នៅថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវដល់ប្រទេសកូរ៉េខាងជើងឱ្យ «ទទួលយល់ព្រមជាបន្ទាន់» សំណើរបស់ខ្លួនដើម្បីធ្វើកិច្ចចរចាខាងយោធានៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់បន្ធូរបន្ថយភាពតានតឹងតាមព្រំដែនដែលកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ និងដើម្បីរុះរើកម្មវិធីអាវុធបរមាណូរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបជាផ្លូវការដល់សេចក្តីស្នើរបស់រដ្ឋាភិបាលក្រុងសេអ៊ូលនៅឡើយទេ។ សេចក្តីស្នើនេះមានទាក់ទិននឹងការសុំឱ្យមានជំនួបខាងយោធា និងកិច្ចចរចាដាច់ដោយឡែកនៅខែក្រោយសម្រាប់ឱ្យមានជាថ្មីឡើងវិញនូវការជួបជុំគ្នាជាបណ្តោះអាសន្ននៃក្រុមគ្រួសារកូរ៉េដែលបានត្រូវបែកខ្ញែកគ្នាដោយសារសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។
ក្រសួងការពារប្រទេសនៃប្រទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថាមានការពិបាកក្នុងការចាត់ចែងការប្រជុំមួយដែលរដ្ឋាភិបាលក្រុងសេអ៊ូលបានស្នើជាដំបូងឱ្យធ្វើនៅថ្ងៃទី២១ខែកក្កដានៅភូមិ Panmunjom នៅលើព្រំដែនរវាងប្រទេសកូរ៉េទាំងពីរដែលមានកងយោធាច្រើន។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ការបន្ធូរបន្ថយភាពតានតឹងខាងយោធារវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង និងការធ្វើឱ្យមានការសន្ទនាគ្នាខាងយោធាជាថ្មីឡើងវិញជាកាតព្វកិច្ចបន្ទាន់ណាស់សម្រាប់ធ្វើឱ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ»៕