រដ្ឋាភិបាលកម្ពុជា បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា ប្រាក់ឈ្នួលអប្បបរមានៃវិស័យកាត់ដេរដែលជាវិស័យនាំចេញដ៏សំខាន់និងជាឧស្សាហកម្មដ៏ធំបង្អស់ នឹងកើនដល់១៤០ដុល្លារក្នុងមួយខែ។ នេះជាការកើនឡើងជិត១០ភាគរយ ច្រើនជាងក្រុមហ៊ុន ចង់បាន ក៏ប៉ុន្តែ តិចជាងចំនួនដែលសហជីពស្វះស្វែងចង់បាន។
ការប្រកាសកាលពីថ្ងៃព្រហស្បត៍ដោយក្រសួងការងារឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា នឹងឡើងដល់១៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករ៧សែននាក់របស់ផ្នែកកាត់ដេរ ដែលនឹងចូលជាធរមាននៅខែមករា។
ការដំឡើងប្រាក់ឈ្នួលពី១២៨ដុល្លារកាលពីពេលមុន កើតមានឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការចរចាដ៏ស្វិតស្វាញរវាងរដ្ឋាភិបាល ថៅកែរោងចក្រ និងសហជីព។
សមាគមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ឬ GMAC ដែលតំណាងឲ្យរោងចក្រ៦០០ ដែលនាំចេញសម្លៀកបំពាក់ និងស្បែកជើង ប្រាប់ឲ្យដឹងថា សមាគមយល់ព្រមទទួលយកការបង្កើនប្រាក់ឈ្នួល ថ្វីបើមានការបញ្ចុះបញ្ចូលឲ្យមានចំនួនប្រាក់ឈ្នួលទាបជាងនេះក៏ដោយ។
លោក Ken Loo អគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ឬ GMAC បានថ្លែងដូច្នេះថា៖
«ក្នុងឋានៈជាអង្គភាព ឬក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងបរិយាកាសនេះ យើង ត្រូវតែគោរពសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ យើងចង់ព្រមាន ឬបង្កើនការយកចិត្តទុកដាក់ដល់ភាគីពាក់ព័ន្ធទាំងអស់ថា ប្រសិនបើយើងមិនបានបង្កើនផលិតភាព និងប្រសិទ្ធភាពទេ ហើយប្រសិនបើពួកអ្នកទិញបន្តសន្យាតែមាត់ទទេ ឬបន្តលាក់ពុតអំពីការដំឡើងតម្លៃរបស់ពួកគេ ដែលបង់ទៅឲ្យរោងចក្រនៅទីនេះទេ បន្ទាប់មកអស់លោកអ្នកនឹងឃើញរោងចក្រកាន់តែច្រើនឡើងបិទទ្វារ យើង នឹងឃើញរោងចក្រកាន់តែតិចទៅ ឬពួកអ្នកវិនិយោគទុនថ្មីមកប្រទេសកម្ពុជាទេ ហើយនេះជាការពិត»។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន ប្រាប់ឲ្យដឹងថា សហជីពភាគច្រើន រួមទាំងសហជីពដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។ ទោះជាយ៉ាងនោះក៏ដោយ សហជីពយ៉ាងហោចណាស់ក៏២ដែរ មិនបានចុះហត្ថលេខា។
លោក អាត ធន់ ជាប្រធានសហជីពសហព័ន្ធការងារកម្ពុជាដែលជាសហជីពមួយនៃសហជីពទាំង២ដែលអះអាងថា មានសមាជិក៧ម៉ឺននាក់។ លោកនិយាយថា សហជីពរបស់លោកនឹងបន្តជំរុញ ដើម្បីទទួលបានប្រាក់ឈ្នួល១៦០ដុល្លារ ហើយនឹងពិគ្រោះជាមួយសមាជិករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដើម្បីស្តាប់ទស្សនៈរបស់ពួកគេ មុនពេលចាត់វិធានការថាតើធ្វើកូដកម្ម ឬក៏អត់។
សេចក្តីសម្រេចចុងក្រោយស្តីពីការបង្កើនប្រាក់ឈ្នួលអប្បបរមាត្រូវបានសម្រេចដោយរដ្ឋាភិបាល។
បន្ទាប់ពីសម្រេចចំនួន១៣៥ដុល្លារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជារឲ្យបន្ថែម៥ដុល្លារទៀត ដែលធ្វើឱ្យឡើងដល់ចំនួនទាំងអស់១៤០ដុល្លារ។
ការបង្កើនរបស់នាយករដ្ឋមន្រ្តីបានធ្វើឲ្យមានការភ្ញាក់ផ្អើលបន្តិចបន្តួច លោកបានធ្វើកាលពីឆ្នាំទៅដែលជាការចង្អុលបង្ហាញថា តើប្រាក់ឈ្នួលអប្បបរមានោះជាបញ្ហានយោបាយរសើបយ៉ាងដូចម្តេច។
ចំពោះបញ្ហានេះ គណបក្សកាន់អំណាចត្រូវបំពេញចិត្តពួកអ្នកបោះឆ្នោត១០លាននាក់ ដែលកម្មករផ្នែកកាត់ដេរជាផ្នែកដ៏សំខាន់មួយ ហើយក៏ត្រូវធ្វើឲ្យពួកអ្នកវិនិយោគទុន សប្បាយចិត្តដែរ។
គណបក្សរបស់លោក ហ៊ុន សែន ហៀបតែចាញ់ការបោះឆ្នោតទូទៅនៅឆ្នាំ២០១៣ ហើយដោយការបោះឆ្នោតទូទៅលើកក្រោយត្រូវបានគ្រោងធ្វើឡើងនៅឆ្នាំ២០១៨ នោះ គណបក្សកាន់អំណាចត្រូវតែលើកស្ទួយកិត្យានុភាពរបស់ខ្លួនក្នុងចំណោមពួកកម្មករកាត់ដេរ ដែលភាគច្រើនជាស្រ្តីក្មេងៗដែលប្រាក់ឈ្នួលរបស់ពួកគេជួយឧបត្ថម្ភក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ទីជនបទ ហើយជាប្រពៃណីគាំទ្រគណបក្សប្រឆាំង។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ជាសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយមិនត្រឹមតែជានិយោជកដ៏ធំបង្អស់នោះទេ ក៏ប៉ុន្តែ ក៏ជាអ្នករកប្រាក់បរទេសដ៏សំខាន់មួយ ដោយការនាំចេញមានតម្លៃជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗភាគច្រើនទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ក្រុមហ៊ុនល្បីៗរបស់ប្រទេសលោកខាងលិចបញ្ជារទិញពីកម្ពុជា។
វិស័យកាត់ដេរនេះផ្អែកលើឈ្មោះរបស់ក្រុមហ៊ុនល្បីៗដូចជា H&M, Adidas, Gap និងArmani ក៏ប៉ុន្តែកិត្យានុភាពរបស់វិស័យនោះបានរងផលប៉ះពាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារជម្លោះហើយនឹងការធ្វើបាបសហជីពឯករាជ្យ។ ការធ្វើបាបនោះ បានឡើងដល់កម្រិតខ្ពស់បំផុតនៅដើមឆ្នាំ២០១៤ នៅពេលដែលពួកអាជ្ញាធរកម្ពុជា បានបាញ់សម្លាប់កម្មករយ៉ាងហោចណាស់ក៏៥នាក់ដែរក្នុងអំឡុងពេលនៃការចលាចលលើបញ្ហាប្រាក់ឈ្នួលអប្បបរមា ហើយនិងស្ថានភាពការងារ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន