កោះតៃវ៉ាន់ដាក់ស្នើការផ្តួចផ្តើមមួយសម្រាប់សន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងរឿងសមុទ្រចិនខាងត្បូង។ គម្រោងដែលត្រូវបានប្រកាសដោយប្រធានាធិបតីកោះតៃវ៉ាន់កាលពីថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមានសហប្រតិបត្តិការក្នុងបណ្តារដ្ឋាភិបាលមួយចំនួន រួមទាំងប្រទេសចិនផងដែរ ដែលទាមទារផ្នែកទាំងអស់ឬផ្នែកខ្លះនៃមហាសមុទ្រដែលសម្បូរទៅដោយប្រេងកាត ឧស្ម័ន និងធនធានមច្ឆាជាតិ។
ប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou បានអំពាវនាវដល់ប្រទេសទាំងឡាយដែលទាមទារយកសមុទ្រចិនខាងត្បូងដ៏មហិមានោះ ឲ្យទុកជម្លោះអធិបតេយ្យភាពដោយឡែក ហើយងាកមកធ្វើការជាមួយគ្នាក្នុងការរុករកធនធានដែលមានក្នុងតំបន់នោះ។ ការផ្តួចផ្តើមរបស់លោកបានស្នើថា គ្មានប្រទេសជាតិណាមួយអាចចាត់វិធានការដោយឯកតោភាគីដែលអាចធ្វើឲ្យភាពតានតឹងកើតឡើងកាន់តែខ្លាំងបានទេ។
កោះតៃវ៉ាន់និងរដ្ឋាភិបាលប្រាំផ្សេងទៀត បានអះអាងទាមទារ មហាសមុទ្រ ដែលមានផ្ទៃទំហំ ៣ លាន ៥សែន គីឡូម៉ែត្រការ៉េ ហើយលាតសន្ធឹងពីឆ្នេរខាងត្បូងនៃកោះតៃវ៉ាន់រហូតដល់ប្រទេសសិង្ហបុរី។ ក៏ប៉ុន្តែ ភាពតានតឹងលើរឿងដែនដីនេះ បានរីកកាន់តែធំឡើងៗកាលពីមួយឆ្នាំកន្លងទៅ នៅខណៈដែលប្រទេសចិនបានធ្វើការតាមទារដីជាថ្មី ហើយបានកសាងទីតាំងយោធានៅលើកោះតូចៗដាច់ស្រយាលខ្លះ ដើម្បីពង្រីកការគ្រប់គ្រង់របស់ខ្លួន។
លោកប្រធានាធិបតី Ma Ying-jeou បានបញ្ចេញឲ្យដឹងអំពីគម្រោងការរបស់លោក នៅការប្រជុំស្រាវជ្រាវមួយ អំពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅក្នុងទីក្រុងតៃប៉ិ។
«យើងសង្កត់ធ្ងន់ថា នៅកន្លែងណាដែលអធិបតេយ្យភាពមិនអាចបែងចែកបាន ធនធាននៅតំបន់នោះនៅតែអាចបែងចែកបាន គឺថាត្រូវយកការចែករំលែកធនធានទាំងនោះ មកដាក់ជំនួសជម្លោះអធិបតេយ្យភាពនោះវិញ»។
កោះតៃវ៉ាន់បានបញ្ចេញគម្រោងការដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនេះ ក្នុងអំឡុងពេលដែលភាពតានតឹងនោះបានរីកកាន់តែធំឡើង ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
ក្រុងប៉េកាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកមួយគ្រឿងបានហោះហើរលើកោះតូចមួយកាលពីសប្តាហ៍មុន។ មន្ត្រីចិនបានហៅការហោះហើរនោះថាជា «សកម្មភាពបង្កហេតុ»។ ក៏ប៉ុន្តែ មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ការហោះហើរដើម្បីស៊ើបការណ៍នេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យការសាងសង់ដែលកំពុងបន្តធ្វើឡើងនៅលើកោះទាំងនោះ។ ពួកគេបាននិយាយថា ការហោះហើរទាំងនោះ បានប្រព្រឹត្តិធ្វើនៅក្នុងដែនលំហអាកាសអន្តរជាតិ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិនឡើយ។
ប្រទេសជប៉ុនក៏មានសកម្មភាពកាន់តែខ្លាំង នៅពេលដែលប្រទេសនេះប្រជែងជាមួយចិនដើម្បីទទួលបានកម្មសិទ្ធិលើមហាសមុទ្រមួយទៀត គឺសមុទ្រចិនខាងកើត។
នៅក្នុងខែកក្កដាខាងមុខនេះ ប្រទេសជប៉ុននឹងបញ្ជូនទាហានជាលើកដំបូងចំនួន ៤០នាក់ ទៅចូលរួមក្នុងសមយុទ្ធយោធាមួយ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី។ ក្រុងតូក្យូ បានស្នើផ្តល់ជំនួយការពារជាតិដាច់ដោយឡែកពីគ្នា ទៅឲ្យប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។ កោះតៃវ៉ាន់ ប្រទេសចិន ប៊្រុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន បានទាមទារយកផ្នែកណាមួយនៃសមុទ្រចិនខាងត្បូង ឬទាមទារយកសមុទ្រនោះទាំងស្រុង។
ការផ្តួចផ្តើមរបស់កោះតៃវ៉ាន់ បានសើ្នឲ្យមានការបង្កើតប្រព័ន្ធមួយដែលអាចឲ្យប្រទេសផ្សេងៗទៀតអាចប្រើប្រាស់ដែនសមុទ្រនេះបាន សម្រាប់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះក្នុងមហន្តរាយ និងការការពារបរិស្ថាន។ នៅក្នុងឆ្នាំ២០១២ លោក Ma បានស្នើឲ្យមានការផ្តួចផ្តើមសន្តិភាពមួយសម្រាប់ការដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងកើត ដែលរដ្ឋាភិបាលកោះតៃវ៉ាន់ ក៏ដូចជាចិននិងជប៉ុនបានទាមទារយកផ្នែកខ្លះតែរៀងៗខ្លួន។
លោកស្រី Joanna Lei នាយិកាប្រតិបត្តិនៃក្រុមអ្នកវិភាគផ្តល់គំនិត Chunghua 21st Century ដែលមានមូលដ្ឋានក្នុងកោះតៃវ៉ាន់និយាយថា ការផ្តួចផ្តើមសន្តិភាពរបស់លោក Ma អាចជាការរំលឹកអំពីការទាមទាររបស់កោះតៃវ៉ាន់។
«នេះជារឿងតូចបំផុតដែលលោកប្រធានាធិបតីអាចធ្វើបាន ឬគួរតែធ្វើ។ បើសិនជាមនុស្សគ្រប់គ្នានាំគ្នាពិភាក្សាអំពីបញ្ហានិងផលប្រយោជន៍ផ្សេងៗក្នុងតំបន់នោះ យ៉ាងហោចណាស់អ្នកគួរតែបញ្ចេញឲ្យដឹងអំពីការទាមទាររបស់អ្នក។ អ្នកគួរតែមានការទាមទារក្នុងកម្រិតស្មើគ្នា ក្នុងនាមជាប្រទេសមួយដែលស្ថិតនៅក្នុងទឹកដីតែមួយ ហើយគួរតែត្រូវបានគេសុំការប្រឹក្សាយោបល់»។
សេចក្តីប្រកាសកាលពីថ្ងៃអង្គារនេះ ក៏បានអនុញ្ញាតឲ្យគណបក្សជាតិនិយមរបស់លោក Ma អាចដំឡើងអំនួតអំពីគោលនយោបាយការបរទេសរបស់ខ្លួន នៅមុនពេលការបោះឆ្នោតដែលមានការប្រកួតដ៏តឹងតែងមួយ នៅក្នុងខែមករាខាងមុខនេះ។
ក៏ប៉ុន្តែ ការផ្តួចផ្តើមសន្តិភាពទំនងជាមិនអាចប្រមែប្រមូលការឆ្លើយតបបានទេ នៅក្រៅកោះតៃវ៉ាន់ ខណៈដែលរដ្ឋាភិបាលមិនមានចំណងទាក់ទងការទូតជាផ្លូវការជាមួយប្រទេសដទៃទៀតដែលទាមទារដែនទឹកនេះដែរ។ ប្រទេសចិនបានទាមទារយកអធិបតេយ្យភាពលើកោះតៃវ៉ាន់នេះផ្ទាល់ដែរ ហើយបានប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសុំកុំឲ្យប្រទេសផ្សេងទៀត មានទំនាក់ទំនងណាមួយដែលអាចទទួលស្គាល់ កោះ តៃវ៉ាន់ ជាប្រទេសដាច់ដោយឡែកមួយបាន៕
ប្រែសម្រួលដោយ នៀម ឆេង