ក្រសួងការពារជាតិកោះតៃវ៉ាន់កាលពីថ្ងៃពុធ បានព្រមានពីវិធានការឆ្លើយតបខ្លាំងៗវិញទៅកាន់ប្រទេសចិន ប្រសិនបើកងកម្លាំងរបស់ចិន បានខិតមកជិតដែនកោះរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បានការពារនូវការលុកលុយរបស់ខ្លួនលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ថាជាសកម្មភាពមួយដើម្បីការពារសន្តិភាពនិងស្ថិរភាពតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ភាពតានតឹងយោធាជាមួយចិនដែលបានអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ កំពុងស្ថិតក្នុងស្ថានភាពមួយដ៏អាក្រក់ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។ លោកបន្ថែមថា ចិនអាចមានលទ្ធភាពក្នុងការធ្វើសកម្មភាពឈ្លានពានក្នុងកម្រិតពេញលេញមួយ ទៅលើកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះបានថ្លែងយ៉ាងដូចនេះ បន្ទាប់ពីចិនបានធ្វើសកម្មភាពបំពានទៅលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ក្នុងទ្រង់ទ្រាយធំអស់រយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី១ ខែតុលាមក ដែលសកម្មភាពនេះត្រូវបានតៃវ៉ាន់ចាត់ទុកថា ជាការបង្កើនសកម្មភាពយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងកោះតៃវ៉ាន់។
ពុំមានការបាញ់ណាមួយកើតឡើងនោះទេ ខណៈដែលយន្តហោះរបស់ចិន បានស្ថិតនៅឆ្ងាយពីដែនអាកាសរបស់តៃវ៉ាន់ ដោយផ្តោតទៅលើសកម្មភាពរបស់គេនៅខាងចុងផ្នែកនិរតី នៃតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។
នៅក្នុងរបាយការណ៍មួយទៅកាន់សភាតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់លើកឡើងថា កងកម្លាំងតៃវ៉ាន់នឹងប្រកាន់ខ្ជាប់នូវគោលការណ៍មួយគឺថា នឹងចាត់វិធានការឆ្លើយតបវិញឲ្យបានខ្លាំងក្លា ប្រសិនបើកម្លាំងរបស់ចិនដីគោកខិតមកក្បែរដែនកោះរបស់ខ្លួននោះ។ របាយការណ៍នេះមិនបាននិយាយលម្អិតនោះទេ។
ក្រសួងការពារជាតិតៃវ៉ាន់ បានសម្តែងនូវការព្រួយបារម្ភរបស់ខ្លួនទៅលើសមត្ថភាពយោធារបស់ចិនដែលកំពុងកើនឡើង ដែលក្នុងនោះមានការបញ្ចេញនូវនាវាផ្ទុកយន្តហោះថ្មីៗ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាប្រយុទ្ធដែលអាចធ្វើសកម្មភាពទាំងលើទឹកនិងលើដីបាន ត្រូវបានបញ្ចេញដាក់ឲ្យប្រើប្រាស់នោះ៕