ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ខឹង​​ប្រធានាធិបតី​​​ឆែក​ថ្មី​​ ដែល​បាន​និយាយ​ទូរស័ព្ទ​ជា​មួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​


នៅ​ក្នុង​រូបថត​ផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​ប្រធានាធាធិបតី​ Tsai Ing-wen សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​សាធារណរដ្ឋ​ឆែក​លោក Petr Pavel ពី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣។
នៅ​ក្នុង​រូបថត​ផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​ប្រធានាធាធិបតី​ Tsai Ing-wen សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​សាធារណរដ្ឋ​ឆែក​លោក Petr Pavel ពី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣។

ប្រទេស​ចិននៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រិះគន់ប្រធានាធិបតីទើប​ជាប់​ឆ្នោត​ថ្មី​របស់​សាធារណរដ្ឋ​ឆែក​ លោក Petr Pavel ដែល​បាន​និយាយ​តាម​ទូរស័ព្ទជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ និង​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP។ ​

ចិន​បាន​អះអាង​ថា​កោះ​តៃវ៉ាន់​ដែលគ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ខ្លួន​ឯង​នោះ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ ដែល​នឹង​ត្រូវ​យក​មក​គ្រប់គ្រង​នៅ​ក្រោម​ចិន​ដីគោកវិញ​នៅ​ថ្ងៃណា​មួយ​ បើ​ទោះ​បី​ជា​ចាំ​បាច់​ត្រូវ​ប្រើ​កម្លាំង​ក៏​ដោយ។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនលោកស្រី Mao Ning បាន​និយាយ​ថា៖ «លោក Pavel បាន​រំលោភ​ឆ្លង​ហួស​បន្ទាត់​ក្រហម​របស់​ចិន។​ ទង្វើ​នេះបាន​រំលោភយ៉ាងធ្ងន់ធ្ងរ​លើ​កិច្ចការផ្ទៃក្នុង​របស់​ចិន​ ហើយ​ក៏​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់ប្រជាជន​ចិនផង​ដែរ»។​

អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន​រូបនេះបន្ត​ទៀត​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ទទូច​ដល់​រដ្ឋាភិបាល​ក្រុង​ប្រាក​ ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​លុបបំបាត់​នូវការប៉ះពាល់​ជាអវិជ្ជមានដែល​កើត​ឡើងដោយការ​និយាយទូរស័ព្ទ​នេះ​ និង​ជៀស​វាង​ការ​ខូចខាតមួយ​ដែល​មិន​អាច​ជួសជុល​បាន​ លើ​ទំនាក់​ទំនង​ចិន​និង​សាធារណរដ្ឋ​ឆែក»។​

លោក Pavel ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតីថ្មី​របស់​សាធារណរដ្ឋ​ឆែក​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ នឹង​ចូល​កាន់​តំណែង​ជំនួសប្រធានាធិបតី​ឆែកបច្ចុប្បន្ន​លោក Milos Zeman​ ដែល​គាំទ្រ​ចិន​ នៅ​ថ្ងៃ​ទី​៩​ ខែ​មីនា​ខាង​មុខ​នេះ។​ ​

កាលពី​កន្លង​ទៅក្នុង​ខែមករា​នេះ​ លោក​ Zeman បាននិយាយ​តាម​ទូរស័ព្ទរយៈពេល​៥៤​នាទី​ជាមួយប្រធានាធិបតី​ចិន​លោក​ Xi Jinping និង​បាន​ហៅ​លោក ​Xi ថា​ជា​មិត្ត​របស់​លោក​ និង​បាន​សរសើរ​លើ​ទំនាក់ទំនង​មិត្តភាពរវាង​ប្រទេស​ទាំង​២​ផង​ដែរ។​ ​

បន្ទាប់​មក​ លោក ​Pavel ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ឆែកនោះ​ ក៏​បាននិយាយ​តាម​ទូរស័ព្ទ​ជា​មួយប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen ដែល​បាន​អបអរលោកដែល​បាន​ឈ្នះការ​បោះឆ្នោត។​ ​

ខុទ្ទកាល័យ​ប្រធានាធិបតី​តៃវ៉ាន់​និយាយ​ថា​ ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទនោះ​ ក៏​មាន​រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​លោក​ Joseph Wu ចូលរួម​ផង​ដែរ​ ហើយ​ដែល​ការ​និយាយគ្នា​នោះ​ មាន​រយៈពេលជិត​១៥​នាទី៕​

XS
SM
MD
LG