ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយថា «សម្ពាធខាងក្រៅ» នឹងមិនអាចបញ្ឈប់កោះតៃវ៉ាន់ពីការទាក់ទងជាមួយនឹងពិភពលោកបានទេ។
អ្នកស្រី Tsai បានសន្យាដូច្នេះនៅថ្ងៃពុធនេះក្នុងពេលមិនយូរប៉ុន្មានមុនពេលធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្វាតេម៉ាឡានិងប្រទេសបេលី។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានថា តៃវ៉ាន់គឺ «មិនឆេវឆាវនិងមានភាពជឿជាក់» ហើយនឹងមិនឱនក្បាលនិងមានបំណងចង់បង្កហេតុណាមួយទេ។
អ្នកស្រីបានបន្ថែមថា តៃវ៉ាន់នឹងប្រកាន់ខ្ជាប់តាមតម្លៃ «សេរីភាពនិងប្រជាធិបតេយ្យ»។
បេសកកម្មរយៈពេល ១០ ថ្ងៃរបស់អ្នកស្រី Tsai ទៅកាន់បណ្ដាប្រទេសនៅតំបន់អាមេរិកកណ្ដាលនេះនឹងមានការឈប់សំចតនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកផងដែរ នៅពេលអ្នកស្រីធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា ហើយបន្ទាប់មកនឹងឈប់សំចតនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក មុនពេលអ្នកស្រីធ្វើដំណើរត្រឡប់ទៅកាន់កោះតៃវ៉ាន់វិញ។
ប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា អ្នកស្រីត្រូវគេរំពឹងថានឹងជួបជាមួយនឹងប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ក្នុងអំឡុងពេលអ្នកស្រីឈប់សំចតនៅទីក្រុង Los Angeles។ លោក McCarthy គឺជាអ្នកតំណាងមណ្ឌលសភាមួយក្នុងរដ្ឋ California។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តបំបែកខ្លួនមួយរបស់ខ្លួន បានប្រឆាំងទៅនឹងការឈប់សំចតរបស់អ្នកស្រី Tsai នៅសហរដ្ឋអាមេរិក។ អ្នកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលចិននឹងចាត់ទុកការប្រជុំណាមួយរវាងអ្នកស្រី Tsai ជាមួយនឹងលោក McCarthy ថាជា «ការបង្កហេតុមួយទៀតដែលរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ» និង «បំផ្លាញដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
អ្នកស្រី Zhu បានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការតបតទៅវិញ ប្រសិនបើការប្រជុំនេះត្រូវបានធ្វើឡើង ប៉ុន្តែអ្នកស្រីមិនបានបញ្ជាក់លម្អិតអំពីវិធានការអ្វីដែលរដ្ឋាភិបាលចិននឹងធ្វើនោះទេ។
មន្ត្រីនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានការពារការសម្រេចនៅក្នុងការអនុញ្ញាតឱ្យអ្នកស្រី Tsai ឈប់សំចតនៅទីក្រុង New York និងទីក្រុង Los Angeles ដោយនិយាយថា ប្រធានាធិបតីតៃវ៉ាន់មុនៗ ដែលក្នុងនោះរួមមានទាំងអ្នកស្រី Tsai ផងដែរ តែងតែឈប់សំចតនៅសហរដ្ឋអាមេរិកនៅពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ។ អ្នកស្រី Tsai ធ្លាប់បានឈប់សំចតនៅសហរដ្ឋអាមេរិកចំនួន ៦ ដងរួចមកហើយនៅរវាងឆ្នាំ ២០១៦ និងឆ្នាំ ២០១៩។
មន្ត្រីអាមេរិកថា ចិនមិនគួរប្រើការឈប់សំចតរបស់អ្នកស្រី Tsai នៅសហរដ្ឋអាមេរិកជាមូលហេតុដើម្បីចាត់វិធានការគឃ្លើនណាមួយចំពោះតៃវ៉ាន់នោះឡើយ។
បេសកកម្មការទូតរបស់អ្នកស្រី Tsai នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីប្រទេសហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយនឹងប្រទេសចិន ដោយទុកឱ្យតៃវ៉ាន់នៅសល់ប្រទេសចំនួន ១៣ តែប៉ុណ្ណោះដែលនៅទទួលស្គាល់ខ្លួនថាជារដ្ឋអធិបតេយ្យ។ កន្លងមក រដ្ឋាភិបាលចិនបានចាត់វិធានការខ្លាំងក្លាដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តដែលនៅសេសសល់ផ្សេងទៀតរបស់តៃវ៉ាន់ឱ្យបញ្ចប់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។