ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​បាញ់​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ជិត​ព្រំដែន​សមុទ្រ


កម្មវិធី​ព័ត៌មាន​មួយ​បង្ហាញ​ពី​រូប​ថត​ឯកសារ​របស់​នាវា​កងទ័ព​ជើងទឹក​របស់​កូរ៉េខាងត្បូង​​ នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២៤ ខែតុលា​ ឆ្នាំ២០២២។
កម្មវិធី​ព័ត៌មាន​មួយ​បង្ហាញ​ពី​រូប​ថត​ឯកសារ​របស់​នាវា​កងទ័ព​ជើងទឹក​របស់​កូរ៉េខាងត្បូង​​ នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២៤ ខែតុលា​ ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ពួកគេ​បាន​បាញ់​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ជិត​តំបន់​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​ទាំង​ពីរ ដែល​នេះ​គឺ​ជា​ការ​ផ្ទុះ​ឡើង​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ភាព​តានតឹង​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ។

យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ព្រមាន​នាវា​ជំនួញ​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ដែល​ឆ្លង​ផុត​ខ្សែ​កំណត់​ព្រំដែន​ខាង​ជើង (Northern Limit Line (NLL)) ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ព្រំដែន​សមុទ្រ​ជាក់ស្ដែង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ នៅ​វេលា​ម៉ោង ៣ និង ៤២ នាទី​ទៀប​ភ្លឺ​កាលពី​ថ្ងៃ​ចន្ទ។

ប្រហែល​ជា ៩០ នាទី​ក្រោយ​មក កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង ១០ គ្រាប់​ចេញ​ពី​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ដែល​អាច​បាញ់​បាន​ច្រើន​គ្រាប់​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​នាវា​យោធា​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​ដែល​បាន​ឆ្លងកាត់​ខ្សែ​បន្ទាត់​ព្រំដែន​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​យោធា​កូរ៉េ​ខាង​ជើង​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ជិត​កោះ Baengnyeong ដែល​ជា​កោះ​ជួរ​មុខ​ត្រួតត្រា​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បំពាក់​ខ្លាំងក្លា​ដោយ​កងទ័ព​និង​សព្វាវុធ។ យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា នាវា​កូរ៉េ​ខាង​ជើង​នោះ​បាន​ត្រឡប់​ទៅ​ទិស​ខាង​ជើង​វិញ បន្ទាប់ពី​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​ព្រមាន។

បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ យោធា​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ​នៅ​ឯ​សមុទ្រ​ភាគ​ខាង​លិច​របស់​ខ្លួន «ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​បង្កហេតុ​របស់​សត្រូវ»។

សមយុទ្ធ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ទ្រង់ទ្រាយ​ធំ​របស់​កូរ៉េ​ខាង​ត្បូង ដែល​មាន​ការ​ចូលរួម​ពី​នាវា​ពិឃាត នាវា​ចម្បាំង ឧទ្ធម្ភាគចក្រ​ចម្បាំង និង​យន្តហោះ​ចម្បាំង​នានា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង។ ក្រសួង​នេះ​បាន​បន្ថែម​ថា កងទ័ព​ជើង​អាកាស​របស់​សហរដ្ឋ​អាមេរិក​ក៏​នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ផង​ដែរ។

លោក Ryu Hyo-sang មេបញ្ជាការ​កង​នាវា​ទី ២ នៃ​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការ​ធ្វើ​សមយុទ្ធ​នៅ​ក្នុង​សមុទ្រ​ភាគ​ខាង​លិច​នេះ បាន​និយាយ​ថា៖ «ប្រសិនបើ​សត្រូវ​បង្ក​ហេតុ យើង​នឹង​ដាក់​ទណ្ឌកម្ម​ពួកគេ​ដូច​ដែល​យើង​បាន​ហ្វឹកហាត់​ដូច្នេះ​ដែរ។ យើង​ត្រូវតែ​ការពារ​ដែន​ទឹក​របស់​យើង»៕

XS
SM
MD
LG