ប្រព័ន្ធផ្សព្វផ្សាយ KCNA របស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានមើលការខុសត្រូវលើការបាញ់សាកល្បងមីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយពីរគ្រាប់ ដែលលោកបានពណ៌នាថាជាការបង្ហាញដ៏ជោគជ័យនៃការពង្រីកសមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កងទ័ពកូរ៉េខាងជើង និងជាការត្រៀមលក្ខណៈសម្រាប់ «សង្គ្រាមជាក់ស្តែង»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើឱ្យការសាកល្បងអាវុធរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះមានចំនួនច្រើនដងមិនធ្លាប់មានពីមុនមក។ ប្រទេសនេះបានបង្កើនសកម្មភាពសាកល្បងអាវុធរបស់ខ្លួនដោយបានគំរាមកំហែងធ្វើការវាយប្រហារជាមុនដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ប្រសិនបើខ្លួនយល់ឃើញថាថ្នាក់ដឹកនាំកូរ៉េខាងជើងស្ថិតក្នុងភាពគ្រោះថ្នាក់។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា មីស៊ីលទាំងពីរគ្រាប់ដែលត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធម្សិលមិញនោះ បានហោះជិត ៣ ម៉ោង និងបានបង្ហាញឱ្យឃើញថាមីស៊ីលនេះអាចបាញ់ចំគោលដៅក្នុងរង្វង់ចម្ងាយ ២.០០០ គីឡូម៉ែត្រ។
ទីភ្នាក់ងារព័ត៌មាន KCNA បានបន្ថែមថា ការសាកល្បងនេះបានបង្ហាញពីភាពត្រឹមត្រូវជាក់ច្បាស់ និងប្រសិទ្ធភាពនៃការវាយប្រហាររបស់ប្រព័ន្ធអាវុធនេះនៅក្នុងសង្គ្រាម ហើយប្រព័ន្ធអាវុធនេះត្រូវបានដាក់នៅតាមកងយោធាកូរ៉េខាងជើងដែលធ្វើប្រតិបត្តិការអាវុធនុយក្លេអ៊ែរ «កលយុទ្ធ» នៅក្នុងសមរភូមិ។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បួងបាននិយាយថា ពួកគេកំពុងវិភាគទៅលើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ។ ប្រធានគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានបញ្ជាក់ថា មីស៊ីលនេះនឹងបង្កការគំរាមកំហែងដ៏ធំដល់ប្រទេសជប៉ុន ប្រសិនបើការលើកឡើងរបស់កូរ៉េខាងជើងអំពីរយៈចម្ងាយនៃមីស៊ីលនេះគឺត្រឹមត្រូវពិតប្រាកដនោះ៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —