សេដ្ឋវិទូ និងអ្នកជំនាញពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាមានការគិតគូឲ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្តចូលជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partnership) ដែលជាការផ្តួចផ្តើមគំនិតពាណិជ្ជកម្មមួយដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដ៏ធំមួយនេះ ទទួលបានការឯកភាពពីប្រទេស១១ផ្សេងទៀតកាលពីដើមសប្តាហ៍ទីមួយនៃខែតុលា។ ប្រទេសទាំង១១នេះ ដែលបានសម្រេចចុះកិច្ចព្រមព្រៀងដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ រួមមានប្រទេសសេដ្ឋកិច្ចធំៗដូចជាប្រទេសជប៉ុន អូស្រ្តាលី ម៉ាឡេស៊ី និងវៀតណាមជាដើម។
លោកចាន់ សុផលអ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក គឺមានលក្ខណៈទូលំទូលាយ និងអាចតម្រូវឲ្យគោរពតាមលក្ខខណ្ឌជាច្រើន ពីព្រោះប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិកជាអ្នកបង្កើតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោកថា កម្ពុជាត្រូវមានការប្រយ័ត្នប្រយែងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះទាក់ទិនផលចំណេញ ឬខាតនៃសេដ្ឋកិច្ចរបស់ខ្លួន។
«វាតែងតែមានផលវិជ្ជមាន ផលអវិជ្ជមានជាមួយគ្នា ដែលទាមទារឲ្យយើងធ្វើការវិភាគ និងវាយតម្លៃឲ្យបានសព្វជ្រុងជ្រោយ ហើយនឹងធ្វើតុល្យភាពគ្នាមើលថា តើផលចំណេញ និងការខាតបង់នោះមួយណាធំជាង។ អញ្ចឹង យើងពិបាក គ្រាន់តែសន្និដា្ឋនព្រាលៗត្រួសៗណាស់ ទាល់តែមានការគិតគូជាតួលេខ វាយតម្លៃ សិក្សា និងគិតមើលឲ្យបានល្អិតល្អន់ ទើបយើងបានជាការយល់ឃើញមួយជាដុំកំភួន»។
សេដ្ឋវិទូរូបនេះបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនេះ បង្កប់ចរិកនយោបាយភូមិសាស្ត្រ ដោយសារតែសហរដ្ឋអាមេរិក និងបណ្តាប្រទេសសេដ្ឋកិច្ចធំៗនឹងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ដើម្បីទប់ទល់នឹងការកើនឡើងនៃសេដ្ឋកិច្ចប្រទេសចិន។
«ប្រទេសយើងនៅកំពុងអភិវឌ្ឍន៍ក្រោយគេមួយចំនួនធំនៅក្នុងអាស៊ាន ហើយអញ្ចឹងប្រហែលជាមានការលំបាកគោរពតាមលក្ខខណ្ឌផ្សេងៗ ហើយខ្ញុំយល់ថា TPP ហ្នឹងវាមានលក្ខណៈមានចរិកជានយោបាយផងដែរ ព្រោះដឹកនាំដោយអាមេរិក ហើយជប៉ុន និងប្រទេសផ្សេងៗទៀត គេខិតខំបង្កើតជាតំបន់មួយ ធ្វើពាណិជ្ជកម្មជាមួយគេបានទូលំទូលាយ ដើម្បីទប់ទល់នឹងការលើកឡើងផ្សេងៗ ដែលអាចមានលំអៀងទៅខាងចិន»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលនឹងកាត់បន្ថយរបាំងសេដ្ឋកិច្ច កំណត់បទដ្ឋានពលកម្ម និងបរិស្ថាន និងការពារកម្មសិទ្ធិបញ្ញារបស់មហាក្រុមហ៊ុនដែលគេស្គាល់ថា សាជីវកម្មពហុជាតិ (multinational corporations)។
លោក ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មប្រទេសកម្ពុជា មានប្រសាសន៍ប្រាប់ VOAថា កម្ពុជាមិនទាន់អាចមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកនោះទេ ពីព្រោះវាធំមហាសាលសម្រាប់ប្រទេសកម្ពុជា ហើយថា រដ្ឋាភិបាលកម្ពុជាមិនអាចមើលស្រាលកិច្ចព្រមព្រៀងនេះបានដែរ។
«ខ្ញុំមើលទៅដូចអត់ទាន់ យើងដូចអត់ទាន់ត្រូវទេ ហ្នឹងហើយយើងត្រូវសិក្សាឲ្យច្បាស់លាស់»។
ក៏ប៉ុន្តែលោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្រយ័ត្នប្រយែងច្រើនក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ ដើម្បីបញ្ជៀសការខូចខាតប្រយោជន៍សេដ្ឋកិច្ចកាលពីពេលកន្លងមក។
«បើនិយាយទៅរដ្ឋាភិបាលកម្ពុជាយើង ដូចជាមានការប្រុងប្រយ័ត្ន គ្រប់បែបយ៉ាងដែរនិយាយឲ្យឃើញទៅ ការចរចា សូម្បីតែអាស៊ាននៅតែប៉ុណ្ណឹងឃើញទេ ពន្យាពេលរហូត មកដល់ពេលនេះ គឺបានសិក្សាណាស់ ខ្លាចយើងធ្វើទៅ យើងចាញ់ប្រៀបគេ វាខូចខាតផលប្រយោជន៍យើង»។
ថ្វីត្បិតតែកិច្ចព្រមព្រៀងនេះវាធំមហាសាលយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចោទជាសំណួរទាក់ទិនកិច្ចព្រមព្រៀងនេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសាកន្លងទៅនេះ។
មុននឹងការចោទសួរ លោកសម្តែងក្តីសោកស្តាយ ដែលកិច្ចព្រមព្រៀងនេះបានទទួលយកប្រទេសតែពាក់កណ្តាលនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ដៃគូអាស៊ាន។ លោកថា ការណ៍នេះអាចនាំឲ្យមានការប្រឈមមុខដាក់គ្នា ជាជាងការជួយគ្នាទៅវិញទៅមករវាងប្រទេសដែលនៅក្នុងកិច្ចព្រមព្រៀងនេះ និងប្រទេសដែលនៅក្រៅកិច្ចព្រមព្រៀងនេះ។
«នេះជាសំណួរដែលខ្ញុំនៅតែសួរថា តើបំណងពិតប្រាកដនៃការបង្កើតឡើងនូវ Trans-Pacific បានជាយកអាស៊ានពាក់កណ្តាលចូលទៅក្នុងដៃគូTrans-Pacific ប៉ុន្តែបែរជាទុកពាក់កណ្តាលនៅខាងក្រៅ?»
សេដ្ឋវិទូនៅក្នុងប្រទេសកម្ពុជា ពិបាកនឹងឆ្លើយទៅនឹងសំណួររបស់លោក ហ៊ុន សែន នៅគ្រាដែលកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានអនុម័តទទួលស្គាល់ដោយសភានៃសហរដ្ឋអាមេរិកនៅឡើយ ហើយការវិភាគលម្អិតនៃកិច្ចព្រមព្រៀងនេះ ក៏មិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងជាផ្លូវនោះដែរ។
យ៉ាងណាក៏ដោយលោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បញ្ជាក់បន្ថែមទៀតថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងមិនរងឥទិ្ធពលខ្លាំងពីកិច្ចព្រមព្រៀងនេះទេ ប្រសិនបើកម្ពុជាមានចេតនាចង់ចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោកនិយាយថា៖
