ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្វាគមន៍លោក Modi ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ដោយប្រកាសថា ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ «កំពុងរីកចម្រើន»។ លោកប្រកាសដូច្នេះ បន្ទាប់ពីកិច្ចពិភាក្សាប្រហែល ២ ម៉ោងកន្លះ។ ពាណិជ្ជកម្មបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
លោក Biden និងលោក Modi បានជួយប្រជុំជាមួយបណ្តានាយកប្រតិបត្តិក្រុមហ៊ុននានារួមមានលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និងលោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft។
សេតវិមានថា លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sunita Williams អវកាសយានិកទីភ្នាក់ងារ NASA និងមេដឹកនាំបច្ចេកវិទ្យាឥណ្ឌា រួមមានលោក Anand Mahindra ប្រធានក្រុមហ៊ុន Mahindra Group និង លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ក៏មានវត្តមានផងដែរ។
លោក Biden បានប្រាប់ក្រុមអ្នកចូលរួមថា «តាមទស្សនៈរបស់ខ្ញុំ ភាពជាដៃគូរបស់យើងរវាងឥណ្ឌា និងសហរដ្ឋអាមេរិកនឹងបន្តទៅមុខដ៏វែងឆ្ងាយដើម្បីកំណត់អនាគតនៃសតវត្សទី២១»។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានឹងក្លាយជាផ្នែកមួយដ៏ធំនៃភាពជាដៃគូនោះ។
ដោយសង្កេតឃើញថា មានតំណាងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅក្នុងកិច្ចប្រជុំនេះ រាប់ចាប់ពីក្រុមហ៊ុនបង្កើតថ្មី រហូតដល់ក្រុមហ៊ុនល្បីៗនោះ លោក Modi បានថ្លែងថា «មេដឹកនាំទាំងពីរកំពុងធ្វើការរួមគ្នាដើម្បីបង្កើតមុខមាត់ថ្មីសម្រាប់ពិភពលោក»។
លោក Modi ដែលបានអំពាវនាវដល់ក្រុមហ៊ុនក្នុងពិភពលោកឱ្យ «ធ្វើការផលិតនៅប្រទេសឥណ្ឌា»នោះ ក៏ថ្លែងទៅកាន់មេដឹកនាំជំនួញក្នុងកម្មវិធី Kennedy Center for Performing Arts នៅមជ្ឈមណ្ឌល Kennedy ផងដែរ។
បណ្តានាយកប្រតិបត្តិនៃក្រុមហ៊ុនអាមេរិកកំពូលៗ រួមមានក្រុមហ៊ុន FedEx ក្រុមហ៊ុន MasterCard និងក្រុមហ៊ុន Adobe ស្ថិតក្នុងចំណោមអ្នកចូលរួមចំនួន ១.២០០ នាក់។
មិនមែនពិភាក្សាអំពីប្រទេសចិននោះទេ
របៀបវារៈនៅពីក្រោយដំណើរទស្សនកិច្ចរបស់លោក Modi គឺជាការប៉ុនប៉ងរបស់រដ្ឋបាលលោក Biden ក្នុងការទាក់ទាញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោកគឺចំនួន ១ពាន់៤០០លាននាក់ និងមានសេដ្ឋកិច្ចធំបំផុតទី៥ ចំពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកំពុងកើនឡើងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Modi មិនបានលើកឡើងពីប្រទេសចិនដោយចំៗនោះទេ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ហើយលោក Biden គ្រាន់តែលើកឡើងពីប្រទេសចិនក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានប៉ុណ្ណោះ ប៉ុន្តែសេចក្តីថ្លែងការណ៍រួមមានការលើកឡើងពីសមុទ្រចិនខាងកើត និងខាងត្បូង ដែលចិនមានជម្លោះទឹកដីជាមួយប្រទេសជិតខាង។
