ក្រុមតាលីបង់ បានបញ្ជាក់ថាខ្លួន បានពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសកាតាក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលអស់១៧ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់ បានប្រាប់VOAកាលពីថ្ងៃសុក្រថា អ្នកស្រី Alice Wells ឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូងនិងអាស៊ីកណ្ដាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូអាមេរិកក្នុងកិច្ចប្រជុំនៅរាជធានីដូហានៃប្រទេសកាតានោះ។
មន្ត្រីតាលីបង់ដដែល ដែលនិយាយដោយមានលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានពន្យល់ថាការពិភាក្សា«បឋម»នោះ គ្រាន់តែផ្ដោតទៅលើ «ការរៀបចំក្របខណ្ឌ សម្រាប់ទំនាក់ទំនងនិងកិច្ចប្រជុំបន្តបន្ទាប់ទៀតនៅពេលអនាគត» រវាងក្រុមតាលីបង់និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ។
មន្ត្រីតាលីបង់រូបនោះ និយាយថា៖ «បរិយាកាសទូទៅនៃកិច្ចប្រជុំនោះ មានលក្ខណៈល្អប្រសើរហើយការពិភាក្សាគ្នា ក៏ទទួលបានលទ្ធផលល្អដែរ» ប៉ុន្តែមន្ត្រីរូបនេះនេះ មិនបានផ្តល់សេចក្តីពិស្តារបន្ថែមទៀតទេ។
របាយការណ៍ព័ត៌មានអំពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រកាលពីថ្ងៃច័ន្ទនៅឯរាជធានីដូហានោះ ត្រូវបានបោះពុម្ពលើកាសែតនានារបស់អាមេរិកកាលពីដើមសប្ដាហ៍នេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានមន្ត្រីអាមេរិក ឬក្រុមតាលីបង់ បានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីកិច្ចប្រជុំនោះនៅឡើយទេ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធ អត្ថាធិប្បាយអំពីកិច្ចប្រជុំជាមួយក្រុមជីវពលតាលីបង់ដែលត្រូវបានគេរាយការណ៍នោះ៕