ខ្សែភាពយន្តពីរផ្សេងគ្នាត្រូវគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែកក្កដានេះ។ រឿងមួយនិយាយអំពីការបង្កើតអាវុធនុយក្លេអ៊ែរដំបូងគេលើពិភពលោក និងរឿងមួយទៀតនិយាយអំពីកូនក្រមុំជ័រ Barbie។
តើរឿងមួយណាដែលមានភាពប្រទាញប្រទង់លើឆាកអន្តរជាតិ? ជារឿងគួរឲ្យភ្ញាក់ផ្អើល គឺមិនមែនរឿងអំពីបិតាផលិតគ្រាប់បែកបរមាណូលោក Oppenheimer នោះទេ។
ផ្ទុយទៅវិញ ខ្សែភាពយន្ត Barbie ដែលគេរំពឹងខ្លាំង គឺជារឿងដែលបង្កឲ្យមានភាពចម្រូងចម្រាសទាំងនៅប្រទេសវៀតណាមនិងហ្វីលីពីនកាលពីពេលថ្មីៗនេះ ដោយវៀតណាមបានហាមរឿងនេះមិនឲ្យចាក់បញ្ចាំងទាំងស្រុង ហើយហ្វីលីពីនក៏កំពុងពិចារណាធ្វើដូចគ្នាដែរ។
អស់រយៈពេលរាប់ឆ្នាំមកហើយ ក្រុមហ៊ុន Mattel ដែលជាក្រុមហ៊ុនផលិតកូនក្រមុំជ័រ Barbie បានរងការរិះគន់យ៉ាងខ្លាំងដោយសារបានផលិតកូនក្រមុំជ័រដែលគ្មានភាពចម្រុះហើយដែលអ្នកខ្លះបាននិយាយថា ក្រុមហ៊ុននេះផ្សព្វផ្សាយទម្រង់រាងកាយដែលមិនដូចរាងកាយពិតជាក់ស្ដែង។
ប៉ុន្តែឥឡូវនេះ យីហោក្រុមហ៊ុននេះបានឈានចូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយដោយសារតែការបញ្ចូលខ្សែបន្ទាត់ ៩ ចំណុច (nine-dash line) ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលចិន ដែលជារង្វង់ដែនទឹកដែលចិនទាមទារនៅសមុទ្រចិនខាងត្បូង ទៅលើផែនទីមួយនៅក្នុងខ្សែភាពយន្តនោះ។
កាលពីពេលថ្មីៗនេះ មន្ត្រីវៀតណាមបានហាមការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដោយសារវាបង្ហាញនូវផែនទីមួយដែលមានបញ្ចូលនូវការទាមទាររបស់ចិននូវដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលហ្វីលីពីនក៏កំពុងពិចារណាធ្វើតាមវៀតណាមដែរ។
គំនូស ៩ ចំណុចនេះបង្ហាញអំពីការទាមទារដែនទឹករបស់ចិនដែលមានជម្លោះនៅដែនសមុទ្រចិនខាងត្បូង។ វៀតណាម រួមទាំងព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងតៃវ៉ាន់ សុទ្ធតែជំទាស់ទៅនឹងគំនូស ៩ ចំណុចនោះ។
តុលាការអន្តរជាតិមួយនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចកាលពីឆ្នាំ ២០១៦ ថា គំនូស ៩ ចំណុចនោះគ្មានសុពលភាពទេ តែរដ្ឋាភិបាលចិនមិនទទួលស្គាល់ការសម្រេចរបស់តុលាការនោះឡើយ។
