ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ឃ្លាំមើល​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ថ្ងៃ​ទីបី


នៅក្នុង​រូប​ដែល​ដកស្រង់​ពី​វីដេអូ​ឃ្លីប​ដែល​ចេញ​ផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍ CCTV របស់​ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ បង្ហាញ​នាវា​កងទ័ព​ជើងទឹក​ចិន​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។
នៅក្នុង​រូប​ដែល​ដកស្រង់​ពី​វីដេអូ​ឃ្លីប​ដែល​ចេញ​ផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍ CCTV របស់​ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ បង្ហាញ​នាវា​កងទ័ព​ជើងទឹក​ចិន​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

តៃវ៉ាន់​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​ ខណៈ​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ទីបី។

យោធា​របស់​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា ចិន​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​រាប់​សិប​គ្រឿង​និង​នាវា​ចម្បាំង​ចំនួន១១គ្រឿង​ឆ្ពោះ​ទៅ​កាន់​តៃវ៉ាន់​ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​របស់​ខ្លួន​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​សៅរ៍​កាលពី​សប្តាហ៍​មុន។

សមយុទ្ធ​យោធា​របស់​ចិន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំនួប​រវាង​ប្រធានាធិបតី​តៃវ៉ាន់​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក Kevin McCarthy និង​សមាជិក​សភា​មួយ​ចំនួន​នៃ​រដ្ឋ California កាល​ពី​សប្ដាហ៍មុន។

យោធា​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​គឺ​ជា​«ការព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៅ​កាន់​ការឃុបឃិត​គ្នា​និង​ការ​បង្ករឿង​របស់​កងកម្លាំង​ផ្ដាច់ខ្លួន​ឯករាជ្យ​កោះ​តៃវ៉ាន់​និង​កងកម្លាំង​ពី​ខាង​ក្រៅ»។

យោធា​ចិន​បាន​និយាយ​ទៀត​ថា «ប្រតិបត្តិការ​នេះ​គឺ​ចាំបាច់​ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​និង​សុចរិតភាព​ដែនដី​របស់​ចិន»។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ថ្កោលទោស​សមយុទ្ធ​យោធា​នេះ​ដោយ​និយាយ​ថា តៃវ៉ាន់​នឹង​បន្ដ​ធ្វើការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃទៀត ខណៈ​ដែល​កោះ​តៃវ៉ាន់​ប្រឈម​នឹង​«ការ​ពង្រីក​របប​ផ្ដាច់ការ​ដែល​ចេះ​តែ​បន្ដ»​ពី​ចិន។

សហរដ្ឋ​អាមេរិក​មាន​គោលនយោបាយ​«ចិន​តែ​មួយ» ដែល​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។ សហរដ្ឋ​អាមេរិក​ចាត់ទុក​ស្ថានភាព​របស់​តៃវ៉ាន់​ថា​មិន​ទាន់​ដោះស្រាយ និង​បញ្ជូន​ជំនួយ​យោធា​ទៅ​កាន់​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​មួយ​នេះ​ដើម្បី​ជួយ​ការពារ​កោះ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជា​រឿយៗ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ការពារ​យោធា​តៃវ៉ាន់​ប្រសិន​បើ​ចិន​ចង់​ឈ្លានពាន ថ្វីត្បិត​តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រក្សា​គោលនយោបាយ​ចិន​តែ​មួយ​របស់​ខ្លួន​ដែល​មិន​ដែល​ផ្លាស់ប្ដូរ​ក៏​ដោយ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse។

XS
SM
MD
LG