ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសង្គម និងបរិស្ថាន បង្ហាញការខកចិត្តជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដែលមិនទាន់ស្វែងរកឃើញជននៅពីក្រោយការរៀបចំឱ្យមានការបាញ់សម្លាប់សកម្មជនព្រៃឈើល្បីល្បាញមួយរូបគឺលោក ឈុត វុទ្ធី ដែលបានកើតឡើងកាលពី១០ឆ្នាំមុននៅក្នុងខេត្តកោះកុង។
លោកឈុត វុទ្ធីក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបន្តចងចាំអំពីសេចក្តីក្លាហានរបស់លោកក្នុងការការពារធនធានព្រៃឈើនៅប្រទេសកម្ពុជា។
កាលពីថ្ងៃអង្គារទី ២៦ខែមេសានេះ គឺជាខួប១០ឆ្នាំនៃការស្លាប់របស់លោកឈុត វុទ្ធី ក្នុងពេលលោកចុះទៅអង្កេតទីតាំងមួយនៅតំបន់ជួរភ្នំក្រវាញដែលត្រូវបានគេសង្ស័យថា មានការប្រព្រឹត្តបទល្មើសព្រៃឈើ។
អំឡុងពេលរំឭកខួប១០ឆ្នាំនៃមរណភាពរបស់លោកឈុត វុទ្ធី ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននាំយកលិខិតចំហរួមមួយ ដាក់ទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យក្រសួងទាំង២ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតស្វែងរកការណ៍ពិត ដោយឯករាជ្យ តម្លាភាព យុត្តិធម៌ ដើម្បីឈានទៅកំណត់រកអ្នកបញ្ជា និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើរូបនោះ។
លិខិតចំហរបស់អង្គការសង្គមស៊ីវិលចំនួន២៧ស្ថាប័ន រួមមានសមាគមបណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ជាដើម នោះឱ្យដឹងថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការរកស៊ីឈើដោយខុសច្បាប់។
លិខិតចំហដដែលលើកឡើងថា៖«យើងទាំងអស់គ្នាដែលជាសមាគម អង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធខាងលើនឹងបន្តធ្វើការស៊ើបអង្កេតដោយឯករាជ្យឱ្យបានឆាប់រហ័ស និងដោយយកចិត្តទុកដាក់លើករណីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិលោក ឈុត វុទ្ធី ក៏ដូចជាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់យុវជន និងអ្នកការពារធនធានធម្មជាតិ ដើម្បីឱ្យអ្នកទាំងនោះអាចចូលរួមការពារធនធានធម្មជាតិយ៉ាងសកម្ម ជាមួយអាជ្ញាធររដ្ឋ»។
យ៉ាងណាក៏ដោយ ក្នុងពេលដាក់លិខិតទៅកាន់ក្រសួងទាំង២នោះ គឺមានតែក្រសួងយុត្តិធម៌ប៉ុណ្ណោះដែលព្រមទទួលយក។ ចំណែកក្រសួងមហាផ្ទៃបានបដិសេធមិនទទួលយកលិខិតចំហរួមនោះ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បង្ហាញការសោកស្តាយ ដែលក្រសួងមហាផ្ទៃបានឆ្លើយតបដោយ មិនទទួលយកលិខិតចំហរួមរបស់អង្គការសង្គមស៊ីវិល ក្រោមហេតុផលថា លិខិតនោះត្រូវបានសរសេរមិនត្រឹមត្រូវតាមកិច្ចការរដ្ឋបាល និងថាជា«លិខិតអនាមិក»។
លោកនិយាយថា៖«នេះគឺជារឿងដ៏គួរឱ្យសោកស្តាយ។ ការរំពឹងទុករបស់យើងថាក្រសួងមហាផ្ទៃនឹងទទួលយកហើយនឹងបើកការស៊ើបអង្កេត ប៉ុន្តែផ្ទុយទៅវិញ ក្រសួងមហាផ្ទៃបានលើកឡើងអំពីហេតុផលរដ្ឋបាល ហើយមិនទទួលលិខិតរបស់យើង។ នេះជារឿងមួយដែលយើងមានការសោកស្តាយមែនទែន»។
