នៅថ្ងៃព្រហស្បតិ៍នេះ ពេលកំពុងមានភ្លៀងធ្លាក់ជោគជាំ ប្រជាពលរដ្ឋកូរ៉េខាងជើងបានដាក់ឆ័ត្ររបស់ពួកគេចុះ ដើម្បីគោរពនៅពីមុខបូជនីយដ្ឋានដែលដាក់ផ្នូររបស់បិតាស្ថាបនិកប្រទេសកូរ៉េខាងជើងលោក Kim Il Sung និងលោក Kim Jong Il ស្របពេលដែលប្រទេសកូរ៉េខាងជើងប្រារព្ធខួបបញ្ចប់សង្គ្រាមកូរ៉េ ដែលជាថ្ងៃដែលខ្លួនបានហៅថាជាទិវាជ័យជម្នះ។
គេឃើញមានការប៉ាន់ស្មានជាច្រើននៅក្នុងរង្វង់ក្រុមស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលថា កូរ៉េខាងជើងអាចធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលនៅចំថ្ងៃខួបបញ្ចប់សង្គ្រាមកូរ៉េនេះ។
មកទល់នឹងល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនមានការបាញ់គ្រាប់មីស៊ីលណាមួយធ្វើឡើងនោះទេ។
លោក Hong Yong Dok ដែលស្ថិតនៅឯវិមានបូជនីយដ្ឋាន Kumsusan ជាមួយនឹងចៅស្រីរបស់លោក បាននិយាយថា៖ «ប្រទេសកូរ៉េខាងជើងគឺទទួលបានជ័យជម្នះ ដោយសារតែមានមេដឹកនាំដ៏អស្ចារ្យនៅក្នុងពិភពលោក។ ប្រជាពលរដ្ឋកូរ៉េបានរងគ្រោះនៅក្រោមកណ្ដាប់ដៃរបស់ចក្រពត្តិអាមេរិកអស់រយៈពេលជាយូរមកហើយ ហើយសូម្បីតែឪពុកម្ដាយរបស់ខ្ញុំក៏ត្រូវបានពួកចក្រពត្តិអាមេរិកសម្លាប់នៅក្នុងសង្គ្រាមកូរ៉េដែរ។ ដូច្នេះយើងត្រូវបង្រៀនកូនចៅយើងឲ្យសងសឹកជាមួយនឹងពួកចក្រពត្តិអាមេរិក»។
ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣ គឺជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នារវាងប្រទេសចិន កូរ៉េខាងជើង និងកងកម្លាំងអង្គការសហប្រជាជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានធ្វើសង្គ្រាមជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥០ មក។
ប៉ុន្តែ កូរ៉េខាងជើងដែលបានឈ្លានពានកូរ៉េខាងត្បូង ជាអ្នកចាប់ផ្ដើមសង្គ្រាមនេះឡើង ទោះបីជាខ្លួនអះអាងថា សហរដ្ឋអាមេរិកជាអ្នកឈ្លានពានខ្លួនក៏ដោយ ហើយកូរ៉េខាងជើងបានចាត់ទុកខ្លួនឯងថាបានឈ្នះសង្គ្រាម ដែលខ្លួនបានហៅថាសង្គ្រាមរំដោះមាតុភូមិនេះ។
សង្គ្រាមនេះបានធ្វើឲ្យកូរ៉េទាំងពីរបែកបាក់តាំងពីពេលនោះមក៕