ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រត់​តាក់ស៊ី​និង​រឺម៉ក​ត្អូញត្អែរ​​អំពី​​ការ​​យក​ថ្លៃ​ផ្លូវ​ចូល​ព្រលាន​យន្តហោះ​ខេត្ត​​សៀមរាប


រូបឯកសារ៖ ទិដ្ឋភាពនៃទីកន្លែងចតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាពនៃទីកន្លែងចតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្ត​សៀមរាប​បាន​ត្អូញ​ត្អែរ​ពី​ការ​យក​តម្លៃ​ខ្ពស់​លើ​ផ្លូវ​ល្បឿនលឿន​ (​Highway)​ ចូល​ទៅ​ព្រលាន​យន្តហោះ​ថ្មី ​ដែល​មាន​ចម្ងាយ​ប្រមាណ ​៤០ ​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀមរាប។​ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​ភាគី​ក្រុមហ៊ុន​ចិន​កុំ​យក​លុយ​ថ្លៃ​ផ្លូវ​នេះ ​បន្ថែម​ពី​លុយ​ថ្លៃ​ចំណត​ក្នុង​ព្រលាន​យន្តហោះ។​

លោក ​ចើស ចៀក ​អាយុ​៤៣​ឆ្នាំ ​អ្នក​រត់​តាក់ស៊ី ​និង​រឺម៉ក​ទេសចរណ៍​ផង​ រស់​នៅ​ភូមិ​ទ្រាំង ​ឃុំ​ស្លក្រាម ​ស្រុក​សៀមរាប​ ខេត្ត​សៀមរាប ​ប្រាប់​វីអូអេ​ថា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៤ ​យានយន្ត​គ្រប់​ប្រភេទ​ឱ្យ​តែ​ឆ្លង​កាត់​ព្រលាន​យន្តហោះ​ថ្មី​នៅ​សៀមរាប​ត្រូវ​បង់​លុយ​ថ្លៃ​ចំណត ​និង​លុយ​ថ្លៃ​ផ្លូវ​ជា​មុន​សិន​ ទើប​អាច​ចូល​ទៅ​ព្រលាន​បាន។ ​លោក​បន្ត​ថា​ ការ​បង់​លុយ​ថ្លៃ​ចំណត​ និង​ថ្លៃ​ផ្លូវល្បឿន​លឿន​នេះ​ធ្វើ​ឱ្យ​លោកចំណាយ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

លោក​ថ្លែង​ថា៖​ «ច្រើន!​ ច្រើន​យក​តែ​មែន​ទែន​ហើយ។​ បើ​ពី​មុន​បើ​សិន​បើ​គេ​គិត​តែ​ថ្លៃ​Parking​ [ចំណត]​ ១​ដុល្លារ​ គឺ​ពួក​ខ្ញុំ​មាន​លុយ ​តែ​ត្រឹម ​៥​ដុល្លារ​ ខ្ញុំ​អាច​នឹង​ហូប​នេះ​ហូប​នោះ​បាន​ហើយ​នឹង​អាច​ទិញ​ទឹក​ទិញ​អី​ហូប​បាន។ ​ដល់​ពេល​ឥឡូវ​យើង​មាន​លុយ​តែ​ត្រឹម​ ៥​ដុល្លារ ​ពេល​ដែល​យើង​ចូល​ទៅ​អស់​បាត់។​ ពេល​អ៊ីចឹង​ទៅ​ យើង​ចំណាយ​ច្រើន​យក​តែ​មែន​ទែន»។​

លោកស្នើ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​ជា​អ្នក​រត់​រឺម៉ក ​ក្នុង​វិស័យ​ទេសចរណ៍​ហ្នឹង​ ខ្ញុំ​សំណូមពរ​ទៅ​ខាង​រាជ​រដ្ឋាភិបាល​សុំ​ឱ្យ​ គាត់​គិត​តែ​ថ្លៃ​ Parking ​[ចំណត]​ សូម​កុំឱ្យ​គិត​ផ្លូវ​ Highway»។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី​ ៣ ខែ​មករា ​ឆ្នាំ​ ២០២៤​នេះ ​ ក្រុម​អ្នក​រត់​តាក់ស៊ី​និង​រឺម៉ក​បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ ហើយ​អាជ្ញាធរ​ថា​នឹង​ព្យាយាម​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។​

លោក ​ហៀង ភាន់ណា ​អាយុ៣៩​ឆ្នាំ ​ជា​អ្នក​ប្រកប​របរ​រត់​កង់​បី​មួយ​រូប​ទៀត​ នៅ​ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​គួរ​តែ​គិត​គូរ​ពី​បញ្ហា​ទាំង​អស់​នេះ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​ឆាប់​ ដោយ​សារ​តែ​សព្វ​ថ្ងៃ​នេះ​តម្លៃ​ប្រេងសាំង​ក៏​ឡើង​ថ្លៃ ​ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បង់​លុយ​ថ្លៃ​ផ្លូវ​ចូល​ព្រលាន​យន្តហោះ​ទៀត​ ដែល​រឹតតែ​ធ្វើ​ឱ្យ​លោក​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​រក​ស៊ី។​

លោក​ថ្លែង​ថា៖​ «និយាយ​ទៅ​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ទេស​ចរ​នេះ ​មិន​មែន​ជា​អ្នក​មាន​អី​ទេ ​គ្រាន់​តែ​រស់​ក្នុង​មួយ​ខែ​សឹង​មិន​គ្រាន់​ផង​ហ្នឹង។ ​តម្លៃ​[ដឹកភ្ញៀវ]​កាន់​តែ​ចុះ​ថោក​ជាង​មុន​ហើយ​សាំង​ក៏​ឡើង​ថ្លៃ។​ ចំណាយ​កាន់​តែ​ច្រើន។ ​អ៊ីចឹង​នៅ​ពេល​ចំណាយ​ច្រើន​ពេក​ទៅ ​វា​អត់​មាន​ចំណេញ។​ អ្នក​រត់​រឺម៉ក​គ្រប់​គ្នា​គ្មាន​នរណា​បាន​សល់​លុយ​ច្រើន​ បើ​ដាច់​ខែ​អស់ៗ​ សល់​តែ​ផ្គត់​ផ្គង់​គ្រួសារ​បន្តិច​បន្តួច​ដូច​កូន​ទៅ​រៀន​អ៊ីចឹង​ សឹង​តែ​មិន​គ្រាន់​ផង។​ អ៊ីចឹង​សំណូម​ពរ​រដ្ឋាភិបាល​ជួយ​កាត់​បន្ថយ​ទៅ។ ​បើ​បាន​កុំ​យក​កាន់​តែ​ល្អ»។​

អ្នក​រត់​ PassApp ​ម្នាក់​ទៀត​ លោក​ អៀង ចំរើន​ អាយុ​៤០​ឆ្នាំ​ រស់​នៅ​ភូមិ​ស្វាយ​ដង្គំ ​សង្កាត់ ​ស្វាយ​ដង្គំ ​ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា៖​ «ពិបាក​ណាស់!​ អាហ្នឹង​វា​យក​លុយ​ថ្លៃ​ពេក។ ​វា​បង់​ផ្លូវ​ហ្នឹង​ គ្រាន់​តែ​ចូល​មិន​ទាន់​ទម្លាក់​ភ្ញៀវ​ចុះ​ផង​ អស់ ​៣​ដុល្លារ​ ហើយ​ថ្លៃ​ផ្លូវ ​វិក្ក័យបត្រ​គេ​ដាក់​ Highway។​ ចូល​ទៅ​ទម្លាក់​តែ​ភ្ញៀវ​ចេញ​មក​វិញ​អស់​ ១​ដុល្លារ​ទៀត ​ហើយ​បើ​សិន​ជា​យើង​ចូល​ទៅ​ហ៊ាន​រ៉េរ៉​លើស​ពី​កន្លះ​ម៉ោង​អស់​លុយ​លើស​ពី​ហ្នឹង​ទៀត»។​

លោក​បន្ត​ថា៖​ «ហើយ​បើ​ចេញ​មក​ហើយ​ឧទាហរណ៍​ថា​បាន​ភ្ញៀវ​គេ​ប៊ុកឃីង​អី​ ចូល​ ត្រឡប់​ចូល​ទៅ​វិញ​ ​មិន​បាច់​ចាំ​បើក​លើ​ផ្លូវ​ Highway​ គ្រាន់​តែ​ត្រឡប់​ផុត​តែ​កុង​ត្រូល​ចូល​ទៅ​វិញ​បង់​ ៣​ដុល្លារ​ម្តង​ទៀត។​ ហើយ​ចេញ​មក​វិញ​បង់​ ៣​ដុល្លារ​ម្តង​ទៀត»។​

