ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​យល់ខុស​អំពី​កោះ​តៃវ៉ាន់​​នោះទេ


រូប​ឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian ថ្លែង​នៅ​ក្នុង​ស​ន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian ថ្លែង​នៅ​ក្នុង​ស​ន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៩។

ក្រសួង​ការពារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ការ​បញ្ជាក់​ថា មិន​មាន​ការសម្រប​សម្រួល​ណាមួយអំពី​កោះ​តៃវ៉ាន់នោះ​ទេ​ហើយ​សហរដ្ឋ​អាមេរិក​ក៏មិន​ត្រូវ​យល់​ខុស​អំពី​បញ្ហា​នេះ​ដែរ។​ ក្រសួង​ការពារ​ប្រទេស​ចិន បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការបង្ក​ហេតុ​ជា​បន្ត​បន្ទាប់​លើ​បញ្ហា​ជាច្រើន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​បាន​និយាយ​ថា បញ្ហា​កោះ​តៃវ៉ាន់​ដែល​ខ្លួនបាន​ចាត់ទុកថា​ជា​ទឹកដី​របស់​ចិន​នោះ​ជា​បញ្ហា​ដ៏​រសើប​បំផុត​នៅ​ក្នុង​ចំណង​ទាក់ទង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេសគាំទ្រ​អន្តរជាតិ​និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​មួយ​របស់​កោះ​តៃវ៉ាន់។

ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​អំពី​កោះ​តៃវ៉ាន់ បាន​កើត​មាន​ឡើង​ក្នុង​អំឡុងពេល​នៃជំនួប​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ដើម​ខែ​នេះ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping។ លោក Xi បាន​និយាយ​ថា អ្នក​នៅ​កោះ​តៃវ៉ាន់​ដែល​ស្វះស្វែង​រក​ឯករាជ្យភាព​និង​អ្នក​គាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​ប្រឡែងលេង​ជាមួយ​ភ្លើង។

នៅពេល​សួរ​នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំ​ខែ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​អំពី​ចំណង​ទាក់ទង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ការពិភាក្សា​ទាំង​នោះ​មក អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian បាន​និយាយ​ថា ការ​មាន​ទំនាក់​ទំនង​ល្អ​និង​ស្ថិរភាព​ជា​ការល្អ​សម្រាប់​ប្រទេស​ទាំង​២​និង​ជា​អ្វី​ដែល​ពិភពលោក​រំពឹង​ទុក។

លោក​បាន​និយាយ​ទៀត​ថា ចិន​មាន​ឆន្ទៈ​ថែរ​ក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក​បាន​បន្ត​ទៀត​ថា ចិន​មាន​គោលការណ៍​ដើម្បី​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​យោធា​ប្រទេស​ទាំង២​ដែល​ត្រូវ​និយាយ​ថា អធិបតេយ្យភាព សេចក្តី​ថ្លៃថ្នូ​របស់​ខ្លួន​ហើយ​ផលប្រយោជន៍​ដ៏​សំខាន់​មិន​អាច​ត្រូវ​រំលោភ​បាន​ឡើយ។

កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​នោះ បាន​រិះគន់​ប្រទេស​ចិន​ចំពោះ​ការបង្កើន​ការដាក់​សម្ពាធ​ខាង​ការទូត​និង​យោធា​របស់​ខ្លួន​ដើម្បី​ព្យាយាម​នឹង​បង្ខិត​បង្ខំ​ឲ្យ​តៃវ៉ាន់​ទទួល​យក​ការបង្រួប​បង្រួម​ទឹកដី​ជាមួយ​ចិន។

ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen បាន​សន្យា​ការពារកោះ​តៃវ៉ាន់​ដោយនិយាយ​ថា ពលរដ្ឋ​របស់​តៃវ៉ាន់​អាច​សម្រេច​អនាគត​ដោយ​ខ្លួន​ឯង៕

XS
SM
MD
LG