ទាំងអ្នកប្រកបរបរដឹកជញ្ជូន និងអ្នកធ្វើដំណើររអ៊ូរទាំដូចគ្នាអំពីការដំឡើងថ្លៃដឹកជញ្ជូនតាមរថយន្ត ដោយអ្នកដឹកជញ្ជូនចោទថា ប៉ូលិសតាមផ្លូវទារលុយពីពួកគាត់ច្រើនពេក ឯអ្នកធ្វើដំណើរថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការទប់តម្លៃរថយន្តក្រុង និងរថយន្តឈ្នួលគឺគ្មានប្រយោជន៍ ព្រោះតម្លៃបានកើន៥០%។
អ្នកធ្វើដំណើរទៅស្រុកកំណើតត្អូញត្អែអំពីតម្លៃឡានឈ្នួលដែលត្រៀមចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ទោះបីជារដ្ឋាភិបាលខិតខំស្នើឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមករវាងភ្នំពេញ និងបណ្តាខេត្តនានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក្តី អ្នកជិះរថយន្តក្រុង និងរថយន្តឈ្នួលនៅតែបន្តបង់តម្លៃដឹកជញ្ជូនខ្ពស់ជាងតម្លៃធម្មតាដដែល គឺមិនខុសពីឆ្នាំមុនៗនោះទេ។
ដោយចង់បានតម្លៃរថយន្តឈ្នួលស្ថិតនៅដដែលដូចថ្ងៃធម្មតា លោក ស៊ុំ សុង ដែលបានឡើងជិះឡានឈ្នួលនៅម្តុំគល់ស្ពានជ្រោយចង្វា នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅខេត្តព្រៃវែងនិយាយថា៖
«អ្ហេឲ្យវាថា បានអាដែងធូរថ្លៃទៅ គ្នាអ្នកជិះក៏គ្នាត្រេកអរដែរ ព្រោះវាពិបាករកលុយដែរ»។
លោក ស៊ុំ សុង និងអ្នកដំណើរឯទៀតដែលធ្វើដំណើរទៅខេត្តព្រៃវែង ឲ្យដឹងថា តម្លៃធម្មតាគឺត្រឹមតែ១០.០០០រៀលប៉ុណ្ណោះ ប៉ុន្តែមកដល់ថ្ងៃបុណ្យភ្ជុំតម្លៃបានកើនដល់១៥.០០០រៀល គឺកើនឡើង៥០%នៃតម្លៃធម្មតា។
លោក សេង សំណាង អ្នកជិះរថយន្តឈ្នួលម្នាក់ទៀត ដែលត្រូវធ្វើដំណើរទៅខេត្តព្រៃវែងដែរនោះ ថ្លែងថា លោកចង់បានតម្លៃថោកដែរ តែគ្មានជម្រើស។
«មានអារម្មណ៍ថា មិនពេញចិត្តដែរ តែធ្វើម៉េចវាអញ្ចឹង។ គ្រាន់តែថា ឮរដ្ឋាភិបាលប្រកាសមែន តែឃើញតែប្រកាស តែឡានគេអត់មានស្តាប់ផង»។
អ្នកធ្វើដំណើរពីរាជធានីភ្នំពេញតាមរថយន្តក្រុង ឬរថយន្តឈ្នួលទៅខេត្តដទៃទៀតក៏ត្រូវបង់តម្លៃឈ្នួលបន្ថែម៥០% លើសតម្លៃក្នុងថ្ងៃធម្មតាដែរ។
សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរទៅមករវាងភ្នំពេញ និងបណ្តាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ កាលពីថ្ងៃទី៨ ខែតុលាកន្លងទៅ ដោយបានបញ្ជាក់ថា៖
«ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការផ្ទុកលើសចំណុះនោះ សាលារាជធានីភ្នំពេញសូមអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញ និងតាមបណ្តាខេត្តនានាទាំងអស់ សូមមេត្តាកុំដំឡើងថ្លៃឈ្នួលរថយន្តនៅក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ»។
យ៉ាងណាក៏ដោយ មិនមែនតែអ្នកធ្វើដំណើរទេដែលរអ៊ូរទាំនោះ។ អ្នកប្រកបអាជីវកម្មដឹកជញ្ជូនក៏រអ៊ូរទាំដូចគ្នាដែរ។
អ្នកស្រី លី ហៀង ម្ចាស់រថយន្តឈ្នួលពីភ្នំពេញទៅព្រៃវែង ថ្លែងថា ការដំឡើងថ្លៃរថយន្តឈ្នួលរបស់អ្នកស្រី គឺមិនថ្លៃប៉ុន្មានទេ ពីព្រោះអ្នកស្រីត្រូវទូទាត់ជាមួយប៉ូលិសនៅតាមផ្លូវ។
«យកតម្លៃ២ម៉ឺនសមរម្យ ពីព្រោះនៅតាមផ្លូវគេយកលុយ កាក់ ហើយប៉ូលិសបេននៅក្នុងបេនហ្នឹងគេយក។ យើងបង់ក្បាលឡាន ហើយគេរាប់យកបេនទៀត ក្នុងម្នាក់គេយក២ពាន់រៀលទៀត»។
អ្នកស្រី លី ហៀង បន្តថា អ្នកស្រីមិនចង់ដំឡើងថ្លៃឈ្នួលរថយន្តទេ តែបើមិនធ្វើអញ្ចឹង អ្នកស្រីមិនចំណេញនោះឡើយ។ អ្នកស្រីនិយាយថា៖
«អាហ្នឹងច្របាច់កបន្តគ្នា។ អានេះប៉ូលិសច្របាច់កប្រជាពលរដ្ឋ ប្រជាពលរដ្ឋច្របាច់កអ្នកធ្វើដំណើរ។ យល់ទេក្មួយ? ច្រចាច់ក បន្តគ្នា។ បើអញ្ចឹងខ្ញុំម៉េចបានកម្រៃយកទៅចិញ្ចឹមកូនខ្ញុំ»។
រីឯលោក ឆាយ សម្ផស្ស អ្នករត់រថយន្តឈ្នួលទៅខេត្តកណ្តាល និយាយថា លោកចង់ធ្វើតាមការណែនាំរបស់រដ្ឋាភិបាលដែរ តែមិនអាចធ្វើបាន ដោយសារតែប៉ូលិសកាក់យកលុយគាត់ជាច្រើនកន្លែង។
«ខ្ញុំស្តាប់គេ។ ប៉ុន្តែដល់ពេលប៉ូលិសតាមផ្លូវច្រើនពេក ស្ទុះអត់រួច។ ការណ៍ពិតយើងបង់លុយឲ្យប៉ូលិសវាច្រើនកន្លែង ដល់បង់ច្រើនកន្លែងវាត្រូវដំឡើង»។
លោកបន្តថា ប្រសិនបើលោកមិនដំឡើងថ្លៃទេ លោកមិនអាចទូទាត់នឹងចំណាយថ្លៃប្រេងបានឡើយ។
«រួចបើមិនដំឡើង អត់មានលុយឲ្យប៉ូលិស អត់ចំណេញអត់មានលុយចាក់ប្រេង។ រួចបានលុយអីឯណាចូលផ្ទះ? ឲ្យតែប៉ូលិសហ្នឹង វាអស់បាត់ទៅហើយ តាមផ្លូវ។ ហែរតាមផ្លូវដូចខ្យងអញ្ចឹង។ បណ្តាក់គ្នាដូចខ្យង។ តាំងពីព្រឹកដល់ល្ងាច នៅតែមិនឈប់ទៀត។ រួចឲ្យខ្ញុំមិនយកឡើងថ្លៃម៉េចកើត»។
VOA ពុំអាចទំនាក់ទំនងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយទូរស័ព្ទរបស់លោកពុំដំណើរការ។ VOA ក៏ពុំអាចទំនាក់ទំនងលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានដែរ ដោយទូរស័ព្ទរបស់លោករោទិ៍តែគ្មានអ្នកទទួល។
ក៏ប៉ុន្តែលោក អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្តាលបានច្រានចោលការចោទប្រកាន់របស់អ្នករត់រថយន្តឈ្នួលពីភ្នំពេញទៅខេត្តកណ្តាល ដែលថា ក្រុមប៉ូលិសដាក់នៅតាមផ្លូវ បានកាក់ឡានយកលុយ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំអត់យល់។ ខ្ញុំអត់យល់ដែរ។ ប៉ូលិសតាមដងផ្លូវក្បាលទំពែកអស់ហើយ ហាលក្តៅស្ទះផ្លូវ រៀបចំចរាចរណ៍។ ព្រឹកមិញដល់ម៉ោង១០កន្លះ ជិត១១បានដោះស្រាយចរាចរណ៍ស្ទះតាមផ្លូវបាន ហើយដល់ប្អូនឯង សួរមកសំណួរហ្នឹងខ្ញុំអត់យល់ដែរ»។
បន្ថែមលើការចេញសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលស្នើដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមករវាងភ្នំពេញ និងតាមបណ្តាខេត្តនានា រក្សាតម្លៃឲ្យនៅដដែលនោះ ក្រសួងពាណិជ្ជកម្មក៏បានស្នើឲ្យក្រុមហ៊ុន ដែលចែកចាយប្រេងឥន្ទនៈបញ្ចុះតម្លៃប្រេងផងដែរ។
ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានចាប់ផ្តើមពីថ្ងៃទី០១រោច រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា។ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យសាសនារបស់ប្រទេសកម្ពុជា ដែលមានដើមកំណើតតាំងពីបុរាណមក។ វត្តអារាមនានានៅទូទាំងប្រទេសកំពុងរៀបចំខ្លួនដើម្បីទទួលពុទ្ធសាសនិកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពេលពួកគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់ជីដូនជីតារបស់ពួកគេដែលបានចែកឋានទៅ៕