នាយកប្រចាំតំបន់អាស៊ីខាងត្បូងនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី អ្នកស្រី Farwa Aamer បានពិពណ៌នានៅក្នុងកំណត់សម្គាល់វិភាគមួយថា នេះជា«សញ្ញាច្បាស់លាស់នៃការរួបរួម និងការប្តេជ្ញាចិត្តដើម្បីការពារស្ថិរភាព និងសន្តិភាពក្នុងតំបន់»។
ក្រៅពីកិច្ចព្រមព្រៀងលក់សព្វាវុធទៅឱ្យឥណ្ឌា និងចែករំលែកបច្ចេកវិទ្យាយោធាដ៏រសើប សេចក្តីប្រកាសកាលពីសប្តាហ៍មុនក៏មាននិយាយពីការវិនិយោគជាច្រើនពីក្រុមហ៊ុនអាមេរិកក្នុងគោលបំណងជំរុញការផលិតបន្ទះអេឡិចត្រូូនិកsemiconductor នៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាលើប្រទេសចិនសម្រាប់គ្រឿងអេឡិចត្រូនិក។
អ្នកនាំពាក្យផ្នែកសន្តិសុខជាតិនៅសេតវិមាន លោក John Kirby បានថ្លែងថា បញ្ហាប្រឈមបង្កឡើងដោយប្រទេសចិនចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងញូវដេលី ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ ប៉ុន្តែទទូចថា ដំណើរទស្សនកិច្ចនេះ«មិនមែនពិភាក្សាអំពីប្រទេសចិនទេ»។
លោក Kirby បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «នេះមិនមែនជាការបង្ខិតបង្ខំឥណ្ឌាឱ្យក្លាយជាប្រទេសសម្រាប់ការទប់ទល់នោះទេ។ ឥណ្ឌាគឺជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ»។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទួលស្វាគមន៍ឥណ្ឌាដែលក្លាយជា«អ្នកនាំមុខផ្នែកសន្តិសុខនាំចេញ» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Kirby បានថ្លែងថា «មានរឿងជាច្រើនដែលយើងអាចធ្វើការជាមួយគ្នាបានក្នុងវិស័យសន្តិសុខ ហើយនោះពិតជាអ្វីដែលយើងផ្តោតជាសំខាន់»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយមួយចំនួនចោទសួរពីឆន្ទៈរបស់ឥណ្ឌាក្នុងការក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏បានខកចិត្តផងដែរចំពោះទំនាក់ទំនងជិតស្និទ្ធរបស់ឥណ្ឌាជាមួយរុស្ស៊ី នៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។
ទំនាក់ទំនងនឹងប្រទេសកំណើត
លោក Modi បានចូលរួមអាហារថ្ងៃត្រង់កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា នៅក្រសួងការបរទេសសហរដ្ឋអាមេរិកជាមួយអនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលជាជនជាតិអាមេរិកអាស៊ីដំបូងគេដែលកាន់តំណែងលំដាប់ទី២នៅសេតវិមាន និង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
ក្នុងការអបអរមួយ អ្នកស្រី Harris បានថ្លែងអំពីម្តាយរបស់អ្នកស្រីកើតនៅឥណ្ឌាតែបានអនិច្ចកម្មទៅហើយ មានឈ្មោះ Shyamala Gopalan។ គាត់បានមកសហរដ្ឋអាមេរិកពេលមានអាយុ១៩ ឆ្នាំ និងបានក្លាយជាអ្នកស្រាវជ្រាវជំងឺមហារីកសុដន់ឈានមុខគេ។
អ្នកស្រី Harris បានថ្លែងថា «ខ្ញុំគិតអំពីរឿងនេះក្នុងបរិបទនិស្សិតឥណ្ឌារាប់លាននាក់ដែលបានមកសហរដ្ឋអាមេរិកតាំងពីពេលនោះមក ដើម្បីសហការជាមួយអ្នកស្រាវជ្រាវអាមេរិក ដោះស្រាយបញ្ហាប្រឈមក្នុងសម័យកាលរបស់យើង និងដើម្បីឈានទៅដល់ជោគជ័យថ្មីៗ»។
លោក Modi បានសរសើរអ្នកស្រី Gopalan សម្រាប់ការទុកប្រទេសឥណ្ឌា«ក្នុងបេះដូងរបស់អ្នកស្រី» ទោះបីជាវាមានចម្ងាយឆ្ងាយពីផ្ទះថ្មីរបស់អ្នកស្រីក៏ដោយ និងបានហៅអ្នកស្រី Harris ថា «ជាអ្នកជំរុញទឹកចិត្តដ៏ខ្លាំងក្លាមួយ»៕