ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ស្ងប់ស្ងាត់​នៅ​តៃវ៉ាន់​អំពី​ចិន​លាក់បាំង​ក្ដី​បារម្ភ​រយៈពេល​វែង


រូបឯកសារ៖ ក្រុម​កីឡាករ​លេង​បាល់​បោះ​កាន់​ទង់ជាតិ​តៃវ៉ាន់​ខណៈ​រង់ចាំ​ការ​ប្រកួត​រវាង​តៃវ៉ាន់​និង​ប៉ាណាម៉ា​នៅ​ទីក្រុង Taichung កោះ​តៃវ៉ាន់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុម​កីឡាករ​លេង​បាល់​បោះ​កាន់​ទង់ជាតិ​តៃវ៉ាន់​ខណៈ​រង់ចាំ​ការ​ប្រកួត​រវាង​តៃវ៉ាន់​និង​ប៉ាណាម៉ា​នៅ​ទីក្រុង Taichung កោះ​តៃវ៉ាន់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ជា​បន្ត​រវាង​ប្រទេស​ចិន​និង​កោះ​តៃវ៉ាន់ ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​ពេល​ខ្លះ​អាច​គិត​ថា​អ្នក​ខាង​ក្រៅ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​គំរាម​កំហែង​នៃ​ការ​វាយ​ប្រហារ​របស់​ចិន។

តៃវ៉ាន់​មាន​ជម្លោះ​ជាមួយ​គណបក្ស​កុម្មុយនិស្ត​ចិន​ចាប់តាំង​ពី​ទសវត្សរ៍ ១៩៤០ មក ហើយ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ភាព​តានតឹង​មានតែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ចិន​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន។ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន។

ការ​ព្រងើយ​កន្តើយ​ចំពោះ​ការ​គំរាមកំហែង​របស់​ចិន​នេះ​ប្រហែលជា​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ពីរ​លើក​កាលពី​ឆ្នាំ​ទៅ។ មួយ​លើក​គឺ​ការ​មិន​ឆ្លើយតប​របស់​ចិន​ចំពោះ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ដែល​បាន​បង្ក​ជា​សំណួរ​ថា​តើ​ការ​ឈ្លានពាន​របស់​ចិន​លើ​កោះ​តៃវ៉ាន់​អាច​ជា​ការ​ឈ្លានពាន​ដែល​នឹង​កើតឡើង​បន្ទាប់​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។ មួយ​លើក​ទៀត​គឺ​កាលពី​ខែ​សីហា​ឆ្នាំ​មុន រដ្ឋាភិបាល​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​និង​បាញ់​មីស៊ីល​ចូល​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​បន្ទាប់ពី​អ្នកស្រី Nancy Pelosi ដែល​ជា​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។

ការ​ស្ទង់មតិ​មួយ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​អូស្ត្រាលី (Australian Institue) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ បាន​បង្ហាញ​ថា ខណៈ​ដែល​ពលរដ្ឋ​អូស្ត្រាលី​ចំនួន ២៥% បាន​និយាយ​ថា​ពួកគេ​ភ័យ​ខ្លាច​ថា​ការ​វាយ​ប្រហារ​អាច​នឹង​ជិត​កើតឡើង​លើ​កោះ​តៃវ៉ាន់ មាន​តែ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ២០ នាក់​តែ​ប៉ុណ្ណោះ​នៅ​កោះ​តៃវ៉ាន់​ដែល​បាន​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​ដូចគ្នា​នេះ។

ទោះបីជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា​ពលរដ្ឋ​តៃវ៉ាន់​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​វាយ​ប្រហារ​ដោយ​ប្រទេស​ចិន​ក្នុង​រយៈពេល​ខ្លី​ជាង​អ្នក​ខាង​ក្រៅ​រំពឹងទុក​ក៏ដោយ ក៏​ពលរដ្ឋ​នៅ​ទីក្រុង​តៃប៉ិ​ផ្ទាល់​បាន​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​រយៈពេល​វែង​អំពី​សង្គ្រាម​នៅ​ថ្ងៃ​អនាគត​និង​អំពី​សមត្ថភាព​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ការ​ការពារ​ខ្លួន។