«ជាទូទៅសេដ្ឋកិច្ចយើងមិនមានជាអ្វីដែលថា គ្រោះថ្នាក់អ្វីធំដុំទេ បើសិនជាយើងចូលក្នុងតំបន់ពាណិជ្ជកម្មណាមួយនោះ ដោយសារអ្វី? ដោយសារយើងជាប្រទេសមួយបើកចំហទូលំទូលាយរួចទៅហើយ ព្រួយបារម្ភខ្លាចតែ ប្រទេសមួយ ឬសេដ្ឋកិច្ចមួយដែលមានការការពារខ្លាំង គឺមានន័យថា មិនសូវបើកឲ្យផលិតផលគេចូលមកប្រកួតប្រជែង ចូលមកវិនិយោគអ្វីផ្សេង គេការពារផលប្រយោជន៍ក្នុងស្រុកគេវិស័យមួយចំនួន ឬក៏ក្រុមហ៊ុនមួយចំនួន ខ្លាចដួលរលំ ដោយសារការប្រកួតប្រជែងមកពីក្រៅ ហើយយើងនេះមិនអញ្ចឹងទេ ជាសេដ្ឋកិច្ចមួយតូចហើយបើកទូលាយខ្លាំងណាស់»។
VOAព្យាយាមសុំការអធិប្បាយពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ុន្តែនៅមិនអាចទាក់ទងបាននៅ ឡើយ។
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលភាសាអង់គ្លេសហៅថា កិច្ចព្រមព្រៀង Trans-Pacific Partnership ហៅកាត់ថា TPP បានសម្រេចនៅក្នុងទីក្រុង Atlanta ក្នុងរដ្ឋ Georgia នាផ្នែកខាងត្បូងស.រ.អា. ដែលជាទីបញ្ចប់នៃកិច្ចចរចា៧ឆ្នាំ។ ជាញឹកញយមានការមិនស្រុះស្រួលគ្នាអំពីរបាំងពាណិជ្ជកម្មលើផលិតផលកសិកម្ម និងផលិតផលទឹកដោះគោ ឡានថ្មីៗ បច្ចេកទេសថ្មីបំផុត ឱសថ និងផលិតផលឯទៀតៗជាច្រើនជាមួយបទប្បញ្ញត្តិខាងបរិស្ថាន និងខាងការងារ។
លើសពីនេះទៅទៀត ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបាន វាត្រូវតែទទួលសច្ចានុម័តដោយអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំង១២នៃប្លុកនេះ ដែលនៅទីនោះឧស្សាហកម្មនានាបាននិយាយបញ្ចុះបញ្ចូលអាជ្ញាធរយ៉ាងខ្លាំង ដើម្បីការពារផលិតផលរបស់ពួកគេពីទំនិញនាំចូលក្នុងប្រទេស ឬដើម្បីបើកចំហលទ្ធភាពនៃការ ដឹកជញ្ជូនទំនិញទៅលក់ក្នុងប្រទេសក្រៅ។
ថ្មីៗនេះ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកបានទទួលការកោតសរសើរក្នុងចំណោមរដ្ឋាភិបាល ដែលជាសមាជិកចំពោះការចូលរួមទីផ្សារដែលមានសេដ្ឋកិច្ច៤០%នៃសេដ្ឋកិច្ចពិភពលោក ដោយមានទិន្នផល៣០លានលានដុល្លារ។ កិច្ចព្រមព្រៀងដដែលនេះត្រូវគេរំពឹងថា នឹងទទួលបានការអនុម័តយ៉ាងងាយស្រួលពីសំណាក់សភាវៀតណាម ទោះបីជាកិច្ចព្រមព្រៀងដដែលនេះប្រឈមនឹងការប្រឆាំងពីសំណាក់អ្នកនៅមានការមន្ទិលសង្ស័យក្នុងសភាស.រ.អា.ក៏ដោយ។
ការសម្រេចកិច្ចព្រមព្រៀងនេះជាជ័យជម្នះធំមួយខាងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា ទោះបីជាមានភាពមិនទៀងទាត់អំពីការយល់ព្រមដោយក្រុមអ្នកតំណាងរាស្ត្រខ្លះក្នុងសភាស.រ.អា. ក៏ដោយ ក៏ក្រុមសមាជិកសភាមិនទំនងជានឹងពិចារណាអំពីកិច្ចព្រមព្រៀងនេះទេរហូតដល់ឆ្នាំក្រោយ៕