ទោះជាយ៉ាងណាក្តី លោកសង្ឃឹមថា ក្រសួងយុត្តិធម៌ដែលជាស្ថាប័នយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងបន្តការស៊ើបអង្កេតជាពិសេសនោះស្វែងរកជនដែលនៅពីក្រោយខ្នងអ្នកដែលសម្លាប់លោក ឈុត វុទ្ធីនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណាយល់ថា ក្រសួងមហាផ្ទៃ មិនគួរបដិសេធ និងមិនទទួលយកលិខិតចំហដោយសំអាងត្រឹមតែមិនបានបំពេញលក្ខខណ្ឌរដ្ឋបាលនោះទេ។
បើតាមលោកស៊ឹង សែនករុណា ប្រសិនបើក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការទទួលយកលិខិតនេះទៅពិនិត្យមើល និងដោះស្រាយបញ្ហាដែលបានលើកឡើងគឺអាចទៅរួច។ លោកប្រាប់វីអូអេបន្ថែមថា៖
«ខ្ញុំគិតថា បើក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការទទួលលិខិតហ្នឹង គឺអាចទទួលយកបាន ហើយបើយើងនិយាយពីលិខិតអនាមិកយ៉ាងម៉េច ? បើការដាក់លិខិតហ្នឹងមានការបញ្ជាក់អំពីស្ថាប័នរបស់អង្គការសង្គមស៊ីវិលដែលចូលរួមនៅក្នុងលិខិតចំហហ្នឹង»។
លោកឈុត វុទ្ធី ជាអតីតសកម្មជនការពារព្រៃឈើម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តកោះ កុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅពេលដែលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកសារព័ត៌មានពីររូបរបស់កាសែតThe Cambodia Daily។
ស្របពេលអង្គការសង្គមស៊ីវិលរំឭកខួប១០ឆ្នាំនៃការបាញ់សម្លាប់លោកឈុត វុទ្ធីនោះ សកម្មជនមួយក្រុមដែលភាគច្រើនជាយុវតី និងដែលជាអ្នកតស៊ូមតិក្នុងបញ្ហាសិទ្ធិមនុស្ស និងបរិស្ថានបង្ហាញបំណងជិះកង់ធ្វើយុទ្ធនាការរំឭកខួបនេះផងដែរ។
ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខខណ្ឌដូនពេញមិនតិចជាង២០នាក់ ចុះមកហាមឃាត់ និងមិនអនុញ្ញាតឱ្យជិះកង់តាមបំណងរបស់ពួកគេនោះទេ និងក៏មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យធ្វើយុទ្ធនាការដោយការដើរតាមផ្លូវសាធារណៈទៅកាន់ក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន និងទៅបួងសួងនៅមុខព្រះអង្គដងកើ ដើម្បី រំឭកនូវវីរភាពរបស់លោក ឈុត វុទ្ធី។ សកម្មជនស្ត្រីទាំងនោះ ចាត់ទុក លោក ឈុត វុទ្ធីជា«វីរភាពមួយដ៏អស្ចារ្យដែលបានការពារព្រៃឈើកម្ពុជា»។
សកម្មជនក្រុមខ្មែរថាវរៈ អ្នកស្រីឈឿន ដារ៉ាវី ដែលស្ថិតក្នុងចំណោមសកម្មជនខាងលើ ប្រាប់វីអូអេថា ការធ្វើយុទ្ធនាការជិះកង់នេះគឺជាការចូលរួមចំណែករកយុត្តិធម៌ដល់លោក ឈុត វុទ្ធី ក៏ដូចជាក្រុមគ្រួសារគាត់ ពីព្រោះមកដល់ពេលនេះ អ្នកស្រីជឿថា យុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី មិនទាន់មាននៅឡើយទេ។ អ្នកស្រីនិយាយថា ការដាក់បន្ទុកនៃការសម្លាប់លោក ឈុត វុទ្ធីនិងការស្លាប់នៃកងរាជអាវុធហត្ថម្នាក់ទៅលើតែបុគ្គលសន្តិសុខក្រុមហ៊ុនម្នាក់ នោះ គឺមិនទាន់គ្រប់គ្រាន់នោះទេ។
អ្នកស្រីថ្លែងថា៖ «មកដល់ពេលនេះ យើងឃើញថា មិនទាន់មានយុត្តិធម៌នៅឡើយ... មិនទាន់ឃើញថា វែកញែក វែកមុខឃាតកពិត ហើយអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកឈុត វុទ្ធីនោះទេ។ អ៊ីចឹង អ្វីដែលយើងចង់បង្ហាញនោះគឺ យើងយកផ្កាឈូកទៅដាក់នៅក្រសួងបរិស្ថាន ក្រសួងយុត្តិធម៌ដើម្បីឱ្យគាត់ដឹងថា ពួកគាត់ត្រូវតែបំពេញតួនាទីរបស់គាត់ដើម្បីជាទីទុកចិត្តរបស់ពលរដ្ឋខ្មែរ»។
ដោយឡែកសកម្មជនជាបុរសពីរនាក់ទៀតគឺលោក ហ៊ុន វណ្ណៈ និងលោក ស្វាយ សំណាង ដែលជាសមាជិកនៃក្រុមខ្មែរថាវរៈ ត្រូវគេឃើញប្រឈមមុខដោយពាក្យសម្តីជាមួយអាជ្ញាធរខណ្ឌដូនពេញ ក្រោយសកម្មជនជាស្ត្រីទាំង៥នាក់នោះត្រូវបានអាជ្ញាធររារាំងមិនឱ្យធ្វើយុទ្ធនាការ។
អំឡុងពេលនៃការប៉ុនប៉ងធ្វើយុទ្ធនាការរំឭកដល់មរណភាពរបស់លោកឈុត វុទ្ធីនោះ សកម្មជនមួយចំនួនត្រូវបានគេសង្កេតឃើញថា មានពាក់អាវដែលមានរូបលោកឈុត វុទ្ធី ភ្ជាប់អក្សរមួយចំនួនដូចជា «វីរៈបុរស ឈុត វុទ្ធី» «ខ្ញុំជា ឈុត វុទ្ធី» និងមានកាន់រូបថតលោក ឈុត វុទ្ធី និងការតុបតែងខ្លួនហើយនឹងមួកដោយភ្ជាប់ជាមួយស្លឹកឈើជ័រ ដើម្បីតំណាងឱ្យធនធានធម្មជាតិ និងព្រៃឈើជាដើម។
គួររំឭកឡើងវិញផងដែរថា បើតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរកន្លងមកនោះ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នារឿងដែលកងកម្លាំងចង់រឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះអ៊ិន រតនាក៏បានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញការសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថអ៊ិន រតនារហូតរេលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះរ៉ាន់ បូរ័ត្ន ពីបទ«មនុស្សឃាតដោយអចេតនា» មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សំណុំរឿងពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក ឈុត វុទ្ធីត្រូវបានតុលាការសាលាដំបូងខេត្តកោះកុងដោះស្រាយនិងបិទបញ្ចប់តាមនីតិវិធីរួចរាល់ហើយ។ លោកបន្ថែមថា ប្រសិនបើគ្រួសាររបស់ជនរងគ្រោះមិនសុខចិត្តគឺអាចប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតបាន។
លោកខៀវ សុភ័គថ្លែងថា៖«បើអ្នកឯងមិនត្រូវចិត្តហ្នឹងតុលាការសាលាដំបូងខេត្តកោះកុងទេ សាមីខ្លួនក្រុមគ្រួសារ ហើយមេធាវីជនរងគ្រោះ... ប្តឹងទៅសាលាឧទ្ធរណ៍ទៀតទៅ !អាហ្នឹងច្បាប់របស់កម្ពុជា។ មិនមែនអង្គការមហាជន...ស៊ីលុយក្រៅប្រទេសមកធ្វើបាតុកម្មតាមតែញត្តិ [ចិត្ត] ឯងនឹកឃើញនោះទេ។ នគរមានច្បាប់មានទម្លាប់!បើតាមតែខ្លួនឯងនឹកឃើញមិនពេញចិត្តៗ....មិនពេញចិត្តទៅនៅលើមេឃតែឯងទៅ!»
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោកជិន ម៉ាលីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេនៅថ្ងៃពុធនេះ។ ប៉ុន្តែ លោកប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា សង្គមស៊ីវិលកំពុងដើរតួនាទីធំជាងស្ថាប័នយុត្តិធម៌ និងទាមទារឱ្យក្រុមសង្គមស៊ីវិលទាំងនោះ ផ្តល់ភស្តុតាងជាក់លាក់ក្នុងការបន្តរកយុត្តិធម៌ ដោយកុំគ្រាន់តែទាមទារតាមការនឹកឃើញ និងតាមអារម្មណ៍នោះ៕