សកម្មជនគាំទ្រលទ្ធិប្រជាធិបេតយ្យក្រុងហុងកុង ១០ នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅចិនដីគោក ចំពោះការប៉ុនប៉ងរត់គេចខ្លួនចេញពីទីក្រុងពាក់កណ្តាលស្វយ័តនេះ តាមទូកលឿននៅពាក់កណ្តលឆ្នាំនេះ។
ក្នុងអំឡុងពេលនៃសវនាការតុលាការ នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងចិន នៅថ្ងៃពុធនេះ សកម្មជន ៨ នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ខែ ចំពោះបទចោទប្រកាន់ពីការឆ្លងកាត់ព្រំដែនខុសច្បាប់ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនកាលពីខែសីហា ដោយឆ្មាំការពារដែនសមុទ្រចិន ខណៈដែលព្យាយាមគេចទៅកាន់កោះតៃវ៉ាន់។
សកម្មជន ២ នាក់ទៀតគឺឈ្មោះ Quinn Moon អាយុ ៣៣ ឆ្នាំ និង Tang Kai-yin អាយុ ៣១ ឆ្នាំ ត្រូវបានចោទប្រកាន់ពីការរៀបចំការឆ្លងដែនខុសច្បាប់ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំនិង ៣ ឆ្នាំ។
សកម្មជនទាំងអស់ ក៏នឹងទទួលការផាកពិន័យប្រាក់ពីរវាង ១.៥០០ ដុល្លារទៅ ៣.០០០ ដុល្លារដែរ។ ជនជាប់ចោទ ត្រូវបានគេនិយាយថា បានសារភាពទទួលកំហុស ដោយសង្ឃឹមថា បានទទួលការបន្ធូរបន្ថយទោស។
ពួករដ្ឋអាជ្ញា បាននិយាយថា អនីតិជន ២ នាក់ដែលត្រូវបានចាប់ខ្លួនដែរ នៅពេលធ្វើដំណើរមិនបានជោគជ័យនោះ មិនត្រូវបានរងការចោទប្រកាន់ទេ បន្ទាប់ពីបានសារភាពទទួលទោសចំពោះការឆ្លងដែនខុសច្បាប់នេះ។ អនីតិជនទាំង ២ នាក់នេះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងហុងកុងវិញ ហើយនឹងផ្ទេរទៅឲ្យពួកអាជ្ញាធរនៅទីនោះ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង ពីការខកខានមិនបានធ្វើឲ្យប្រាកដពីការធានាសិទ្ធិរបស់សកម្មជន ក្នុងការទទួលបានការកាត់ទោសត្រឹមត្រូវ ហើយបានអំពាវនាវឲ្យដោះលែងពួកគេជាបន្ទាន់៕