អ្នកជំនាញខាងសេរីភាពបញ្ចេញមតិនិយាយថា ការហាមចាក់បញ្ចាំងខ្សែភាពយន្តបែបនេះមិនអាចដោះស្រាយជម្លោះទឹកដីបានទេ តែប្រហែលជាអាចជួយពង្រឹងប្រព័ន្ធត្រួតត្រាខ្លឹមសារមុនចេញផ្សាយទៅវិញ។ អ្នកខ្លះថា ស្ថានភាពទាំងមូលមិនមានសមាមាត្រជាមួយនឹងស្ថានការណ៍ជាក់ស្ដែង។
អស់រយៈពេលរាប់ឆ្នាំមកហើយ គេឃើញមានចម្ងល់អំពីវិសាលភាពដែលក្រុមហ៊ុនផលិតភាពយន្តអាមេរិកាំងធ្វើតាមការទាមទាររបស់រដ្ឋាភិបាលចិនទាំងស្ទាក់ស្ទើរ។ សម្រាប់ក្រុមហ៊ុន Hollywood ទីផ្សារចិនដែលមានប្រជាជន ១ ពាន់ ៤ រយលាននាក់ គឺជាទីផ្សារដែលត្រូវប៉ាន់។
វៀតណាមនិងហ្វីលីពីនពីមុនក៏ធ្លាប់បានហាមប្រាមខ្សែភាពយន្តផ្សេងទៀតផងដែរ ដោយសារតែការបញ្ចូលគំនូស ៩ ចំណុចនោះ ដូចជាខ្សែភាពយន្ត Uncharted ឆ្នាំ ២០២២ របស់ក្រុមហ៊ុន Sony និងខ្សែភាពយន្ត Abominable ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន DreamWorks ជាដើម។ វៀតណាមក៏បានហាមឃាត់រឿង Pine Gap ដែលជារឿងភាគចាក់បញ្ចាំងតាមទូរទស្សន៍អូស្ត្រាលីឆ្នាំ ២០១៨ ហើយហ្វីលីពីនក៏បានហាមឃាត់ភាគខ្លះនៃរឿងនោះផងដែរ។
ការហាមឃាត់របស់រដ្ឋាភិបាលវៀតណាមនូវខ្សែភាពយន្ត Barbie នេះបានបង្ហាញថា «អ្នកត្រួតពិនិត្យខ្លឹមសារមុនផ្សាយចាប់ផ្តើមកាន់តែរសើបចំពោះព័ត៌មានអំពីជម្លោះទឹកដីរវាងចិននិងវៀតណាម»។ នេះបើយោងតាមលោក Trinh Huu Long ស្ថាបនិកក្រុមសារព័ត៌មាននិងស្រាវជ្រាវ Legal Initiatives for Vietnam។
លោក Long ដែលធំដឹងក្តីនៅវៀតណាម តែរស់នៅតៃវ៉ាន់នៅពេលបច្ចុប្បន្ន បានបន្ថែមថា៖ «អ្នកត្រួតពិនិត្យខ្លឹមសារនឹងទទួលបានការសរសើរពីថ្នាក់ដឹកនាំរបស់ខ្លួននិងសាធារណជនចំពោះការមានប្រតិកម្មជ្រុលលើបញ្ហាផែនទីដែលមិនច្បាស់នោះ ពីព្រោះអារម្មណ៍ប្រឆាំងនឹងចិនចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌នយោបាយវៀតណាម»។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញខ្លះខាងប្រទេសចិនគិតថាការបញ្ចូលគំនូស ៩ ចំណុចទៅក្នុងខ្សែភាពយន្ត Barbie នោះមិនមែនជាកង្វល់ធំសម្រាប់ប្រទេសណាមួយទេ។
អ្នកស្រី Rui Zhong អ្នកជំនាញខាងប្រទេសចិននៃមជ្ឈមណ្ឌលWilson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «ខ្ញុំគិតថា បញ្ហានេះគ្មានអីក្រៅពីគ្រាន់តែជារឿងបន្ទាប់បន្សំមួយនោះទេ។ ខ្ញុំគិតថាក្រសួងការបរទេសនៃប្រទេសទាំងពីរមិនខ្វាយខ្វល់ខ្លាំងដោយសារតែខ្សែភាពយន្ត Barbie នេះឡើយ»។
អ្នកស្រី Zhong បានថ្លែងប្រាប់ VOA ថា៖ «ផែនទីនោះមានការគូសរលកខ្លះក្នុងមហាសមុទ្រនិងព្រះអាទិត្យលើទ្វីបអាហ្វ្រិក ដូច្នេះខ្ញុំមិនដឹងអំពីផលវិបាកឬភាពត្រឹមត្រូវខាងភូមិសាស្ត្រនយោបាយធំធេងជាងនេះទេ។ ខ្ញុំមិនជឿថារឿងនេះអាចចូលជ្រៅទៅដល់នយោបាយអាស៊ីបូព៌ាឬអាស៊ីអាគ្នេយ៍នោះឡើយ»។
កន្លងមក ចិនបានធ្វើព្រងើយកន្តើយចំពោះច្បាប់អន្តរជាតិ ហើយបានសាងសង់កោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូងដើម្បីជួយគាំទ្រការទាមទាររបស់ខ្លួនលើអធិបតេយ្យដែលមានជម្លោះ។
ប៉ុន្តែការហាមឃាត់ទាំងស្រុងលើខ្សែភាពយន្តណាដែលអាចធ្វើឲ្យការទាមទារនេះត្រឹមត្រូវតាមច្បាប់មិនមែនជាដំណោះស្រាយល្អបំផុតនោះទេ។ នេះបើយោងតាមលោក Michael Caster ដែលរាយការណ៍អំពីតំបន់អាស៊ីឲ្យអង្គការសេរីភាពបញ្ចេញមតិ Article 19។
លោក Caster បានប្រាប់ VOA ថា៖ «ផែនទីមានលក្ខណៈនយោបាយ ហើយជារឿយៗព្រំដែនមានរបួសប្រវត្តិសាស្ត្រ ប៉ុន្តែជាជាងការធានានូវការពិភាក្សាដោយសេរីនិងបើកចំហ ការឆ្លើយតបភ្លាមៗដោយមិនបានគិតមុនទៅនឹងការត្រួតពិនិត្យខ្លឹមសារគឺកម្រនឹងគាំទ្រដល់យុត្តិធម៌ប្រវត្តិសាស្ត្រឬអន្តរកាលណាស់»។
ក្រុមហ៊ុនផលិតភាពយន្ត Warner Bros. ក៏ចូលរួមចំណែកការពារផែនទីនៅក្នុងខ្សែភាពយន្ត Barbie នោះដែរ ដែលផែនទីនោះបង្ហាញខ្សែបន្ទាត់តែ ៨ ចំណុចប៉ុណ្ណោះ។
ក្រុមហ៊ុន Warner Bros. បានបញ្ជាក់កាលពីថ្ងៃទី ៧ ខែកក្កដាថា៖ «ផែនទីក្នុងរឿង Barbie Land គឺជាគំនូរដូចកូនក្មេងគូសលេងបែបកំប្លុកបំប្លែង។ គំនូររវើរវាយនោះបង្ហាញអំពីដំណើរស្រមើស្រមៃរបស់ Barbie ពីពិភព Barbie ទៅពិភពមនុស្សពិត។ វាគ្មានចេតនាធ្វើសេចក្តីបញ្ជាក់អះអាងណាមួយឡើយ»។
សម្រាប់លោក Long ក្តីបារម្ភអំពីបម្រាមរបស់វៀតណាមលើខ្សែភាពយន្ត Barbie នេះគឺថាការហាមប្រាមទាំងនេះដែលទាក់ទងទៅនឹងអធិបតេយ្យច្រើនជាងការប្រឆាំងនយោបាយនៅទីបំផុតនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់រដ្ឋាភិបាលវៀតណាមនៅក្នុងការហាមឃាត់ស្នាដៃនានាដែលមានលក្ខណៈរិះគន់រដ្ឋាភិបាល។
លោក Long បាននិយាយដូច្នេះថា៖ «រដ្ឋាភិបាល [វៀតណាម] ប្រាកដជាកំពុងប្រើប្រាស់មនោសញ្ចេតនាជាតិនិយមដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យខ្លឹមសារមុនចេញផ្សាយរបស់ខ្លួន»៕
ប្រែសម្រួលដោយលោក សាយ មុន្នី