រូបឯកសារ៖ ស្ត្រីម្នាក់ឈរមើលយន្តហោះត្រៀមហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ស្ត្រីម្នាក់ឈរមើលយន្តហោះត្រៀមហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ​លី សំរិទ្ធ ​អភិបាល​រង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា ​ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រជា​ពលរដ្ឋ​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ទេសចរ​ដែល​ត្អូញ​ត្អែរ​ពី​ការ​យក​តម្លៃ​ខ្ពស់​លើ​ផ្លូវ​ Highway​ នៅ​ព្រលាន​យន្តហោះ​ លោក​ថា​ រដ្ឋបាល​ខេត្ត​នឹង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ ​ប៉ុន្តែ​ត្រូវ​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​ជា​មុន​សិន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​យើង​បាន​ធាតុ​ចូល​ជា​ច្រើន​ ហើយ​វិភាគ​ទៅ​លើ​ភាព​ចាំ​បាច់​មួយ​ចំនួន​ហើយ​ពិចារណា​អំពី​ទិដ្ឋ​ភាព​សេដ្ឋកិច្ច ​បច្ចេកទេស ​ដើម្បី​រក​ផ្លូវ​ដោះ​ស្រាយ។​ ប៉ុន្តែ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ ​ត្រូវ​ពិនិត្យ​និង​ពិចារណា​ជា​មួយ​ភាគី​ក្រុម​ហ៊ុន​បន្ត​ទៀត​នៅ​សប្តាហ៍​ក្រោយ»។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ខាង​ភាគី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​អាកាស​យានដ្ឋាន​ខេត្ត​សៀមរាប​បាន​នៅ​ឡើយ​ទេ។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​យក​លុយ​ថ្លៃ​ផ្លូវ​ Highway ​ជា​ការ​តម្រូវ​របស់​ក្រុមហ៊ុន​ ដោយ​សារ​នេះ​ជា​គម្រោង​វិនិយោគ​រយៈ​ពេល ​៥៥ ​ឆ្នាំ​រ វាង​កម្ពុជា ​និង​ក្រុមហ៊ុន​ចិន។​ ប៉ុន្តែ​លោក​ថា​ គួរ​តែ​មាន​ដំណោះ​ស្រាយ​ចំពោះ​ការ​ត្អូញ​ត្អែរ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​រត់​រឹម៉ក និង​អ្នក​ដឹក​ភ្ញៀវ​ផ្សេងៗ។​

លោក​ថ្លែង​ថា៖ ​«ចំពោះ​ដំណោះ​ស្រាយ ​ខ្ញុំ​យល់​ថា​ គួរ​តែ​មាន​ការ​កំណត់​លក្ខខណ្ឌ​ដែរ។ ​អ្នក​ដែល​ចេញ​ចូល​ញឹក​ញាប់​ជា​ពិសេស​អ្នក​ដែល​ដឹក​ភ្ញៀវ​ទេសចរ​ជា​ប្រចាំ​ក៏​គួរ​តែ​មាន​ការ​បញ្ចុះ​តម្លៃ​ដល់​គាត់​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង។​ បើ​គិត​ថា​ ចេញ​មួយ​ជើង​ចូល​មួយ​ជើង​ត្រូវ​តែ​បង់​លុយ​ វា​អាច​ថា​មិន​យុត្តិធម៌​ប៉ុន្មាន​ទេ​ ហើយ​ក៏​មិន​សូវ​រួម​ចំណែក​ដល់​ជីវភាព​អ្នក​រត់​រឺម៉ក់​ រត់​តាក់​ស៊ី​ដែរ​បាទ»។​

គួរ​បញ្ជាក់​ថា ​ផ្លូវ​ចូល​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរត្រូវ​បាន​ចាត់​ទុក​ជា​ផ្លូវ​ Highway​ និង​តម្រូវ​ឱ្យ​បង់​ប្រាក់​សម្រាប់​យានយន្ត​ឆ្លង​កាត់​ផ្លូវ​តាម​តម្លៃ​នៃប្រភេទ​រថយន្ត​ចាប់​ពី​ ៣​ដុល្លា រ​រហូត​ដល់​ ១២​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០២៤ ​ដល់​ដំណាច់​ឆ្នាំ ២០២៥។ នេះ​បើ​តាម​តារាង​ព័ត៌មាន​នៃ​ការ​បង់​ប្រាក់។

អាកាសយានដ្ឋាន​ថ្មី​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​តម្លៃ​ប្រមាណ ​១.១០០​លាន​ដុល្លារ​អាមេរិក ​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ចិន ​ឬ​ BRI​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣។ ​ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​វិនិយោគ​ក្នុង​ទម្រង់​ «សាង​សង់ ​ប្រតិបត្តិការ​ផ្ទេរ» ​ឬ​ BOT​ ដោយ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ន័យ​ថា​ ព្រលាន​យន្តហោះ​នេះ​នឹង​ត្រូវ​ផ្ទេរ​មក​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ ​នៅ​ក្នុង​ឆ្នាំ​ ២០៧៣ ​ក្រោយ​ការ​សាងសង់​រយៈ​ពេល​ប្រមាណ​ ៥ ​ឆ្នាំ​ និង​ប្រតិបត្តិការ​រយៈ​ពេល​ ៥០ ​ឆ្នាំ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG