អាជ្ញាធរអាហ្វហ្គានីស្ថានបាននិយាយថា គ្រាប់បែកដ៏ខ្លាំងមួយបានផ្ទុះនៅក្បែរអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤ នាក់និងរងរបួសជាង៥០នាក់ផ្សេងទៀត។ ការផ្ទុះនេះកើតមានឡើងតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោក Abdul Rahid Dostum អនុប្រធានាធិបតីទីមួយបានវិលត្រឡប់ពីការនិរទេសខ្លួន ទៅប្រទេសកំណើតវិញ។
លោក Hashamtullah Satnikzai អ្នកនាំពាក្យប៉ូលិសក្រុងបានប្រាប់ VOA ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានធ្វើការវាយប្រហារនេះ។ លោក Dostum មិនបានរងរបួសទេ។ មិនមានក្រុមណាមួយប្រកាសទទួលខុសត្រូវភ្លាមៗទេ។ លោក Dostum ដែលជាអតីតមេបញ្ជាការកងទ័ព Uzbek បានវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញបន្ទាប់ពីរស់នៅក្នុងប្រទេសតួកគីជាងមួយឆ្នាំ។ លោកបានចាកចេញពីប្រទេសនេះកាលពីឆ្នាំ ២០១៧ ក្រោមកាលៈទេសៈដ៏ចម្រូងចម្រាស។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានទទូចថា លោក Dostum ត្រូវការការព្យាបាលនៅពេលល្អៗនៅបរទេសហើយលោកនឹងចូលបម្រើការងារឡើងវិញបន្ទាប់ពីបានធូរស្រាលពីជំងឺ។ ប៉ុន្តែមេដឹកនាំ Uzbek នេះកំពុងប្រឈមនឹងការស៊ើបអង្កេតពីបទធ្វើទារុណកម្មនិងការរំលោភបំពានផ្លូវភេទលើគូប្រជែងនយោបាយជើងចាស់នៅពេលដែលគាត់បានចាកចេញពីទីក្រុងកាប៊ុលទាំងកណ្តាលយប់។ លោក Dostum បានប្រឈមនឹងរឿងចម្រូងចម្រាសជាយូរមកហើយ។
អ្នកការពារសិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិបានចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងសមាជិកតាលីបង់បន្ទាប់ពីយោធាអាហ្វហ្គានីស្ថានដឹកនាំដោយអាមេរិកបានបណ្តេញក្រុមឥស្លាមនិយមចេញពីអំណាចនៅក្រុងកាប៊ុល។ គេនៅមិនច្បាស់ទេ ថាតើលោក Dostum នឹងនៅតែប្រឈមនឹងការស៊ើបអង្កេតឬយ៉ាងណា៕