ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា លោកបាននិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីកោះតៃវ៉ាន់ ហើយលោកទាំងពីរបានឯកភាពគ្នាគោរពតាម «កិច្ចព្រមព្រៀងស្ដីពីកោះតៃវ៉ាន់» ស្របពេលភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលតៃវ៉ាន់ និងរដ្ឋាភិបាលចិន។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden បញ្ជាក់ដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយលោក Xi [Jinping] អំពីរឿងតៃវ៉ាន់។ យើងបានឯកភាពគ្នាថា...យើងនឹងគោរពតាមកិច្ចព្រមព្រៀងស្ដីពីកោះតៃវ៉ាន់។ យើងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំគិតថា លោក [Xi jinping] មិនគួរធ្វើអ្វីផ្សេងក្រៅពីគោរពតាមកិច្ចព្រមព្រៀងនោះឡើយ»។
លោក Biden ហាក់ដូចជាសំដៅលើគោលនយោបាយដ៏យូរមកហើយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទទួលស្គាល់រដ្ឋាភិបាលចិនជាផ្លូវការជាជាងរដ្ឋាភិបាលតៃវ៉ាន់។ លោកក៏ហាក់ដូចជាសំដៅផងដែរលើច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយចិនជាជាងជាមួយតៃវ៉ាន់ គឺអាស្រ័យលើការរំពឹងទុកដែលថា អនាគតរបស់តៃវ៉ាន់នឹងត្រូវកំណត់តាមមធ្យោបាយសន្តិវិធី។
បើទោះបីជាច្បាប់ទំនាក់ទំនងតៃវ៉ាន់នេះតម្រូវឲ្យសហរដ្ឋអាមេរិកផ្តល់ឲ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួនក៏ដោយ ក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទទួលស្គាល់តែជំហររបស់ចិនដែលថា កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ចិន និងមាន «ចិនតែមួយ» តែប៉ុណ្ណោះ គឺសហរដ្ឋអាមេរិកមិនប្រកាន់ជំហរណាមួយចំពោះអធិបតេយ្យភាពរបស់កោះតៃវ៉ាន់នោះឡើយ។
ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់ថា ខ្លួនបានសុំការបំភ្លឺពីសហរដ្ឋអាមេរិកជំុវិញការលើកឡើងរបស់លោក Biden នេះ និងត្រូវបានសហរដ្ឋអាមេរិកធានាចំពោះខ្លួនថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរ ការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់គឺនៅតែ «រឹងមាំដូចថ្ម» ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយតៃវ៉ាន់នៅក្នុងការការពារខ្លួន៕