ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​កម្ពុជា​ឆ្លាក់​ចុះ​ក្រោម​៧% ព្រោះ​ទេសចរណ៍​ និង​​កសិកម្ម​ចុះ​ខ្សោយ


រូបឯកសារ៖ ទិដ្ឋភាព​ផ្សារ​រាត្រី​មួយ​កន្លែង​​នៅ​ក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ទិដ្ឋភាព​ផ្សារ​រាត្រី​មួយ​កន្លែង​​នៅ​ក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មីនា ឆ្នាំ២០១៥។

សេចក្តី​ប្រកាស​​ព័ត៌មាន​​នេះ​បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ នៅ​តែ​នាំមុខ​ដោយ​វិស័យ​សំណង់​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍។​

ការ​បន្ត​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម​បាន​នាំ​ឲ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ថយ​ចុះ​ក្រោម​៧​ភាគរយ។ នេះ​បើតាម​ការ​វិភាគ​របស់​ក្រុម​អ្នក​សេដ្ឋ​កិច្ច​នៃ​ធនាគារ​ពិភព​លោក។​ សេដ្ឋវិទូ​នៃ​ធនាគា​ពិភព​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​ថយ​ចុះ​ផង​ដែរ​ នៅ​ក្នុង​អំឡុង​ពេល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៥​នេះ។

កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​គឺត្រូវ​បាន​ព្យាករណ៍​ទុក​ថា​ នឹងថយ​ចុះ​បន្តិច​មក​នៅ​ត្រឹម​៦,៩%​គឺ​ចុះ​ពី​៧,១%​ក្នុង​ឆ្នាំ​២០១៤​ ដោយ​សារ​តែ​ការ​បន្ត​ធ្លាក់​ចុះ​លើ​វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម​ដែលផ្អែក​ទៅ​លើ​តម្រូវការ​ពី​ខាង​ក្រៅ​ និង​តម្លៃ​ផលិត​ផល​អន្តរជាតិ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​និង​បទ​វិភាគ​សេដ្ឋ​កិច្ច​កម្ពុជាដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

សេចក្តី​ប្រកាសព័ត៌មាននេះ​បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ នៅ​តែ​នាំមុខ​ដោយ​វិស័យ​សំណង់​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វិស័យ​ទេសចរណ៍។​ វិស័យ​សំណង់​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​បំផុត​នៃ​កំណើន​សេដ្ឋកិច្ច​ ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ​ និង​មាន​កំណើន​នៃ​តម្រូវការ​ប្រើ​ប្រាស់​ឡើង​វិញ។ ​ទោះ​បី​ជាយ៉ាងណា​ក៏​ដោយ​ គេ​សង្កេត​ឃើញ​ថា​ មាន​សញ្ញាណ​មួយ​ចំនួន​នៃ​ការ​បន្ត​ធ្លាក់​ចុះ​ ជាពិសេស​ វិស័យ​ទេសចរណ៍​ និង​វិស័យ​កសិកម្ម ​ហើយ​នឹង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ ខណៈ​ដែល​ការ​សាងសង់​ និង​តម្រូវ​ការក្នុងស្រុកនៅ​តែ​មាន​ភាព​ខ្លាំង​នៅ​ឡើយ។​

លោក​សូដេត លី​ សេដ្ឋ​វិទូ​នៃ​ធនាគារ​ពិភព​លោក​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖​

«កំណើន​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​ថយ​ចុះ​ក្នុង​អំឡុង​ពេល​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ។​ ​ ដូច្នេះ​ ការ​កែ​ខៃ​អត្ថ​ប្រយោជន៍​ប្រកួត​ប្រជែង​របស់​កម្ពុជា​គឺ​ជា​អាទិភាព​មួយ»។

ដោយ​ឡែក​ បទ​បង្ហាញ​របស់​ក្រុម​សេដ្ឋ​វិទូ​នៃ​ធនាគារពិភព​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ កសិកម្ម​នៃ​ប្រទេស​កម្ពុជា​នៅ​តែពឹង​ផ្អែក​ជា​ចម្បង​លើ​ភ្លៀង​ធ្លាក់​ បើទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែងនៅ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ធារាសាស្រ្ត​ក៏ដោយ។​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ការ​ច្រូត​កាត់​ប្រមូល​ផល​កសិកម្ម​បាន​អូស​បន្លាយ​ពេល​ ដោយ​សារ​ទឹក​ភ្លៀង​ធ្លាក់​យ៉ាង​យឺត។​

បើ​ធៀប​នឹង​ការ​ដាំដុះ​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ​ទៅ​នឹង​ការ​ដាំដុះ​ក្នុង​ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៤​ បាន​ឲ្យ​ដឹង​ថា​ ការ​ដាំ​ស្រូវ​នៅ​ក្នុង​រដូវ​វស្សា​បាន​ថយ​ចុះ​ពី​១​លាន​៨​សែន​ហិកតា​មក​ត្រឹម​១​លាន៧​សែន​ហិកតា ​បើ​គិត​ជា​ភាគរយ​គឺបាន​ថយ​ចុះ​៥,៧%​ រីឯស្រូវ​ដែល​ត្រូវបាន​ច្រូត​កាត់​រួច​បាន​ថយ​ចុះ​ពី​២៨៤.៣៩០​តោន​មក​ត្រឹម​១៩១.២៦៣​តោន​ បើគិត​ជា​ភាគរយ​គឺ​បាន​ថយ​ចុះ​៣២,៧%។​ ​ក្រុម​អ្នក​សេដ្ឋវិទូ​បាន​បញ្ជាក់​ថា​ មាន​សញ្ញាណ​ច្រើន​នៃ​ការ​ងើប​ឡើង​វិញ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​ ដោយសារ​តែ​មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ​ ​និង​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ចុះ។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិ​និយម​ក្នុង​ការ​ធ្វើ​ជំនួញ​ និង​បង្កើន​ការ​ជឿ​ទុក​ចិត្ត​របស់​អតិថិជន។​ ពួក​គេ​ឲ្យ​ដឹង​ថា​ ការ​បើក​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​នឹង​ទាក់​ទាញ​បាន​នូវ​សកម្ម​ភាព​ជំនួញ​ និង​ការ​វិនិយោគ​ រី​ឯ​កំណើន​នៃការ​សាង​សង់​ក៏​នឹង​បន្ត​ទៅ​មុខ​ទៀត។​

លោក​កេន រដ្ឋា ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​លើការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទេ ​ដោយ​លោក​និយាយ​ថា​ លោក​មិន​មាន​ឯកសារ​ស្ថិតិ​សម្រាប់​ពន្យល់។​

ក៏​ប៉ុន្តែ​ លោក​ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​ ​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ ថ្លែង​ថា​ វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ ដែល​បង្ក​មក​ពី​កត្តា​អាកាសធាតុ។​ រី​ឯ​ការ​ធ្លាក់​ចុះ​នៃការ​នាំ​ចេញ​សម្លៀក​បំពាក់​វិញ​ ​លោក​ពន្យល់​ថា៖​

«ឯការ​កាត់ដេរ​សម្លៀក​បំពាក់​យើង​មាន​ការ​កម្មង់​ទិញ​តិច​ជាង​មុន​ បើ​តាម​របាយ​ការណ៍​ពី​ខាង​សហគមន៍​រោងចក្រ​កាត់​ដេរ​ហៅ​កាត់​ថា​ GMAC ​នោះ។​ យើង​សួរ​ថា ​ហេតុ​អី​មាន​ការ​កុម្មង់​ទិញ​តិច​ជាង​មុន​ ហើយ​យើង​ទាល់​តែ​មាន​ការ​អង្កេត​ស្រាវជ្រាវ​សួរ​អ្នក​ទិញ។​ ​ ប៉ុន្តែ​បើ​តាម​របាយ​ការណ៍​នៅ​ក្នុង​ស្រុក​យើង​ គេ​ថា​ គេ​ហាក់​ដូច​ជា​មិន​សូវ​ទុកចិត្ត​អំពី​ការ​នាំ​ទំនិញ​ពី​កម្ពុជា​យើង​ទៅ​ដល់​គេ​ទាន់​ពេល​វេលា​ ព្រោះ​តែ​យើង​នៅ​មាន​កូដកម្ម​តាម​រោង​ចក្រ​មួយ​ចំនួន​ដែល​អាក់​ខាន​ការ​នាំ​ទំនិញ​ទៅ​គេ។​ អញ្ចឹង​ការ​ទុកចិត្ត​ទាំង​ស្រុង​មក​ដល់​ប្រទេស​កម្ពុជា​យើង​គឺ​ថា​ បាន​ថយចុះ​ខ្លះ​ ហើយ​ម៉្យាង​ទៀត​រោង​ចក្រ​មួយ​ចំនួន​មាន​ការ​ត្អូញ​ត្អែរ​ពី​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ច្រើន​ជាង​មុន»។​

អ្នក​សេដ្ឋ​កិច្ច​រូប​នេះ​សម្តែងក្តី​បារម្ភ​អំពី​ការ​បញ្ចេញ​ប្រាក់​កម្ចី​ច្រើនទៅ​លើ​សកម្ម​ភាព​ពាណិជ្ជ​កម្មក្នុង​ស្រុក​ ដូចជាវិស័យអចលន​ទ្រព្យ​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ការណ៍​នេះតម្រូវ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ធ្វើការសិក្សា​និង​រក​វិធី​បង្កា​វិបត្តិ​ឥណទាន​ និងវិបត្តិ​ហិរញ្ញ​វត្ថុ​ ដែល​អាច​កើត​មាននៅ​ពេល​ខាង​មុខ​តាម​រយៈ​ការ​បញ្ចេញ​ប្រាក់​កម្ចី​ច្រើន​ជ្រុល​នេះ។​ លោក​បាន​មើល​ឃើញ​ផង​ដែរ​ថា​ ហានិភ័យ​អាច​កើត​មាន​ម្តង​ទៀត​នៅ​ក្នុង​វិស័យ​សំណង់​ ដោយសារ​ការ​សង់​ច្រើន​ហួស​ពី​តម្រូវ​ការ។​

លោក​ គង់ សុភារៈ​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍ ​បាន​ថ្លែង​ពី​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជាយ៉ាង​ដូច្នេះ​ថា៖​

«បាទ! ​កំណើន​ទាប​នេះ​បើ​យើង​មើល​ វា​មាន​បញ្ហា​ក្នុង​តំបន់។​ ​កត្តា​តំបន់​ ដូចជា​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ថៃ​នៅ​អី​ហ្នឹង។​ បំផ្ទុះ​ហ្នឹង​វា​ប៉ះ​យើង​តិច​តួច​ដែរ​ អញ្ចឹង​ទៅ​ណា។ ​ទីពីរ​គឺ​នៅ​ដើម​ឆ្នាំ​ យើង​មាន​បញ្ហា​ជំងឺ​ឆ្លង។ ​ហើយ​នៅ​ទី​បី យើង​ក៏​អាច​និយាយ​បាន​ថា​ វា​មាន​តិចតួច​បញ្ហា​សង្គ្រាម​អី​នៅ​ក្នុងមជ្ឈឹម​បូព៌ា​អី​អញ្ចឹង ឬ​ក៏​វិបត្តិ​នៅ​អឺ​រ៉ុប វិបត្តិ​ជន​ភៀស​ខ្លួនអី​ហ្នឹង។​ អាហ្នឹង​សុទ្ធ​តែ​ជា​កត្តា​ដែលជះ​ឥទ្ធិពល​តិច​តួច​មក​លើ​វិស័យ​ទេសចរណ៍​ទាំង​មូល​ដែរ»។​

យ៉ាងណាក៏ដោយ​ លោក​ថា​ កំណើន​ពី​វិស័យ​ទេសចរណ៍នៅ​បន្ត​កើត​មាន បើ​ទោះ​ជា​វា​តិច​ជាង​កំណើន​កាល​ពី​ឆ្នាំ​២០១៤​ក្តី។​ លោក​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​៨​ខែ​នៃ​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង​បី​លាន​នាក់​ដោយ​មាន​អត្រា​៥​%​ ហើយ​ថា​ ភ្ញៀវ​វៀតណាម​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​ គឺ​ប្រមាណ​៦៣​ម៉ឺននាក់​ក្នុង​អត្រា​កំណើន​១១,៥% ​ និងទី​ពីរ​គឺ​ភ្ញៀវ​ចិន​មាន​ចំនួន​ជាង​៤៦​ម៉ឺន​នាក់​ក្នុង​អត្រា​កំណើន​២៦,៥​ភាគរយ។ ​លោក​បន្ត​ថា​ ចំណូល​មក​ពី​វិស័យ​ទេស​ចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​អាច​មាន​ដល់​ជាង៣០០០​លានដុល្លារ​នៅ​ឆ្នាំ​២០១៥ ​ដែល​កំណើន​នេះ​នឹង​កើន​ពី​ជាង​២៧០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤។

ទាក់​ទិននឹង​ការ​ប្រមើមើល​នៃ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជានៅ​ពេល​ខាងមុខ​ ក្រុម​សេដ្ឋ​វិទូ​នៃ​ធានាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ ការនាំ​ចេញ​សម្លៀក​បំពាក់​នៅតែ​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ តែ​កំណើន​នេះ​នឹង​កើន​តិច​តួច​ប៉ុណ្ណោះ។​ ពួក​គេ​បញ្ជាក់​ថា​ គុណ​វិបត្តិ​នៃ​ហានិភ័យ​អាច​បណ្តាល​មក​ពី​ភាព​មិនប្រាកដ​ប្រជា​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ ការ​កើន​ឡើង​នៃ​អត្រា​ការ​ប្រាក់​នៃ​លុយ​ដុល្លារ​ ការ​ដំអក់​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​អឺរុប​ ហើយនឹង​របត់​នៃ​ការ​ធ្លាក់​ចុះខ្លាំងនៃ​សេដ្ឋ​កិច្ច​ប្រទេស​ចិន។ ​ពួកគេ​សង្កត់​ធ្ងន់​ថា​ ការ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​គឺ​ជា​ចំណុច​អាទិភាព​នៅ​ក្នុង​ការ​រក្សា​បាន​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា៕

XS
SM
MD
LG