មន្រ្តីយោធាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃអង្គារថា យុទ្ធនាការដាក់សម្ពាធមិនបង្អង់ដៃរបស់ប្រទេសចិនលើតៃវ៉ាន់ គឺមានតែបង្កើនឱកាសឲ្យមានកំហុសតែប៉ុណ្ណោះ និងប្រហែលជាអាចបង្កឲ្យមានការប្រយុទ្ធគ្នាដោយអចេតនា។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលចិនអំពីការបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដោយព្រមានថា យុទ្ធសាស្ត្រ «បង្កហេតុ» នេះអាចនឹងបង្កឲ្យមានលទ្ធផលផ្ទុយពីការរំពឹងទុក។
លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា៖ «សាធារណរដ្ឋប្រជាមានិតចិនបានបង្កើនកិច្ចប្រឹងប្រែងបំភិតបំភ័យ ដាក់សម្ពាធលើកោះតៃវ៉ាន់ សម្ព័ន្ធមិត្ត និងដៃគូដទៃទៀត ដែលក្នុងនោះរួមមានទាំងការបង្កើនសកម្មភាពយោធារបស់ពួកគេដែលបានធ្វើឡើងនៅក្បែរកោះតៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ។ យើងជឿថា ទង្វើរបស់ចិនដូចនេះនឹងបង្កឲ្យមានអស្ថិរភាពនិងមានតែបង្កើនហានិភ័យនៃការប៉ាន់ស្មានខុសតែប៉ុណ្ណោះ»។
លោក Kirby បានបន្ថែមថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់គឺនៅតែ «រឹងមាំដូចថ្ម» ដដែល។
លោកថា៖ «យើងមានការចាប់អារម្មណ៍ជាប់ជានិច្ចចំពោះសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ហេតុនេះហើយបានជាយើងនឹងបន្តជួយតៃវ៉ាន់ក្នុងការរក្សាសមត្ថភាពការពារខ្លួនឲ្យបានគ្រប់គ្រាន់។ យើងជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពតាមការតាំងចិត្តរបស់ខ្លួនចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ការខ្វែងគំនិតគ្នារវាងចិននិងតៃវ៉ាន់នេះ»។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ចិននិងតៃវ៉ាន់បានឌឺដងដាក់គ្នាទាក់ទិននឹងរឿងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ បន្ទាប់ពីចិនបានបង្កើនការដាក់សម្ពាធលើតៃវ៉ាន់៕
លោក Ken Bredemeier នៃវីអូអេ ចូលរួមរាយការណ៍ក្នុងសេចក្តីរាយការណ៍នេះ។