ប្រទេសកូរ៉េខាងត្បូងបានស្នើឲ្យមានកិច្ចពិភាក្សាយោធា និងការជួបជុំក្រុមគ្រួសារប្រជាពលរដ្ឋកូរ៉េឡើងវិញ ជាមួយនឹងប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ដើម្បីកាត់បន្ថយនូវកត្តាកើនឡើងឈានទៅរកជម្លោះ ពាក់ព័ន្ធនឹងការបន្តនូវការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង។
អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Seo Joo Seok នៅថ្ងៃចន្ទនេះ បាននិយាយថា៖ «ក្រសួងការពារជាតិបានស្នើឲ្យមានកិច្ចពិភាក្សាយោធារវាងកូរ៉េទាំងពីរនៅថ្ងៃទី ២១ ខែកក្កដា ខាងមុខនេះ នៅអាគារ Tongilgak ក្នុងប្រទេសកូរ៉េខាងជើង ដើម្បីបញ្ឈប់រាល់សកម្មភាពជម្លោះនានា ដែលធ្វើឲ្យមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងនៅឯព្រំដែនរវាងកូរ៉េទាំងពីរ»។
អាគារ Tongilgak គឺជាអាគាររដ្ឋបាលកូរ៉េខាងជើងស្ថិតក្នុងភូមិសន្តិភាព Panmunjom នៅឯព្រំដែនរវាងកូរ៉េទាំងពីរ ដែលកាលពីអតីតកាល កន្លែងនេះត្រូវបានប្រើសម្រាប់ការចរចារវាងកូរ៉េទាំងពីរ។ កិច្ចពិភាក្សាកម្រិតរដ្ឋាភិបាលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង លើកចុងក្រោយបង្អស់បានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅនេះ។
ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានឡើងកាន់អំណាចកាលពីខែឧសភាមក រដ្ឋាភិបាលរបស់លោកបានព្យាយាមទាក់ទងកូរ៉េខាងជើងដើម្បីកាត់បន្ថយភាពតានតឹង ដែលក្នុងនោះមានដូចជា ការផ្ដល់ជំនួយមនុស្សធម៌ ការផ្លាស់ប្ដូរផ្នែកផ្សេងៗដែលមិនពាក់ព័ន្ធនឹងនយោបាយ និងការធ្វើឲ្យខ្សែទូរសព្ទទំនាក់ទំនងបន្ទាន់រវាងយោធារបស់កូរ៉េទាំងពីរ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានកាត់ផ្ដាច់កាលពីដើមឆ្នាំ ២០១៦ ឲ្យមានដំណើរការឡើងវិញ។
ប៉ុន្តែ កន្លងមក រដ្ឋាភិបាលលោក Kim Jong Un បានបដិសេធនូវសំណើទាំងនេះ។ អ្នកវិភាគនានាបាននិយាយថា កូរ៉េខាងត្បូងអាចមានឆន្ទៈផ្អាកការផ្សព្វផ្សាយតាមប្រដាប់បំពងសំឡេងនៅឯព្រំដែន ដែលការផ្សព្វផ្សាយនេះ កន្លងមកធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងមិនសប្បាយចិត្ត និងមិនចង់ភ្ជាប់នូវទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ៕