មុនមួយថ្ងៃនៃខួប១០ឆ្នាំនៃមរណភាពរបស់សកម្មជនព្រៃឈើលេចធ្លោម្នាក់គឺលោក ឈុត វុទ្ធី ក្រុមអង្គការសង្គមស៊ីវិលបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់សកម្មជនរូបនោះដើម្បីរំឭកវីរភាព និងទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីឃាតកម្មនេះ ដោយហេតុថា របាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ចដែលធ្វើឡើងកន្លងមកពាក់ព័ន្ធនឹងឃាតកម្មនេះគឺមិនច្បាស់លាស់ និងមិនអាចទទួលយកបានទេ។
ពិធីបុណ្យខាងលើត្រូវបានរៀបចំនៅព្រឹកថ្ងៃចន្ទនេះ នៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដោយមានសមាគមបណ្តាញយុវជនកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមនិស្សិតបញ្ញវន្តខ្មែរ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ព្រមទាំងយុវជនជាង៤០នាក់ចូលរួម។ ដំណាលគ្នានឹងការរៀបចំពិធីបុណ្យនេះ គេក៏សង្កេតឃើញមនុស្សមួយក្រុមដែលស្លៀកពាក់ស៊ីវិលអង្គុយនៅជិតទីតាំងការិយាល័យផ្ទះសាមគ្គីនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ និយាយនៅក្នុងពិធីជួបជុំបង្សុកូលនោះថា ការប្រារព្ធពិធីបង្សុកូលនេះឡើងគឺដើម្បីរំឭកដល់វីរភាពលោក ឈុត វុទ្ធី និងទាមទារឱ្យមានការផ្តល់យុត្តិធម៌ដល់រូបលោក និងគ្រួសារ។
លោកលើកឡើងថា៖ «យើងចង់យកឱកាសនេះដើម្បីជួបជុំគ្នា ហើយយើងថ្លែងសារ។ យើងទាមទារនូវយុត្តិធម៌។ ហើយនៅថ្ងៃស្អែក យើងនឹងមានកម្មវិធីមួយទៀត។ យើងនឹកយកលិខិតចំហ និងសេចក្តីថ្លែងការណ៍រួមទៅដាក់នៅក្រសួងពាក់ព័ន្ធដើម្បីបង្ហាញគោលជំហររបស់យើងក្នុងនាមជាសង្គមស៊ីវិល ក្នុងនាមជាយុវជនថា យើងនៅតែចងចាំនូវវីរភាពរបស់លោក ឈុត វុទ្ធី ហើយយើងនៅតែបន្តគោលជំហរទាមទារយុត្តិធម៌ទាមទារភាពត្រឹមត្រូវសម្រាប់លោក ឈុត វុទ្ធីក៏ដូចជាគ្រួសាររបស់លោកទៅដល់រដ្ឋាភិបាល។ ហើយជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេត ប្រកបដោយតម្លាភាព និងគណនេយ្យភាពដើម្បីបង្ហាញនូវយុត្តិធម៌ទៅដល់សាធារណជន ក៏ដូចជាលោក ឈុត វុទ្ធីផ្ទាល់»។
លោកបានកត់សម្គាល់ថា តាំងពីមានការបាញ់សម្លាប់លោក ឈុត វុទ្ធី មក សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន។ មិនតែប៉ុណ្ណោះ លោកថា ប្រជាសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋ គឺត្រូវបានអាជ្ញាធររឹតត្បិតមិនឱ្យចូលល្បាតការពារព្រៃឈើនោះទេ។
ចំណែកនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត ថ្លែងថា ករណីលោក ឈុត វុទ្ធី មិនទាន់មានភាពយុត្តិធម៌ពេញលេញនៅឡើយទេ ដោយលោកថា របាយការណ៍នៃការស៊ើបអង្កេតរបស់អាជ្ញាធរ គឺមានការប្រែប្រួល និងមិនមានភាពប្រទាក់ក្រឡានឹងសាច់រឿងនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី ទាល់តែសោះ។ លោកទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតដោយតម្លាភាព យុត្តិធម៌ និងស្វែងរកការណ៍ពិត ជាពិសេសរឿងរ៉ាវនៅពីក្រោយខ្នងនៃការបាញ់សម្លាប់នេះ ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារលោក ឈុត វុទ្ធី និងប្រជាពលរដ្ឋដែលស្រឡាញ់លោក ឈុត វុទ្ធី។
