អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្មនិងថាមពលជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីហាណូយនៃប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យម្សិលមិញដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអាល្លឺម៉ង់ ក្នុងរយៈពេលជា១០ឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាល្លឺម៉ង់រូបនេះនៅក្នុងប្រទេសវៀណាមត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកScholz កំពុងធ្វើដំណើរទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬG20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក Olaf Scholz បានគូសបញ្ជាក់ពីតួនាទីកាន់តែរីកធំឡើងរបស់វៀតណាមនៅក្នុងសង្វាក់ផ្គត់ផ្គង់ជាសាកល ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនកំពុងពិចារណាធ្វើឱ្យមានលក្ខណចម្រុះនៃប្រតិបត្តិការផលិតរបស់គេដោយបានពង្រីកវត្តមានបន្ថែមពីលើប្រទេសចិន ដែលជាមជ្ឈមណ្ឌលជំនួញដ៏សំខាន់របស់គេនោះ។
នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននិយាយថារដ្ឋាភិបាលអាល្លឹម៉ង់ ចង់បង្កើតឱ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រ ទេសវៀតណាម ឱ្យកាន់តែជ្រាលជ្រៅថែមទៀត ហើយនឹងគាំទ្រវៀតណាមឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលកាត់បន្ថយការប៉ះពាល់ខ្លាំងលើវិស័យបរិស្ថាន ដែលក្នុងនោះក៏រួមមានផងដែរការពង្រីកប្រព័ន្ធរថភ្លើងក្រោមដីក្នុងរដ្ឋធានីហាណូយជាដើម។
ដំណើរទស្សនកិច្ចរបស់លោក Scholz ទៅកាន់ប្រទេសវៀតណាមកើតមានឡើង បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់រូបនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុនដែលជាដំណើរទស្សនកិច្ចមួយដោយមេដឹកនាំបញ្ជឹមប្រទេសមួយរូបទៅកាន់ប្រទេសនេះ បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក។ លោកOlaf Scholz មានគម្រោងនឹងទៅបំពេញទស្សនកិច្ចក្នុងប្រទេសសិង្ហបុរីបន្ទាប់ពីប្រទេសវៀតណាម មុនពេលដែលលោកចេញដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលG20 ដែលនឹងធ្វើឡើងពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
វៀតណាមនិងប្រទេសសិង្ហបុរីជាប្រទេសតែពីរគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ ដូចនេះ ប្រទេសទាំងពីរនេះ ជាដៃគូពាណិជ្ជកម្មដ៏បំផុតរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់។
មានក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ប្រមាណ៥០០ កំពុងធ្វើរកស៊ីនៅក្នុងប្រទេសវៀតណាមហើយក្នុងចំណោមនោះមានក្រុមហ៊ុនប្រមាណ៨០មានរោងចក្រផលិតនៅក្នុងប្រទេសវៀតណាមដោយផ្ទាល់។ នេះបើតាមការឱ្យដឹងរបស់សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅក្នុងប្រទេសវៀតណាម៕