ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់នឹងធ្វើឲ្យប្រាកដថាមានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងស្វះស្វែងធ្វើការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនានា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Tsai Ing-wen បានបញ្ជាក់ដូច្នេះ នៅពេលអ្នកស្រីទទួលជួបពិភាក្សាជាមួយនឹងសមាជិកព្រឹទ្ធសភាបារាំង ៤ នាក់និងអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott នៅថ្ងៃព្រហស្បតិ៍នេះ គឺក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានការកើនឡើងខ្លាំងនូវភាពតានតឹងជាមួយនឹងប្រទេសចិន។
នៅក្នុងការថ្លែងទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាបារាំងដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីការពារជាតិបារាំងលោក Alain Richard អ្នកស្រី Tsai Ing-wen បានថ្លែងអំណរគុណប្រទេសបារាំងចំពោះការព្រួយបារម្ភអំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) និងចំពោះការគាំទ្រលើការចូលរួមរបស់តៃវ៉ាន់លើឆាកអន្តរជាតិ។
អ្នកស្រី Tsai Ing-wen បានបញ្ជាក់ថា៖ «យើងនឹងបន្តបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិដើម្បីធ្វើឲ្យប្រាកដថាមានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific)។ រួមជាមួយនឹងប្រទេសបារាំង យើងក៏សង្ឃឹមផងដែរថានឹងធ្វើការរួមចំណែកបន្ថែមទៀតសម្រាប់ពិភពលោក»។
លោក Richard បានពិភាក្សាអំពី «ការរួមចំណែកដ៏សំខាន់របស់កោះតៃវ៉ាន់នៅក្នុងផ្នែកវឌ្ឍនភាព មនុស្សជាតិ» ក៏ប៉ុន្តែ លោកមិនបានលើកឡើងអំពីភាពតានតឹងកើនឡើងខាងយោធារវាងតៃវ៉ាន់និងចិននោះទេ។
ចំណែកឯលោក Abbott វិញបានបញ្ជាក់ថា៖ «ជាការពិត មិនមែនមនុស្សគ្រប់រូបឬប្រទេសគ្រប់ទីកន្លែងសប្បាយចិត្តនឹងវឌ្ឍនភាពរបស់តៃវ៉ាន់នោះឡើយ ហើយខ្ញុំកត់សម្គាល់ឃើញថា តៃវ៉ាន់ប្រឈមនឹងប្រទេសចិនស្ទើរតែរាល់ថ្ងៃ»៕