ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក ថ្កោលទោស​ចំពោះ​ការកាត់ទោស​សកម្មជន​វ័យក្មេង​ហុងកុង


សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​លោក Joshua Wong (ស្តាំ) និង​លោក Ivan Lam (ឆ្វេង) ក្នុង​ពេល​បញ្ជូនខ្លួន​ទៅ​ពន្ធនាគារ​នៅ​ហុងកុង កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​លោក Joshua Wong (ស្តាំ) និង​លោក Ivan Lam (ឆ្វេង) ក្នុង​ពេល​បញ្ជូនខ្លួន​ទៅ​ពន្ធនាគារ​នៅ​ហុងកុង កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។

ការ​សម្រេច​របស់​រដ្ឋាភិបាល​ហុងកុង កាត់ទោសសកម្មជនលេច​ធ្លោវ័យ​ក្មេង​បី​រូប​ឲ្យ​ជាប់​ពន្ធនាគារ ​ពី​បទ​រៀបចំ​ការ​ប្រមូល​ផ្ដុំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទទួល​បាន​ការ​រិះគន់​ខ្លាំង​ពី​សមាជិក​រដ្ឋ​សភា​អាមេរិក​ជា​ច្រើន​រូប។​

កាលពី​ថ្ងៃ​ពុធ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បីរូប​រួម​មាន​លោក Joshua Wong​ កញ្ញា​ Agnes Chow និង​លោក Ivan Lam ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​រៀបចំ​បាតុកកម្ម​ ដែល​កើត​ឡើង​នៅ​ខាង​ក្រៅ​ការិយាល័យ​កណ្ដាល​ប៉ូលិស​ក្រុង​ហុងកុង កាល​ពីខែ​មិថុនា ឆ្នាំ២០១៩។

លោក Wong ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយ:ពេល១៣​ ​ខែ​កន្លះ។ កញ្ញា Chow ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១០ខែ និង​លោក Lam ជាប់​ពន្ធនាគារ​ចំនួន ៧ខែ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​ទាំង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតយ្យ​បាន​ឆ្លើយ​តប​ទាំង​កំហឹង​ចំពោះ​ការ​កាត់ទោស​នេះ។ ប្រធាន​រដ្ឋ​សភា​អ្នកស្រី Nancy Pelosi​ ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ហៅ​ការ​កាត់​ទោស​នេះ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ថា ជា​ហេតុការណ៍ «ដ៏​រន្ធត់​» មួយ។

ចំណែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Florida លោក​ Marco Rubio បាន​និយាយ​ថា​ ការ​កាត់​ទោស​បាន​ផ្ញើសារ​យ៉ាង​ច្បាស់​ទៅ​កាន់​ពិភព​លោក ហើយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រួតត្រា​ទាំង​ស្រុង​លើ​ទីក្រុង​ហុងកុង ដូច្នេះ​ក្រុមហ៊ុន​អាមេរិក និង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​គួរ​តែ​ចាក​ចេញ [ពី​ទីក្រុង​ហុងកុង] នៅ​ពេល​ដែលនៅ​អាច​ធ្វើ​បាន៕

XS
SM
MD
LG