បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinpingបានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់លោក Xi ឱ្យ «ប្រយ័ត្ន» ដោយសារតែរដ្ឋាភិបាលចិនពឹងផ្អែកលើការវិនិយោគរបស់បស្ចិមប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើសម្រង់កិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ CNN។
លោក Biden បាននិយាយថា៖ «ខ្ញុំបាននិយាយថា នេះមិនមែនជាការគំរាមទេ។ នេះគឺជាការសង្កេតឃើញ»។
លោក Biden បានថ្លែងបន្តដូច្នេះថា៖ «ដោយសាររុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុនអាមេរិកចំនួន ៦០០ បានដកចេញពីរុស្ស៊ី។ ហើយលោកបានប្រាប់ខ្ញុំថាសេដ្ឋកិច្ចរបស់លោកពឹងផ្អែកលើការវិនិយោគពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ដូច្នេះ សូមប្រយ័ត្ន»។
លោក Putin និងលោក Xi បានជួបពិភាក្សាគ្នារយៈពេល ២ ថ្ងៃកាលពីខែមីនា ដោយគាំទ្រទំនាក់ទំនងមិត្តភាពរវាងចិននិងរុស្ស៊ីនិងរួមគ្នារិះគន់ក្រុមបស្ចិមប្រទេស។ ប៉ុន្តែ គេមិនឃើញមានសញ្ញាណាមួយនៃការបំបែកភាពទាល់ច្រកការទូតទាក់ទិននឹងរឿងសង្គ្រាមនៅអ៊ុយក្រែននោះទេ។ ភាគីទាំងពីរក៏បានជួបពិភាក្សាគ្នាតាមអនឡាញផងដែរកាលពីដើមខែកក្កដាកន្លងទៅនេះ។
គេឃើញមានភាពតានតឹងកើនឡើងនិងភាពទុទ្ទិដ្ឋិនិយមនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិនានាដូចជាបញ្ហាតៃវ៉ាន់ បញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ការបង្កើនការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្មរបស់ចិនដែលដឹកនាំដោយរដ្ឋ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះនិងបានជួបពិភាក្សាជាមួយនឹងមន្ត្រីកំពូលៗរបស់ចិន។
នៅពេលដែលគេសួរថាតើលោក Xi បានឆ្លើយតបយ៉ាងម៉េច លោក Biden បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ CNN ថា៖ «លោក [Xi] បានស្ដាប់ ហើយមិនបាន...តវ៉ាអ្វីទេ។ ប្រសិនបើអ្នកសង្កេតឃើញ លោក [Xi] មិនបានគាំទ្រពេញទំហឹងលើរុស្ស៊ីនោះឡើយ»។
លោក Biden បានបន្ថែមដូច្នេះថា៖ «ដូច្នេះ ខ្ញុំគិតថាមានវិធីដែលយើងអាចដោះស្រាយបញ្ហានេះបាន»៕
ប្រែសម្រួលដោយលោក ភី សុភាដា
លោក Biden ព្រមានលោក Xi អំពីការវិនិយោគរបស់បស្ចិមប្រទេស បន្ទាប់ពីលោក Xi ជួបជាមួយលោក Putin
- Reuters