លោក អំ សំអាត បានពន្យល់អំពីភាពប្រែប្រួលនូវរបាយការណ៍របស់អាជ្ញាធរលើឃាតកម្មលោក ឈុត វុទ្ធី យ៉ាងដូច្នេះថា៖
«របាយការណ៍ទី១ និងព័ត៌មានទី១ ដែលយើងទទួលបានពីអាជ្ញាធរ គេដាក់បន្ទុកលើ ឈុត វុទ្ធី ទៅទៀតថា លោក ឈុត វុទ្ធីមានកំាភ្លើងខ្លី ហើយបាញ់លើ PM [មន្ត្រីអាវុធហត្ថ]ហើយស្លាប់។ ហើយពេលបាញ់គ្នា គឺបាញ់ទៅបាញ់មក លោក ឈុត វុទ្ធី ក៏ស្លាប់ PM ក៏ស្លាប់។ ...ចេញរបាយការណ៍ទី២ ព័ត៌មានទី២ ថា PM បាញ់លោក ឈុត វុទ្ធី ដោយនៅក្នុងឡាន ហើយបាញ់គ្រាប់ទី២ត្រូវឡាន ហើយផ្លាតត្រូវខ្លួនស្លាប់ទៅ។ វាសុទ្ធតែរឿងអត់សមទៅទៀត។ វាសុទ្ធតែមិនអាចទៅរួច»។
លោកបន្ថែមថា៖«អ៊ីចឹងរបាយការណ៍ទី៣ដែលយើងទទួលបានថា PM បានបាញ់លើលោក ឈុត វុទ្ធី នៅក្នុងរថយន្តស្លាប់ ហើយមានសន្តិសុខក្រុមហ៊ុនមួយ ឈ្មោះ រ៉ាន់ បូរ័ត្ន ឃើញក៏រត់ទៅប្រតាយប្រតប់កុំឱ្យបាញ់ ហើយកំាភ្លើងក៏រាកៃត្រូវPM ស្លាប់ទៅ។ អាហ្នឹងកាន់តែអត់សមទៅទៀត ដោយសារអី គាត់ជា PM ។ គាត់ជាអ្នកជំនាញក្នុងការប្រើប្រាស់កំាភ្លើង ហើយមិនមែនជាកំាភ្លើងខ្លីទេ កំាភ្លើងវែង។ យើងស្រមៃមើលថា តើប្រតាយប្រតប់របៀបណា បានកាណុងកាំភ្លើងវិលមកត្រូវខ្លួន។ ចំណុចទាំងអស់នេះ ហើយដែលជាចំណុចសង្ស័យ ថា ភាពយុត្តិធម៌របស់លោក ឈុត វុទ្ធី គឺមិនត្រូវបានទទួលនៅឡើយទេ»។
គួរបញ្ជាក់ថា លោក ឈុត វុទ្ធី ដែលជាអតីតសកម្មជនការពារព្រៃឈើម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តកោះ កុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២ នៅពេលដែលលោកចុះស៊ើបអង្កេតនិងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញជាមួយអ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily។
បើតាមរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នារឿងដែលកងកម្លាំងចងរឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនាក៏បានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។ អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញការសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរាលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ«មនុស្សឃាតដោយអចេតនា» មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ដំណើរការស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី បានបិទបញ្ចប់ទៅហើយ ដូច្នេះលោកថា មិនមានហេតុផលណា ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តធ្វើការលើសំណុំរឿងនេះទៀតទេ។
«ដូចជាមិនមានអ្វីឆ្លើយតបទេ ក្មួយ។ យើងបានរៀបចំចប់សព្វគ្រប់អស់ហើយតាមនីតិវិធីរបស់តុលាការរួចរាល់អស់ហើយដែរ»។
យ៉ាងណាក៏ដោយប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាពទាមទារឱ្យមានការស៊ើបអង្កេតបន្ថែមទៀតដើម្បីស្វែងរកការណ៍ពិតពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក ឈុត វុទ្ធី។
អ្នកស្រីថ្លែងថា៖ «រឿងនេះជារឿងមួយដែលមកដល់ពេលនេះ សម្រាប់យើងជាអង្គការសង្គមស៊ីវិលនៅតែបន្តក្នុងការទាមទារឱ្យមានការស៊ើបអង្កេត ដោយយុត្តិធម៌ ដោយច្បាស់លាស់ និងផ្តល់នូវយុត្តិធម៌ដល់លោក ឈុត វុទ្ធី ដែលបានបាត់បង់ជីវិតទៅ ហើយ ហើយសម្រាប់ក្រុមគ្រួសាររបស់គាត់ ដើម្បីទទួលបាននូវសិទ្ធិដឹងឮនូវការណ៍ពិត ហើយសម្រាប់យើងទាំងអស់គ្នាជាសាធារណជនអាចដឹងនូវរឿងរ៉ាវការណ៍ពិតជុំវិញឃាតកម្មរបស់គាត់»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា លើកឡើង ថា លោក ឈុត វុទ្ធី និងវីរជនផ្សេងទៀតបានពលីជីវិត ដើម្បីការពារព្រៃឈើ ធនធានធម្មជាតិ និងការងារសង្គម។ លោកជំរុញឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាមានយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ដោយតម្លាភាពក្នុងករណីនេះ។ លោកបន្តថា ការគំរាមកំហែង គឺមិនអាចបញ្ឈប់សកម្មភាពរបស់ប្រជាពលរដ្ឋ និង សកម្មជនសង្គមបានទេ។
លោកនិយាយថា៖ «ខ្ញុំគ្រាន់តែផ្ញើសារខ្លះជូនទៅអ្នកប៉ុនប៉ង យាយី ការគំរាមកំហែងទៅលើសកម្មជនព្រៃឈើក៏ដោយ បរិស្ថានក៏ដោយ សិទ្ធិមនុស្សក៏ដោយ សកម្មជនសង្គមក៏ដោយ ខ្ញុំគិតថា...យើងកុំគិតថាវាជាការគំរាមកំហែង ការសម្លុតទាំងអស់ហ្នឹងធ្វើឱ្យមនុស្ស[បាក់ស្បាត]... ឬក៏ឈប់មកធ្វើសកម្មភាពទាំងអស់ហ្នឹងគឺអត់ទេ។ នៅពេលណាដែលយើងមើលឃើញទាំងអស់ហ្នឹងថា ជារឿងអយុត្តិធម៌ ខ្ញុំគិតថា សង្គមអត់អាចបញ្ឈប់បានទេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន ប្រតិកម្មថា សង្គមស៊ីវិលកំពុងដើរតួនាទីធំជាងស្ថាប័នយុត្តិធម៌។
លោកថ្លែងថា៖ «ពួកគាត់ធំជាងសមត្ថកិច្ច ធំជាងតុលាការ ហើយអាចស្រាវជ្រាវច្បាស់ជាងតុលាការ។ ឱ្យគាត់ផ្តល់ឱ្យមក! ពីព្រោះអ្វីដែលសមត្ថកិច្ចស្រាវជ្រាវមានប៉ុណ្ណឹង ហើយផ្អែកលើមូលដ្ឋានផ្លូវច្បាប់ អង្គហេតុ ឈានទៅដល់ការផ្តន្ទាទោស។ អាហ្នឹងជាអ្វីដែលសមត្ថកិច្ចរកឃើញ។ ហើយអ្វីដែលពួកគាត់យល់ថា អាហ្នឹងរកមិនប្រទាក់ក្រឡា អត់ស៊ីសង្វាក់គ្នា អត់ត្រូវ ឱ្យគាត់បង្ហាញអ្វីដែលគាត់លើកឡើងហ្នឹងមកដែលផ្ទុយនឹងអ្វីដែលសមត្ថកិច្ចលើកឡើងនេះ។ ហើយកន្លងមកវាអត់ឃើញ!បានតែថា! អត់ឃើញមានបង្ហាញអ្វីសោះ ហើយអ៊ីចឹងឱ្យគេទៅរកយុត្តិធម៌តាមការនឹកឃើញ តាមអារម្មណ៍ម៉េចបាន...»។
លោក ឈុត វុទ្ធី មិនមែនជាជនរងគ្រោះតែម្នាក់គត់ពីការវាយប្រហាររបស់ជនល្មើសកាប់ព្រៃខុសច្បាប់នោះឡើយ។ សកម្មជនការពារព្រៃឈើឯទៀតៗ រួមទាំង មន្ត្រីឧទ្យានុរក្សតែងតែត្រូវបានគំរាមកំហែងដល់អាយុជីវិតផងដែរក្នុងពេលបំពេញការងារកន្លងមក៕