លោក Wang Ding-yu ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​និង​ការពារ​ជាតិ​នៅ​ក្នុង​សភា​តៃវ៉ាន់ បាន​និយាយ​ថា៖ «ប្រសិនបើ​អ្នក​សួរ​ពួក​យើង​ដែល​ជា​ពលរដ្ឋ​តៃវ៉ាន់​ថា​តើ​ពួក​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឈ្លានពាន​របស់​ចិន​ដែរ​ឬទេ ពួក​យើង​នឹង​ឆ្លើយ​ថា​មាន​ការ​ព្រួយ​បារម្ភ។ ពួក​យើង​អាច​មាន​អារម្មណ៍​ថា​រង​ការ​គំរាម​កំហែង​នេះ។ វា​ជា​អារម្មណ៍​ដ៏​ពិត​ប្រាកដ​មួយ។ ពួក​យើង​បាន​រង​ការ​គំរាម​កំហែង​បែប​នេះ​អស់​រយៈពេល ៤០ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាង​នេះ​ក៏ដោយ ជួលកាល​យើង​ត្រូវតែ​បន្ត​ជីវភាព​រស់នៅ​តទៅ​មុខ​ទៀត»។

លោក​បាន​ប្រាប់ VOAថា៖ «យើង​ដឹង​ថា​យើង​ត្រូវតែ​ប្រុងប្រៀប​សម្រាប់​សេនារីយ៉ូ​ដ៏​អាក្រក់​បំផុត ក៏​ប៉ុន្តែ ក្នុង​នាម​ជា​ពលរដ្ឋ​តៃវ៉ាន់ យើង​ត្រូវតែ​រស់នៅ​តាម​បែប​សុទិដ្ឋិនិយម»។

ភាព​តានតឹង​ជា​បន្តបន្ទាប់​បាន​កើតឡើង​ដូចជា​នៅ​ក្នុង​ទសវត្សរ៍ ១៩៥០ ជាដើម​ដែល​នៅ​ពេល​នោះ រដ្ឋាភិបាល​ចិន​បាន​ព្យាយាម «លួច» កោះ​ដាច់​ស្រយាល​នានា​របស់​តៃវ៉ាន់ និង​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ចិន​បាន​បាញ់​មីស៊ីល​ឆ្ពោះ​ទៅកាន់​កោះ​តៃវ៉ាន់​មុន​ពេល​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើក​ដំបូង​បង្អស់​របស់​តៃវ៉ាន់​ត្រូវ​បាន​ធ្វើ​ឡើង។

លោក Kharis Templeman ដែល​ជា​អ្នក​ស្រាវជ្រាវ​នៃ​ស្ថាប័ន Hoover ដែល​ផ្ដោត​លើ​គម្រោង​ស្ដីពី​តៃវ៉ាន់​និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​និយាយ​ថា ទោះជា​យ៉ាង​ណា​ក៏ដោយ ព្រឹត្តិការណ៍​ទាំង​អស់​នេះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង​ដែល​តៃវ៉ាន់​ប្រឈម​តែ​ប៉ុណ្ណោះ ហើយ​ការ​គំរាមកំហែង​ខាង​យោធា​អាច​ជា​ការ​គំរាមកំហែង​លំដាប់​ទី​ពីរ​ឬ​ទី​បី​បន្ទាប់ពី​ការ​គំរាមកំហែង​របស់​ចិន​ខាង​ការទូត​និង​សេដ្ឋកិច្ច។

លោក​បាន​បន្ថែម​ថា ការ​គំរាមកំហែង​របស់​ចិន​ខាង​ការទូត​និង​សេដ្ឋកិច្ច​លើ​កោះ​តៃវ៉ាន់​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​គំនាប​តៃវ៉ាន់​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ឆាក​អន្តរជាតិ ការ​ហាមឃាត់​ការ​នាំចូល​ផលិតផល​មួយ​ចំនួន​ដើម្បី​បង្ហាញ​កំហឹង​របស់​ខ្លួន ហើយ​នឹង​ការ​ធ្វើ​យុទ្ធនាការ​ព័ត៌មាន​ក្លែងក្លាយ​និង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​បំបាក់​ទឹកចិត្ត។

លោក Templeman បាន​ប្រាប់ VOAថា៖ «ពលរដ្ឋ​តៃវ៉ាន់​ភាគ​ច្រើន​ធ្លាប់​ឆ្លងកាត់​ជាច្រើន​នូវ​ការ​គំរាម​កំហែង​មិន​មែន​ខាង​យោធា​នេះ ហើយ​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​ធ្វើការ​គំរាម​កំហែង​ទាំង​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​រដ្ឋាភិបាល​ចិន​ត្រូវ​ចាត់​វិធានការ​ខ្លាំងក្លា​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​តាម​របៀប​យោធា​ដែល​នាំឱ្យ​បាត់បង់​ទឹកដី​ឬ​ស្លាប់​ជន​ស៊ីវិល​និង​កងទ័ព នោះ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​តៃវ៉ាន់​គិត​ឡើង​វិញ​អំពី​ការ​គំរាម​កំហែង​នេះ»៕


ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG