ចុះ​ហត្ថលេខា​មួយ​បាន​បញ្ចប់​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។ (GREG BAKER/Pool via REUTERS)
នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh (ឆ្វេង) ចាប់​ដៃ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បន្ទាប់​ពីពិធី​ចុះ​ហត្ថលេខា​មួយ​បាន​បញ្ចប់​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។ (GREG BAKER/Pool via REUTERS)

គោលបំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ

ស្រប​ពេល​ការបំភិត​បំភ័យ​ដល់​ការ​រុករក​ប្រភព​ថាមពល​គឺជា​គោលបំណង​ប្រាកដប្រជា​ជាង​គេ​បំផុត ទង្វើ​នេះ​ទំនង​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​ទាំង​មូល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ។

លោក Van Pham អ្នកស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​វៀតណាម និង​ជា​ប្រធាន​នៃ​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ South China Sea Chronicle Initiative ដែល​តាមដាន​ចរាចរណ៍ដែន​សមុទ្រ​ បាន​សរសេរ​ថា៖ «ការ​រុករក​ក្នុង​ទឹកជ្រៅ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​យុទ្ធសាស្រ្ត​របស់​ចិន​ដើម្បី​ទទួល​បាន​ព័ត៌មាន​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ព័ត៌មាន​សម្ងាត់​ផ្នែក​យោធា»។

លោក​បាន​លើកឡើង​ថា ចិន​បាន​ផ្លាស់​ចុះ​ឡើងនូវ​នាវា​ស្រាវជ្រាវ​និង​នាវា​ស្ទង់​ទិន្នន័យ​ក្រោម​សមុទ្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ដទៃ​ទៀតក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​បាន​បន្ថែម​ថា នាវា​ឆ្មាំ​សមុទ្រ​ចិន​ក៏​ធ្វើ​ប្រតិបត្តិការ​នៅ​ទីតាំង​ដែល​មាន​ភាព​រសើប​ក្នុង​តំបន់​ទឹក​មាន​ជម្លោះ «រាល់​ថ្ងៃ​ជា​ប្រចាំ» ហើយ​អង្គការ​របស់​លោក​បាន​សង្កេត​ឃើញ​ទូកនេសាទ​ចិន​នៅ​តំបន់​ប្រតិបត្តិការ​ប្រេង​និង​ឧស្ម័ន​របស់​វៀតណាម​ផងដែរ។

អ្នក​នេសាទ​វៀតណាម​ជា​រឿយៗ​តែង​ជាប់​នៅ​ក្នុង​ជម្លោះ។ នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​២០២២ ទូក​នេសាទ​វៀតណាម​ចំនួន ៩៨ គ្រឿង ត្រូវ​បាន​បំផ្លាញ​ដោយ​នាវា​ចិន។

​លោក Nguyen The Phuong សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រុង​ហូជីមិញ​បាន​និយាយ​ថា ការ​ឆ្លើយតប​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​ចិន​គឺ​ជា​ចំណាត់ការ​ទប់ទល់​ដែល​អាច​មាន​លក្ខណៈ​បត់បែន​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​លោក​បាន​ថ្លែង​ថា៖ «រាល់​កំហុស​តូចតាច​ណា​មួយ​ពី​ភាគីវៀតណាម​អាច​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​តានតឹង។ នេះ​ពិត​ជា​ស្ថានភាពដ៏​លំបាក​ខ្លាំង​មួយ»។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ជ្រៀតជ្រែក​អស់​ពេល​ប្រមាណ​មួយ​ខែ​របស់​នាវា​ Xiang Yang Hong 10។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​លោកស្រី​ Pham Thu Hang បាន​ជំរុញ​ឲ្យ​ចិន​ដក​ចេញនាវា​ស្រាវជ្រាវ នាវា​ឆ្មាំ​សមុទ្រ និង​ទូក​នេសាទ ហើយ «គោរព​បូរណភាព​ដែនដី និង​សិទ្ធិ​យុត្តាធិការ​របស់​វៀតណាម»។

​លោក​Phuong ​បាន​ថ្លែង​ថា៖ «វៀតណាម​ត្រូវ​មាន​ភាព​ប្រយ័ត្នប្រយែង​ពី​របៀប​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន​ទាំង​ពី​ខាង​ក្រៅ​ និង​នៅ​ផ្នែក​ផ្ទៃ​ក្នុង​ ចំពោះ​របៀប​គ្រប់គ្រង​អារម្មណ៍​ជាតិ​និយម​នៅ​ក្នុង​បែបផែន​មួយ​ដែល​មិនប៉ះពាល់ធម្មនុញ្ញភាព​របស់​រដ្ឋ»។

យ៉ាងណាក្តី ភាព​មិន​ស្រុះស្រួល​គ្នាទំនង​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង។

លោក Phuong បាន​លើកឡើង​ថា៖ «វា​នឹង​កើត​ឡើង​នា​ពេល​អនាគត​សាជាថ្មី ហើយ​ [នឹង] កាន់​តែ​ខ្លាំងក្លា​ជាង​នេះ»។

សម្រាប់​ពេល​នេះ​ យុវជន​វ័យ ២៨​ឆ្នាំ​ម្នាក់​ រស់​នៅ​ក្រុង​ហូជីមិញ ជឿ​ជាក់​ថា រដ្ឋាភិបាល​វៀតណាម​នឹង​ធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បី​រក្សា​ស្ថិរភាព។

ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ភាព​រសើប​នៃ​ប្រធានបទ​នេះ​ លោក​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​វៀតណាម​យល់​ពី​ការ​ដោះស្រាយ​ស្ថានភាព​ទាំង​នេះ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​វៀតណាម​មាន​ជំនាញ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ពួកគេ​ (ចិន) ដើម្បី​បញ្ចៀស​សង្រ្គាម»៕



ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG